សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) នៅថ្ងៃព្រហស្បតិ៍នេះ
ស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ
ចាត់វិធានការករណីថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តតាកែវ
បានកេងបន្លំស៊ីដាច់ថវិកា រដ្ឋចំនួន១២០លានរៀល។
លិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
ដែលផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំ ចុះថ្ងៃទី២២ ខែឧសភា
នេះឲ្យដឹងថា នៅក្នុងលិខិតរបស់តំណាងគ្រូបង្រៀនបានលើកឡើង
អំពីមន្ត្រីអធិការមធ្យមជាប្រធាន និងអនុប្រធានការិយាល័យ
ដែលទទួលបានប្រាក់បំណាច់មុខងារ
ស្មើនឹងមន្ត្រីគ្រប់គ្រងរដ្ឋបាលជាមធ្យម ៨៦០០០រៀលក្នុងមួយខែ
ហើយមន្ត្រីអធិការមធ្យម ទទួលបានប្រាក់បំណាច់ក្នុងម្នាក់ៗ ជាមធ្យម
ចំនួន២០ម៉ឺនរៀលក្នុងមួយខែលើសប្រាក់បំណាច់មុខងារមន្ត្រី
គ្រប់គ្រងរដ្ឋបាល។
លិខិតបន្តថា ដោយសារថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តតាមកែវ
ត្រូវរ៉ូវជាមួយសាមីខ្លួន មិនបានកាត់ថវិកា ដែលលើសបង្វិលចូលរដ្ឋ
គឺម្នាក់ៗកេងប្រវ័ញ្ច (ពុករលួយ) ប្រមាណចំនួន២៤លានរៀល
និងបាត់ដោយអំពើពុករលួយ សរុបទាំងអស់ប្រមាណចំនួន១២០លានរៀល។
ប៉ុន្តែប្រធានមន្ទីអប់រំខេត្តតាកែវ លោក ស៊ីវ សុខន
បដិសេធចំពោះការចោទប្រកាន់ ដោយលោកលើកឡើងថា
រឿងនេះបានកើតឡើងតាមរយៈការចោទប្រកាន់យូរហើយ
ហើយក្រសួងអប់រំក៏បានចុះទៅដោះស្រាយផងដែរ «រឿងហ្នឹងវាយូរណាស់ហើយ
មកអោបក្រសោបអីទៀត គេដោះស្រាយអស់ហើយ
តាំងពីថ្នាក់ដឹកនាំក្រសួងគាត់ដឹងឮគេចុះផ្សាយដដែលៗ
ពួកផ្ទៃក្នុងដែលវារាយការណ៍ទៅ អត់មានបញ្ហាអ្វីចេះកើតឡើងអ៊ីចឹងទេ
ព្រោះមានសុទ្ធតែលុយ សុទ្ធតែមានជំពូក
សុទ្ធតែមានខ្ទង់គណនេយ្យរបស់គេត្រឹមត្រូវ ចាយវាយកិបកេងម៉េចនឹងកើត។»
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា
បើទោះបីជារឿងនោះ ចាស់ក្តីតែមានលោកគ្រូ-អ្នកគ្រូ
បានដាក់ពាក្យប្តឹងមកលោក ព្រោះតែបញ្ហានៅតែកើតមានដដែលៗ «តាមការពិតរឿងពិត
អត់មានថ្មីទេ ប្រសិនជាមន្ទីរអប់រំបានប្រព្រឹត្ត
ហើយមិនទាន់បានដោះស្រាយរឿងហ្នឹង វានៅតែត្រូវតែវែកមុខរកជនពុករលួយ
ពីព្រោះគាត់ទទួលស្គាល់ថារឿងចាស់ មានន័យថា គាត់បានប្រព្រឹត្តហើយ
ដូច្នេះហើយក្រសួងត្រូវតែមានវិធានការជុំវិញបញ្ហាទាំងអស់នេះ។»
VOD មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានទេ៕
No comments:
Post a Comment
yes