កម្ពុជាបញ្ជាក់ជំហរមិនចរចាទ្វេភាគីជាមួយថៃនៅញូវយ៉ក
ដោយ សុខ សេរី
ភាគីកម្ពុជា និងថៃ រួមទាំងប្រធានសមាគមអាស៊ាន គ្រោងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ នៅសប្ដាហ៍ក្រោយនេះ ប៉ុន្តែភាគីកម្ពុជា គ្មានចេតនាចង់បន្តការចរចាទ្វេភាគីទៀតទេនៅពេលនោះ ដោយសារតែកម្ពុជា គ្មានជំនឿលើភាគីថៃ។
ជាថ្មីម្ដងទៀត រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ត្រូវបានប្រភពអះអាងថា លោកគ្មានផែនការណាជួបចរចាទ្វេភាគីក្រៅផ្លូវការជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេសថៃ លោក កាស៊ីត ភិរម្យ (Kasit Piromya) នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅដើមសប្ដាហ៍ខាងមុខនេះទេ ពីព្រោះពាក្យបណ្ដឹងស្ដីពីសង្គ្រាមឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ បានដល់ដៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិហើយ។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា និងសេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានកោះហៅប្រជុំជា បន្ទាប់មួយ នៅថ្ងៃទី១៤ ខែកុម្ភៈ សប្ដាហ៍ខាងមុខនេះតាមសំណើរបស់កម្ពុជា។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែកុម្ភៈថា គ្មានការជួបចរចាទ្វេភាគីទៀតទេ ទោះបីជាផ្លូវការ ឬមិនផ្លូវការក៏ដោយ ជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ីត ភិរម្យ ក្រោយពីកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ខាងមុខនេះ។
លោក កុយ គួង បន្ថែមទៀតថា ៖ «កន្លងមកនេះគឺថា តាមសារព័ត៌មានខាងភាគីថៃមកថា លោក កាស៊ីត គ្រោងជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងនៅក្រោយកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែមកដល់ពេលនេះ ខ្ញុំសូមបញ្ជាក់ថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីមិនទាន់បានទទួលសំណើអ្វីពីលោក កាស៊ីត ភិរម្យ ទេ ហើយម្យ៉ាងវិញទៀត ប្រសិនមានសំណើនេះពិតប្រាកដមែនមកដល់លោកឧបនាយករដ្ឋមន្ត្រីនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងធ្វើការពិចារណាសិន។ បញ្ហាហ្នឹងកំពុងតែស្ថិតក្នុងដៃរបស់ក្រុមប្រឹក្សារបស់អង្គការសហ ប្រជាជាតិទៅហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៩ ខែកុម្ភៈថា ភាគីកម្ពុជា រួមទាំងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង គ្រោងចាកចេញពីប្រទេសកម្ពុជា នៅចុងសប្ដាហ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាបន្ទាន់ តាមការកោះហៅនោះ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ីត ភិរម្យ និងរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាទ្បេហ្គាវ៉ា (Marty Natalegawa) ជាប្រធាននៃសមាគមអាស៊ាន ត្រូវបានកោះហៅផងដែរ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ និងថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើពាក្យបណ្ដឹងជាផ្លូវការដោយទ្បែកពីគ្នាជូនប្រធាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីកោះហៅប្រជុំជាបន្ទាន់ ចំពោះអ្វីដែលកម្ពុជាចោទថា កងទ័ពថៃ បានឈ្លានពានកម្ពុជា និងប្រើអាវុធទំនើបៗបាញ់ចូលមកកម្ពុជា នៅតំបន់តាសឹម វាលឥន្រ្ទី និងភ្នំទ្រព្យ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅនេះ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានប្ដឹងទៅប្រធានអង្គការយូណេស្កូ (UNESCO) នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ អំពីកងទ័ពថៃ បានបាញ់មកលើប្រាសាទព្រះវិហារបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
អគ្គនាយករបស់អង្គការយូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បានឆ្លើយតបវិញថា លោកស្រីមានចេតនាបញ្ជូនបេសកជនទៅកាន់តំបន់ប្រាសាទព្រះវិហារឆាប់ៗ នេះ ដើម្បីវាយតម្លៃអំពីការខូចខាត។
កាសែតថៃឈ្មោះ បាងកក ប៉ុស្តិ៍ (Bangkok Post) ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ បានរាយការណ៍ថា ក្រសួងការបរទេសថៃ ជំទាស់ផែនការមកទស្សនកិច្ចរបស់មន្ត្រីយូណេស្កូ ខាងមុខនេះ ដោយសំអាងថា ស្ថានការណ៍នៅមិនទាន់មានស្ថិរភាពនៅទ្បើយ៕ប្រភពពីវិទ្យុអាស៊ីសេរី
No comments:
Post a Comment
yes