សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 28, 2014

លោកស៊ូ​ប៊ែរ​ឌីស្នើ​រដ្ឋាភិបាល​កម្ពុជារដ្ឋសភានិង​ព្រឹទ្ធសភាពិនិត្យឡើងវិញ​សេចក្តីព្រាងច្បាប់​លើ​ប្រព័ន្ធ​តុលាការ​​

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​ផ្នែក​
សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែរ​ឌី (Surya P. Subedi)

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែរ​ឌី (Surya P. Subedi)  ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រដ្ឋសភា និង​ព្រឹទ្ធសភា ពិនិត្យ​ឡើងវិញ​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៣ ទាក់ទង​នឹង​ប្រព័ន្ធតុលាការ ដើម្បី​ធានា​ថា​ច្បាប់​នេះ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។​
​សេចក្តីព្រាងច្បាប់​ចំនួន​បី ដែល​ថ្មីៗ​នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា រួម​មាន​សេចក្តី​ព្រាង​ស្តីពី​ការរៀបចំ​អង្គ​តុលា​ការ សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការសហប្រជាជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​២៧​ខែ​ឧសភា ឲ្យដឹងថា កង្វះ​ដំណើរការ​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់​ទាំងបី បានបង្ហាញ​ការព្រួយបារម្ភ​សម្រាប់​អង្គនីតិបញ្ញតិ​ទៅ​ថ្ងៃ​អនាគត​។ លោក​បន្ត​ថា កំណែទម្រង់​ប្រព័ន្ធ​តុលាការ ជា​ចំណុច​សំខាន់​នៃ​អនុសាសន៍ ដែល​ត្រូវបាន​ដាក់​ក្នុង​របាយការណ៍​កាលពី​ឆ្នាំ​២០​១០​។​លោក​បញ្ជាក់ថា​«​ខ្ញុំ​សោកស្តាយ បើ​ទោះ​ជា​ការប្តេជ្ញា និង​ការអំពាវនាវ​ជា​បន្តបន្ទាប់​សម្រាប់​ការពិភាក្សា​ជា​សាធារ​ណៈ​ពី​សង្គម​ស៊ីវិល តែ​រដ្ឋាភិបាល​ស្នើ​ឲ្យ​អនុម័ត​។ ការអនុម័ត​លឿន មិន​គួរតែ​កើតឡើង បើ​គិត​ពី​គោលការណ៍​សំខាន់ៗ​នៃ​ដំណើរការ​បង្កើត​ច្បប់ រួម​មាន​តម្លាភាព គណនេយ្យភាព និង​ការចូលរួម​»​។​
​លោក ស៊ូ​ប៊ែរ​ឌី បន្តថា ពីមុន​លោក​បាន​ផ្តល់​អនុសាសន៍​ថា ច្បាប់​នេះ​ត្រូវតែ​ហាមឃាត់​ឲ្យ​ច្បាស់លាស់​ថា ចៅក្រម និង​ព្រះរាជអាជ្ញា មិនអាច​ជា​សមាជិក​ស​កម្ម​នៃ​គណបក្ស​នយោបាយ​ណាមួយ​។ លោក​បារម្ភ​ថា ក្រសួង​យុត្តិធម៌ ត្រូវបាន​ផ្តល់ឱកាស ដើម្បី​គ្រប់គ្រង​អំណាច​ទៅ​លើ​ប្រព័ន្ធតុលាការ​។​
​លោក ស៊ូ​ប៊ែរ​ឌី បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា បើកទូលាយ​សម្រាប់​សាធារណជន និង​អ្នកជំនាញ​ត្រួតពិនិត្យ​សេចក្តី​ព្រាងច្បាប់​ទាំងបីនៅមុខ​គណៈ​រដ្ឋមន្ត្រី​តាម​ដែល​អាច​ធ្វើទៅបាន និង​អំពាវនាវ​ដល់​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ ពិចារណា​យ៉ាង​ដិតដល់​ពី​បញ្ញត្តិ​សិទ្ធមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​។​
​កន្លងទៅ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជំរុញ​ឲ្យមាន​ការអនុម័​ត​ច្បាប់​ស្តីពី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ ខណៈ​បក្សប្រឆាំង​នៅ​បន្ត​ធ្វើ​ពហិកា​ប្រជុំ​សភា​។​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ស្នើ​ឲ្យ​ព្រឹទ្ធសភា ពន្យារ​ពេល​អនុម័ត​សេចក្តីព្រាងច្បាប់​ទាំង​៣​នេះ និង​ស្នើ​ឲ្យមាន​ការពិគ្រោះ​យោបល់​ជា​មួយ​សាធារណៈ​ជន​សង្គម​ស៊ីវិល​នានា ដើម្បី​ធានា​ថា​ច្បាប់​ទាំងនេះ​អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​។​

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) បាន​ផ្សព្វផ្សាយ​នូវ​ការវិភាគ​លើ​សេចក្តីព្រាងច្បាប់​លើ​ប្រព័ន្ធ​តុលាការ ដោយ​រិះគន់ថា សេចក្តីព្រាងច្បាប់​ទាំងនេះ ហាក់ដូចជា​តាក់តែង ដើម្បី​គ្រប់គ្រង​ទ្វេ​ដង​លើ​ស្ថាប័ន​តុលាការ និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​។​របាយការណ៍​វិភាគ​របស់​CCHR ឲ្យដឹងថា​សេចក្តីព្រាងច្បា​ប់ បាន​ផ្តល់​អំណាច​ឲ្យ​ក្រសួង​យុត្តិ​ធម៌ ជា​អ្នកចាត់ចែង​លើ​ថវិកា​របស់​សាលាជម្រះក្តី​ទាំងអស់ ដែល​ករណី​នេះ មិន​អាច​ធានាបាន​នូវ​ឯករាជ្យភាព​របស់​តុលា​ការ​បាន​ទេ​។ 
​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​សង្គម​ស៊ីវិល​មួយចំនួន ដែល​ទាមទារ​ការត្រួតពិនិត្យ​សេចក្តី​ព្រាង​ច្បាប់ របស់​រាជរដ្ឋាភិបាល ដោយ​លោក​ចាត់ទុកថា នេះ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​មិនមែន​ជា​កិច្ចការ​របស់​ខ្លួន​។ លោក​នាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​ស្តាប់​ច្រើន​ហើយ​ពី​ប្រជាពលរដ្ឋ ហើយ​បញ្ញត្តិ​ច្បាប់ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​មាន​ការអនុញ្ញាត​ឲ្យ​គណៈរ​ដ្ឋ​មន្ត្រី ប្រគល់​សេចក្តីព្រាងច្បាប់​ទៅ​នរណា​ម្នាក់ គឺមាន​តែ​អ្នក​ព្រាង​ច្បាប់ បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី និង​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត​។ លោក​បញ្ជាក់ថា គណៈរដ្ឋមន្ត្រី មិន​មាន​កន្លែង​ទៅ​សុំ​យោបល់​សង្គម​ស៊ីវិល ហើយ​សង្គម​ស៊ីវិល កុំអាល​ទាមទារ​សិទ្ធិ​ហួសពេល និង​សុំឲ្យ​មាន​ការអៀនខ្មាស និង​កុំ​ទាមទារ​កិច្ចការ​របស់​គេ​មក​ធ្វើ​៕

No comments:

Post a Comment

yes