មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ជំនួបចរចាកំពូលរវាងគណបក្សជាប់ឆ្នោតទាំងពីរ អាចនឹងកើតមានឡើងនៅចុងខែមេសានេះ បន្ទាប់ពីថា្នក់ដឹកនាំកំពូលគណបក្សនេះបញ្ចប់បេសកកម្មនៅក្រៅប្រទេស។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ជំនួបចរចាកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវបានពន្យារពេលទៅក្រោយចូលឆ្នាំខ្មែរ ឬចុងខែមេសានេះ ដោយហេតុថា លោក សម រង្ស៊ី ប្រធានគណបក្សនេះ គ្រោងនឹងចេញទៅ សហគមន៍អឺរ៉ុប នៅថ្ងៃអាទិត្យនេះ ដើម្បីបំពេញការងារការទូតរយៈពេល ២សប្តាហ៍ ចំណែកអនុប្រធានបក្ស លោក កឹម សុខា កំពុងជាប់បេសកកម្មក្រៅប្រទេស ហើយគ្រោងត្រលប់មកកម្ពុជាវិញក្រោយចូលឆ្នាំខ្មែររួច។
ក្នុងន័យនេះ លោកបន្តថា ជំនួបកំពូល គឺមិនអាចទៅរួចឡើយ បើមិនមានវត្តមានរបស់មេដឹកនាំគណបក្សកំពូលទាំងពីររូបនេះ ដើម្បីជជែកផ្លាស់ប្តូរយោបល់គ្នានោះ។ ប៉ុន្តែ លោកថា សម្រាប់ជំនួបតាមរយៈទូរស័ព្ទ ដើម្បីបង្កទំនាក់ទំនងខិតចូលគ្នា រវាងថ្នាក់ដឹកនាំបក្សទាំងពីរវិញ គឺអាស្រ័យលើឆន្ទៈរបស់មេដឹកនាំទាំងពីរ «ទាល់យើងនៅក្នុងប្រទេស ទើបយើងអាចជជែកគ្នាបាន ប៉ុន្តែក្នុងករណីថ្នាក់ដឹកនាំ ជាន់ខ្ពស់អវត្តមានហើយ ទៅម៉េចរួច អ្នកណាទៅធ្វើសេចក្តីសម្រេចអីបាន បើមេដឹកនាំជាន់ខ្ពស់ទាំងពីរ បើលោកមានបំណងទាំងពីរសងខាងចង់ ដោះស្រាយបញ្ចប់ឲ្យបានឆាប់។ ធម្មតាច្រកសម្រាប់ជជែកគ្នាក្រៅផ្លូវការនោះ វាអត់មានអ្វីបិទបាំងទេ អត់មានអ្វីហាមឃាត់ទេ ម្នាក់ៗអាចជជែកគ្នា អាចហៅទូរស័ព្ទទៅរកគ្នាបាន»។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា លោកបានពិភាក្សាត្រូវរ៉ូវគ្នាជាមួយ លោក សម រង្ស៊ី ត្រង់ចំណុចថា ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិ ធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៨។ ប៉ុន្តែ លោក សម រង្ស៊ី ចាត់ទុកការរំកិលនេះតិចតួចពេក ហើយទាមទារឲ្យមានការពិភាក្សាជាមួយអនុប្រធានបក្ស លោក កឹម សុខា ជាមុនសិន។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ឲ្យដឹងថា គណបក្សនេះ នៅតែបើកចំហរសម្រាប់កិច្ចចរចា និងជំរុញឲ្យបេក្ខភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង៥៥នាក់ ចូលសភា ដើម្បីជជែកគ្នា។ លោកថា គណបក្សប្រជាជនកម្ពុជា គោរពតាមរដ្ឋធម្មនុញ្ញ គឺមិនអាចធ្វើតាមគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យមានការបោះឆ្នោតមុនអាណត្តិ យ៉ាងតិចរយៈពេលមួយឆ្នាំបានឡើយ «ប្រការដែលសំខាន់ ការចរចាត្រូវមានការសម្បទានខ្លះ ប៉ុន្តែក៏ត្រូវឈរលើមូលដ្ឋានច្បាប់ ឲ្យបានយ៉ាងតិចគឺថា ៩០% យើងមិនអាចយកអ្វីដែលខុសច្បាប់មកធ្វើមូលដ្ឋាន សម្រាប់អនុវត្តបានទេ»។
ក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទ រយៈពេល ៤៤នាទី រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបកសង្គ្រោះជាតិ កាលពីថ្ងៃពុធ បានផ្តោតទៅលើទី១ ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសិន តែលោកហ៊ុន សែន តបវិញថា លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។
លោក ហ៊ុន សែន ក៏បានស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក» ។ លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ី ទេ គឺកំហុសរបស់លោក កឹម សុខា៕
No comments:
Post a Comment
yes