ក្រុមអ្នកប្រឆាំងការធ្វើរដ្ឋប្រហារ ត្រូវបានយោធាចាប់បំបែកចេញពីកន្លែងជួបប្រជុំ (រូបថតពី AFP)
បាតុកររាប់ពាន់នាក់ប្រមូលផ្តុំនៅទីក្រុងបាងកក ទាំងមុននិងក្រោយការធ្វើរដ្ឋប្រហាររបស់យោធា កាលពីថ្ងៃទី២២ខែឧសភាមក។ ករណីនាំឲ្យមានការបែកបាក់នៅក្នុងសង្គមថៃ កាន់តែមានភាពតានតឹងដល់កម្រិតខ្ពស់។
ឧត្តមសេនីយ៍ឯក Apirat Kongsompong ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា សិទ្ធិសេរីភាពនៃការប្រមូលផ្តុំនឹងផ្តល់ឲ្យប្រជាពលរដ្ឋនៅពេលក្រោយ តែលោកថា នៅពេលនេះ ប្រសិនបើបាតុករនៅតែបន្តប្រមូលផ្តុំតវ៉ានោះ យោធានឹងចាត់វិធានការទប់ស្កាត់។
រដ្ឋាភិបាលយោធាប្រកាសទុកពេលឲ្យ បាតុករដែលកំពុងប្រមូលផ្តុំ១ឬ២ថ្ងៃទៀតហើយ បើពួកគេនៅតែមានការប្រមូលផ្តុំនៅតាមផ្លូវទៀតលើសពីការកំណត់នេះ អាចនឹងត្រូវចាប់ ដាក់ពន្ធនាគារ២ឆ្នាំ។
យោធាថៃដែលដឹកនាំដោយអគ្គមេបញ្ជាយោធាលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើរដ្ឋប្រហារនៅថ្ងៃទី២២ខែឧសភា ក្រោមហេតុផលដើម្បីស្តារស្ថានភាពនយោបាយឡើងវិញបន្ទាប់ពីសង្គមថៃ ជ្រួលច្របល់ជាង៦ខែមកនេះ។ ក្រោយការធ្វើរដ្ឋប្រហារមេដឹកនាំគណបក្សប្រឆាំង និងមេដឹកនាំគណបក្សកាន់អំណាចក្នុងនោះ រួមទាំងលោកស្រី យីងឡាក់ និងលោក អាប់ ភីស៊ីតផង ត្រូវបានឃាត់ខ្លួនមួយរយៈពេលផងដែរ៕
No comments:
Post a Comment
yes