សភានឹងប្រជុំធ្វើវិសោធនកម្ម ច្បាប់ប្រឆាំង
ដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យរដ្ឋសភាធ្វើវិសោធនកម្ម ឬកែប្រែលើមាត្រាមួយចំនួននៃច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីឲ្យការអនុវត្តច្បាប់នោះមានប្រសិទ្ធភាព និងដើម្បីឲ្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយធ្វើសកម្មភាពបាន ងាយស្រួលជាងមុន។
ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌របស់រដ្ឋសភា លោក ប៉ែន បញ្ញា បានមានប្រសាសន៍នៅថ្ងៃទី២៤ ខែមីនា ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ សភាជាតិនឹងបើកសម័យប្រជុំ ហើយរបៀបវារៈមួយក្នុងចំណោមរបៀបវារៈផ្សេងៗទៀតនៅក្នុងសម័យប្រជុំ នោះ មានលើកឡើងអំពីការធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ ប្រឆាំងអំពើពុករលួយ។
មាត្រា៥៧ នៃច្បាប់ប្រឆាំងអំពើពុករលួយបានចែងថា បន្ទាប់ពីចូលជាធរមាននៃច្បាប់នេះ បទប្បញ្ញតិ្តផ្សេងដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់នេះ ត្រូវយកមកអនុវត្តភ្លាម។ បទប្បញ្ញត្តិដែលមានចែងនៅក្នុងជំពូកទី៦ នៃច្បាប់នេះ មានអនុភាពអនុវត្តក្នុងរយៈពេល ១២ខែ ក្រោយពេលដែលក្រមព្រហ្មទណ្ឌត្រូវបានអនុវត្តទាំងស្រុង។ ជំពូកទី៦ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយមាន ១៨មាត្រា រៀបរាប់អំពីបទល្មើសពុករលួយ និងទោស។
លោក ប៉ែន បញ្ញា បានមានប្រសាសន៍ឲ្យដឹងថា ដោយសារវាមានចន្លោះប្រហោងច្បាប់រវាងច្បាប់ព្រហ្មទណ្ឌអន្តរកាល ឬហៅថា ច្បាប់អ៊ុនតាក់ ជាមួយក្រមព្រហ្មទណ្ឌថ្មីដូច្នេះ គេត្រូវលុបចោលមាត្រា៥៧ នៃច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីឲ្យគេអាចអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំពេល ១២ខែក្រោយពេលក្រមព្រហ្មទណ្ឌត្រូវអនុវត្តទាំងស្រុងនោះឡើយ។
សូមជម្រាបថា ក្រមព្រហ្មទណ្ឌបានចូលជាធរមានអនុវត្តទាំងស្រុងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ។
នៅក្នុងសេចក្ដីថ្លែងហេតុនៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ផ្ញើជូនរដ្ឋសភាចុះថ្ងៃទី៣ ខែកុម្ភៈ បានពន្យល់ថា ដោយសារជំពូកទី៦នៃច្បាប់ប្រឆាំងអំពើពុករលួយដែលរង់ចាំរយៈពេល ១២ខែទើបមានអនុភាពអនុវត្តក្រោយពេលដែលក្រមព្រហ្មទណ្ឌត្រូវបាន អនុវត្តទាំងស្រុងនោះ បានបង្កើតឲ្យមានភាពចន្លោះប្រហោងច្បាប់ ដោយហេតុថា មាត្រា៦៧១ នៃក្រមព្រហ្មទណ្ឌបានចែងអំពីការបាត់អានុភាពនៃការអនុវត្តច្បាប់ ព្រហ្មទណ្ឌអន្តរកាលឆ្នាំ១៩៩២។ បច្ច័យនៃការរង់ចាំរយៈពេល ១២ខែ នាំឲ្យមានផលវិបាកយ៉ាងច្រើនក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។ រីឯការអប់រំប្រឆាំងអំពើពុករលួយ ក៏បានអនុវត្តយូរមកហើយដែរ ហេតុនេះទើបការប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ បានសម្រេចស្នើសុំធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ ប្រឆាំងអំពើពុករលួយ។
ចំពោះមាត្រា១៦ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានចែងជាអាទិថា ស្ថាប័នប្រឆាំងអំពើពុករលួយមានកញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើរការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ចំពោះគម្រោងសុំវិសោធនកម្ម គឺសុំឲ្យកញ្ចប់ថវិកាដោយឡែករបស់ស្ថាប័នប្រឆាំងអំពើពុករលួយស្ថិត នៅក្នុងកញ្ចប់ថវិកាជាតិវិញ។
ចំពោះគម្រោងធ្វើវិសោធនកម្មមាត្រា១០វិញ គឺរៀបចំឲ្យប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចុះហត្ថលេខា លើប្រកាសស្ដីពីការរៀបចំរចនាសម្ព័ន្ធរបស់អង្គភាពប្រឆាំងអំពើ ពុករលួយ ចាប់ពីថ្នាក់ក្រោមនាយកដ្ឋាន និងប្រកាសតែងតាំងមន្ត្រីក្របខ័ណ្ឌស្ថាប័នប្រឆាំងអំពើពុករលួយចាប់ ពីថ្នាក់ក្រោមប្រធាននាយកដ្ឋាន។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា លោកបានទទួលសេចក្ដីព្រាងវិសោធនកម្មមាត្រាមួយចំនួនរបស់ច្បាប់ ប្រឆាំងអំពើពុករលួយនេះដែរ។ លោកយល់ថា វិសោធនកម្មនេះមិនមានអ្វីប្លែកទេ ពីព្រោះដើម្បីឲ្យច្បាប់នេះអនុវត្តមានប្រសិទ្ធភាពបាន ទាល់តែកែប្រែមាត្រាមួយចំនួនទៀតផងដែរ ដូចជាបញ្ហាថា ទោះបីជាថវិកានៅក្នុងកញ្ចប់ថវិកាជាតិ ក៏ការកំណត់ចំនួនថវិកាឲ្យនោះនៅលើនាយករដ្ឋមន្ត្រីដដែលទេ។ ទី២ ច្បាប់នេះមិនបានបើកទូលាយឲ្យប្រជាពលរដ្ឋមានសេចក្ដីក្លាហានចូលរួម ចំណែករាយការណ៍ពីជនពុករលួយឡើយ ពីព្រោះអាចមានទោសពីបទបរិហារកេរ្តិ៍ ទី៣ ការត្រួតពិនិត្យមើលការប្រកាសទ្រព្យសម្បត្តិ គឺមានតែប្រធានក្រុមអង្គភាពប្រឆាំងអំពើពុករលួយតែម្នាក់ប៉ុណ្ណោះ មានសិទ្ធិបើកមើលលិខិតប្រកាសទ្រព្យសម្បត្តិនោះ។
លោកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ប្រឆាំងអំពើពុករលួយនោះ វាជាការល្អហើយ តែសំខាន់តើវាអនុវត្តមានប្រសិទ្ធភាព ឬទេ ក្រោយពេលវិសោធនកម្មនេះ?
លោក កែវ រ៉េមី អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា មានមន្ត្រីរាជការដែលតែងតាំងដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យប្រមាណ ១០ម៉ឺននាក់ ដែលមានកាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ ហើយការប្រកាសទ្រព្យសម្បត្តិនេះ បានកំណត់កាលបរិច្ឆេទចុងក្រោយ
ត្រឹមថ្ងៃទី៧ ខែមេសា ខាងមុខនេះ។ កន្លងមកមានអ្នកឧកញ៉ាមួយចំនួនដែលមានតួនាទីនៅក្នុងរដ្ឋាភិបាលបាន សុំលាលែងតំណែងពីក្នុងរដ្ឋាភិបាល ដើម្បីចៀសវាងកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន៕
No comments:
Post a Comment
yes