លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរដែល
មានទីតាំងនៅសហរដ្ឋអាមេរិក
លោក កាន់ វិរៈ ប្រធានគណបក្សអំណាចប្រជាពលរដ្ឋ
បានបដិសេធថា គណបក្សរបស់លោក មិនមានការពាក់អ្វី ជាមួយនឹងលោក សួន
សេរីរដ្ឋា មេដឹកនាំចលនាអំណាចពលរដ្ឋខ្មែរ ដែលរងការចោទប្រកាន់ថា
ជាក្រុមភេរវកម្ម ក្នុងការបង្កើត កងកម្លាំង ប្រដាប់អាវុធ
ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នោះទេ។
ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីលោក សួន សេរីរដ្ឋា
គ្រោងនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ នៅក្រោយចូលឆ្នាំខ្មែរ
ដើម្បីស្នើសុំបង្កើត គណបក្សអំណាចពលរដ្ឋខ្មែរ ក្នុងគោលបំណង
ដើម្បីការពារសកម្មជន និងអ្នកគាំទ្រចលនាអំណាចពលរដ្ឋខ្មែរ
នៅក្នុងប្រទេសកម្ពុជា ឲ្យរួចផុតពីការចោទប្រកាន់ និងលាបពណ៌ ថា
ជាក្រុមភេរវកម្ម។
លោកបានបញ្ជាក់ថាកន្លងមក លោកសួន សេរីរដ្ឋា ដែលកំពុងតែរស់នៅសហរដ្ឋអាមេរិក និងដែលកំពុងមានដីកាតាមចាប់ខ្លួន ពីរាជរដ្ឋាភិបាល តែងតែប្រើឈ្មោះនេះ ដោយដាក់បន្ថែមពាក្យ ចលនាពីមុខ និងថែមពាក្យខ្មែរពីក្រោយ (ចលនាអំណាចពលរដ្ឋខ្មែរ) ហើយធ្វើសកម្មភាពផ្សេងៗ នៅក្រៅប្រទេស។ ការប៉ុនប៉ងបង្កើតគណបក្សនេះ គឺគណបក្សអំណាចពលរដ្ឋ ដោយគ្រាន់តែបន្ថែមពាក្យ (ខ្មែរ) មានន័យថា (គណបក្សអំណាចពលរដ្ឋខ្មែរ)។
ជំពូក២ មាត្រា១១ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ចំណុច ២ ចែងថា ឈ្មោះគណបក្សនយោបាយ ដែលទើបតែបង្កើតថ្មី មិនត្រូវធ្វើឡើង ដោយគ្រាន់តែកែសម្រួលបន្តិចបន្តួច នៅលើឈ្មោះ គណបក្សនយោបាយនានា។
ជាមួយគ្នានោះ លោក កាន់ វិរៈ ក៏បានប្រកាសថា គណបក្សអំណាចប្រជាពលរដ្ឋ ពុំមានពាក់ព័ន្ធអ្វី ជាមួយនឹងចលលនាអំណាចពលរដ្ឋខ្មែរ របស់លោកសួន សេរីរដ្ឋា ដែលមានទីតាំង នៅសហរដ្ឋអាមេរិក នោះឡើយ។
ជាការឆ្លើយតប លោកសួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានប្រាប់ពីសហរដ្ឋអាមេរិកមកថា គណបក្ស របស់លោក កាន់ វិរៈ គឺគណបក្សអំណាចប្រជាពលរដ្ឋ People Power Party (PPP) មែនទេ? ចំណែកខាងលោក គឺគណបក្សអំណាចពលរដ្ឋខ្មែរ គឺ Khmer People Power Party (KPPP) ហើយសញ្ញា ក៏ខុសគ្នាដែរ? លោកកាន់ វិរៈ ចេះច្បាប់ដែរទេ?។ ហើយកាន់តែខុសគ្នាថែមទៀត ពីព្រោះ មានពាក្យ ” ប្រជា ” ថែមទៀត។ ខាងលោកឥតមានពាក្យ ” ប្រជា ” ទេ ហើយមានពាក្យ ” ខ្មែរ ” ដែលខុសគ្នាទាំងស្រុង។
លោកបានបញ្ជាក់ថា “ហេតុអី ក៏រអើលខ្លួន បើខ្ញុំមិនដែលទាក់ទង ជាមួយបុគ្គល (កាន់ វិរៈ) នេះផង? យើងមិនបានដណ្តើមយក ឈ្មោះបក្សរបស់លោក កាន់ វីរៈ នោះទេ។ តែយើងក៏មិនបានយកឈ្មោះរបស់ អ្នកណាដែរ គឺឈ្មោះរបស់យើង សញ្ញារបស់យើង ថ្មីទាំងអស់។ ខ្ញុំមិនដឹងថា តើនាយកដ្ឋាននយោបាយ របស់ក្រសួងមហាផ្ទៃ អនុញ្ញាតអោយ គណបក្សបក្ស ដែលគ្មានសកម្មភាពនោះ រក្សាឈ្មោះទុកប៉ុន្មានឆ្នាំទេ”៕
No comments:
Post a Comment
yes