ដោយ៖វីរជន
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តី បានប្រើពាក្យសម្តី តាមទំព័រ Facebook របស់លោកផ្ទាល់ កាលពីរំលងអាធ្រាត ឈានចូលថ្ងៃទី១២ វិច្ឆកា ២០១៥ និងនៅរសៀលថ្ងៃដដែល តាមរយៈ Video Clip ទៅកាន់ លោកប្រធាន សមរ ង្សី ថាជា«កូនអាក្បត់ជាតិ»។
ដែលសំដី លោក ហ៊ុន សែន នេះ គឺបានបង្ហាញជាការសងសឹក ប្រតិកម្មតបត ចំពោះលោកប្រធាន សម រង្សី បានហៅការដឹកនាំរបស់ខ្លួនថា «ផ្តាច់ការ»។ ហើយការឆ្លើយប្រតិកម្មរបស់លោក ហ៊ុន សែន ដូចនេះ ធ្វើអោយគេនឹកឃើញថា លោក ហ៊ុន សែន ទៅវិញទេ ដែលនិយាយខុសការពិត ម៉ាក់ងាយ ដោយប្រើសំដីអសីលធម៌ និងមិនទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំ ហើយជាការប្រមាទធ្ងន់ធ្ងរទៅលើព្រះរាជសារ របស់ព្រះបរមរដ្ឋនៈកោដ្ឋ កាលពីឆ្នាំ១៩៩៤ និងឆ្នាំ២០០៣ ដែលព្រះរាជសារ ជាសាធារណះ ព្រះអង្គមានព្រះរាជបន្ទួលថា« លោក សម សារី ជាវីរៈបុរសអ្នកស្នេហាជាតិពិតៗ មិនមែនជាជនក្បត់ជាតិទេ»។
លោក សម សារី គឺជាឥស្សរៈជនមួយរួបដ៏សំខាន់ តំណាងអោយព្រះនរោត្តម សីហនុ ក្នុងឋានះប្រធានប្រតិភូចចារទាមទារឯករាជ្យភាពពីបារាំងសេស នាអំឡុងកាលនោះទទួលឯករាជ្យពេញលេញ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ រហូតមកទល់បច្ចុប្បន្ននេះ មានរយះពេល៦២ឆ្នាំហើយ ។
លោក សម សារី ពិតជាអ្នកស្នេហាជាតិ ដ៏ធំធេង និងបរិសុទ្ធ ស្មោះស្ម័គ្រ ចំពោះព្រះរាជបល្ល័ង្ក និងនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ ។
ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបរបស់ វីរបុរស សម សារី ៖
លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំណោមកូនទាំងអស់៧នាក់ ។
ពេលរៀនចប់បឋមសិក្សា លោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់ មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា ។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អ៊ិន អេម ជាស្ត្រីខ្មែរទី១ ដែលទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រ នៅឥណ្ឌូចិន បារាំងសេស នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់ រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ១៩៤០, អេម្ម៉ារ៉ាន កើតនៅឆ្នាំ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩ ។
ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួលអាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សា ដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការ ជាសុភាចារ្យបុរស កម្មសិក្សាការី នៅឆ្នាំ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ។
នៅឆ្នាំ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេនគរបាលនយោបាយ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជាបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោក សម សារី បានឡើងធ្វើជាស្នងការប៉ូលិសនៅភ្នំពេញ ។
នៅឆ្នាំ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេសហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្តទាក់ទងបារាំងជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណី រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធារណៈ នៅវិទ្យាស្ថាននយោបាយ ក្រុងប៉ារីស និងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិ នៃប្រទេសបារាំង ។
លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះ ព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់ មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នកខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះអង្គ ក្នុងរាជបូជនីយកិច្ចទាមទារឯករាជ្យ” ។
លោក សម សារី គឺជាបញ្ញវន្តម្នាក់ ដែលអាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅអាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ ។
បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រាផ្នែកប្រវត្តិសាស្ត្រ បានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេង នៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំង ជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ ។
ដល់ថ្ងៃទី០២ មីនា ឆ្នាំ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយម ដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយម ដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រី កិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ ។
បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោលជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំ មកនូវជោគជ័យដ៏ធំធេង ជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន សម រង្ស៊ី បាន បន្តបេសកកម្មពីឪពុក ក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នកស្នេហាជាតិ ប្រកបដោយឧត្តមគតិដ៏មានតម្លៃ និងគួរឲ្យគោរពជាទីបំផុត ។
ទាំងនេះសបញ្ជាក់អោយឃើញថា លោក សម សារី ជាវីរបុរសស្នេហាជាតិ មាតុភូមិ មិនមែនជា ជនក្បត់ជាតិ ដូចការលើកឡើងរបស់មនុស្សមួយចំនួន ឬមេដឹកនាំមួយក្រុមរបស់កម្ពុជាឡើយ ដើប្បីជាការទំលាក់កំខុស និងគេងចំណេញនយោបាយនោះ ។
ដើម្បីកាន់តែជ្រាបច្បាស់បន្ថែមទៀត ថាលោក សម សារី គឺពិតជាវីរបុរស ស្នេហាជាតិ ការពារព្រះរាជបល្គ័ង្កយ៉ាងពិតប្រាកកដនោះ បើយោងតាម ព្រះរាជលិខិតកែតម្រូវពីរលើក ដែលសម្តេចព្រះនរោត្តម សីហនុ បានសរសេរទៅ កូនប្រុសច្បងរបស់លោក សម សារី ដើម្បីបញ្ជាក់ពីទឹកព្រះទ័យរបស់ទ្រង់ ទ្រង់បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយក៏បានទទួលស្គាល់ពីសមត្ថភាពរបស់លោក សម សារី ផងដែរ ។
ក្នុងព្រះលិខិតចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៣ សម្តេចព្រះនរោត្តម សីហនុ ទ្រង់បានមានព្រះបន្ទូលថា៖ ខ្ញុំមានករណីកិច្ចនិយាយថា រឿងនេះត្រឹមត្រូវតាមការពិត នៃប្រវត្តិសាស្រ្ត ទាំងខ្លួនខ្ញុំ ទាំងរដ្ឋាភិបាល សង្គមរាស្រ្តនិយម នៅពេលនោះ មិនដែលបានចោទប្រកាន់ឯកឧត្តម សម សារី ថាបានប៉ុនប៉ងធ្ចើការ «ប៉ះពារ»អីមកលើខ្ញុំឬក៏ «បានបង្ខំឲ្យ ឯកឧត្តម សម សារី រត់ចាកចេញ ពីប្រទេស»នោះទេ។
ដោយព្រះអង្គបានបញ្ជាក់ថា កាលនោះ វាមានរឿងមិនសូវចុះសម្រុងគ្នាមួយរវាង ឯកឧត្តម សម សារី និងខ្ញុំ ស្តីពី ឧប្បត្តិហេតុ មួយដែលបានកើតឡើង នៅរាជស្ថានទូតប្រទេសកម្ពុជា ប្រចាំទីក្រុងឡុងដ៍ គឺជាឧប្បត្តិហេតុ ដែលគ្មានលក្ខណៈនយោបាយអ្វីទេ ប៉ុន្តែ កាសែត និងទស្សនាវដ្តី អង់គ្លេសខ្លះ បានចម្រាញ់យកមកធ្វើជារឿង «អាស្រូវ» មួយ ។
សម្តេចព្រះនរោត្តម សីហុន មានព្រះរាជបន្ទូលថា ក្រោយពីឧប្បត្តិហេតុនោះ ខ្ញុំបានហៅឲ្យឯកឧត្តម សម សារី ដែលកាលនោះ ជាឯកអគ្គរាជទូតវិលមកភ្នំពេញវិញ ។ នៅពេលក្រោយមកទៀត ការដែលឯកឧត្តម សម សារី សម្រេចចាកចេញពីប្រទេសកម្ពុជា គឺជាសិទ្ធិរបស់លោកតែ ប៉ុណ្ណោះ។
ដោយទ្រង់បន្ថែមទៀតថា ប៉ុន្តែខ្ញុំយល់ស្របទាំងស្រុងនឹងលោក រួម រឹត ដែលឥឡូវនេះ បានផ្តល់យុត្តិធម៌ ទៅឲ្យឯកឧត្តម សម សារី យ៉ាងពេញលេញគឺ «ជាអ្នកស្នេហាជាតិ មួយរូបដ៏ធំនិងដ៏បរិសុទ្ធ ដែលបានធ្វើការបម្រើជាតិ មាតុភូមិ ប្រកបទៅដោយមោទនភាព ជាមួយខ្ញុំនៅសម័យកាលដ៏សំខាន់ នៃជំនាន់រាជទី១ របស់ខ្ញុំ និងពេលដែលសង្គមរាស្រ្តនិយម បានចាប់ដំណើរការ»។
សម្រាប់នៅក្នុងព្រះលិខិត ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៣ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរដ្ឋនៈកោដ្ឋ មានព្រះបន្ទូលថា៖ តួនាទីដ៏សំខាន់ ដែលឯកឧត្តម សម សារី បានបំពេញ នៅក្នុង ក្របខណ្ឌ នៃរាជបូជនីយកិច្ច ដើម្បីឯករាជ្យបរិបូរណ៍ (១៩៥២-១៩៥៣) នៅក្នុងក្របខណ្ឌនៃសន្និសិទ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ (ប្រទេសកម្ពុជាបានគេចផុតពីការបែងចែកទឹកដី) និងនៅក្នុងក្របខណ្ឌ នៃការចាប់ផ្តើមដំណើការ នៃសង្គមរាស្រ្តនិយម (ការស្ថាបនា ការដាក់គោលការណ៍ឧត្តមគិត កម្មវិធីនយោបាយ សកម្មភាព ក្នុងការយកប្រជារាស្រ្តជាធំ) ។
សម្តេចព្រះនរោត្តម សីហនុ មានព្រះរាជបន្ទូលទៀតថា ការបញ្ចប់សេចក្តីរបស់ខ្ញុំ គឺខ្ញុំពុំដែលទ្រាំទ្រ នឹងអំពើអយុត្តិធម៌ណាមួយបានទេ ទោះតាមរូបភាពណាក្តី ។ ខ្ញុំត្រូវផ្តល់យុត្តិធម៌ដល់ឯកឧត្តម សម សារី ចំពោះអ្វីដែលលោកបានធ្វើដើម្បីមាតុភូមិរបស់យើង និងសង្គមរាស្រ្តនិយម នៅក្នុងរយៈកាលប្រវត្តិសាស្រ្ត នៃទំនាក់ទំនង ឧបតោភាគី»។
ដូច្នេះយោងតាម ខ្លឹមសារ ដែលព្រះលិខិតសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ ទ្រង់បានបញ្ចាក់ គឺរឹតតែបញ្ជាក់ថា លោក សម សារី មិនត្រឹមតែមិនមែនជាជនក្បត់ជាតិប៉ុណ្ណោះទេ តែលោកមានគុណសម្បត្តិយ៉ាងធំធេងសម្រាប់ជាតិ ក្នុងបេសកកម្មបង្រួបបង្រួមទឹកដី និងរៀបចំផែនការណ៍នយោបាយយុទ្ធសាស្រ្ត ដឹកនាំសម្រាប់សង្គមរាស្រ្តនិយមទៀតផង ក្នុងដំណើរដឹកនាំនាវាកម្ពុជា ឆ្ពស់ទៅរកការរីកចំរើន មិនដូចពាក្យពោលឥតការ របស់អ្នកនយោបាយមួយចំនួន ថ្លែងផ្ទុយប្រវត្តិសាស្រ្ត និងការពិត ដើម្បីបំរើតែនយោបាយ និងសម្រាប់ប្រយោជន៏របស់ខ្លួនតែប៉ុណ្ណោះនោះ ៕
No comments:
Post a Comment
yes