កាដាហ្វ៊ី អំពាវនាវឲ្យអ្នកកាន់សាសនា អ៊ីស្លាម ប្រយុទ្ធ
ជាមួយលោក ប្រឆាំងលោកខាងលិច
ដោយ ឈាង បុប្ផា
នៅថ្ងៃអង្គារទី ២២ មីនា គឺ នៅថ្ងៃទីប្រាំ នៃប្រតិបត្តិការយោធារបស់កងទ័ពសម្ព័ន្ធមិត្ត នៅលីប៊ី មេដឹកនាំផ្តាច់ការ កាដាហ្វ៊ីបានចេញមុខ និយាយទៅកាន់អ្នក
គាំទ្រថា លោកមិនខ្លាចការវាយប្រហាររបស់ទ័ពលោកខាងលិច។ នៅយប់ថ្ងៃអង្គារម្សិលដែរ កាដាហ្វ៊ីថែមទាំងបានអំពាវនាវឲ្យអ្នកកាន់សាសនាអ៊ីស្លាមក្នុង ពិភពលោកចូលរួមជាមួយលោកប្រឆាំងនឹងអ្វីដែលលោកឲ្យឈ្មោះថា ជាការឈ្លានពានរបស់ពួកលោកខាងលិចក្នុងប្រទេសកាន់សាសនាអ៊ីស្លាម។ រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីលឡា គ្លីនតុន បានលើកឡើងព័ត៌មានដែលលោកស្រីទទួលបានថា អ្នកស្និទ្ធិនឹងលោកកាដាហ្វ៊ីបានទាក់ទងប្រទេសផ្សេងៗនៅអាហ្រ្វិក និងនៅលោកខាងលិចដើម្បីរកច្រកចេញពីវិបត្តិលើកនេះ។
និងលោកស្រី Oana Lungescuអ្នកនាំពាក្យរបស់អូតង់
ថ្លែងពីសកម្មភាពរបស់អូតង់នៅលីប៊ី នៅក្នុងសន្និសីទកាសែតនៅទីក្រុងប្រ៊ុចសែល
នៅថ្ងៃពុធ ទី ២៣ មីនា ២០១១
©REUTERS/Thierry Roge
©REUTERS/Thierry Roge
លោកកាដាហ្វ៊ីព្យាយាមដុតកំហឹងអ្នកកាន់សាសនាអ៊ីស្លាមផ្សេងទៀត តាមរយៈការបង្ហាញប្រជាជនដែលរងគ្រោះដោយការវាយប្រហាររបស់ទ័ព អន្តរជាតិ។ បើតាមអ្នកកាសែតបរទេសប្រចាំការក្នុងប្រទេសលីប៊ី កាដាហ្វ៊ីបានយកប្រជាជនទៅ ដាក់ជិតទីតាំងទ័ពរបស់ខ្លួន កាន់តែច្រើន។ ដូច្នេះ ចង់មិន ចង់ បើសិនយន្តហោះសម្ព័ន្ធមិត្តវាយប្រហារទៅលើទីតាំងយោធា គេបា្រកដជាឃើញមានប្រជាជនរងគ្រោះមិនខាន។ ការបាត់បង់ជីវិតរបស់ប្រជាជននេះក៏បានធ្វើឲ្យប្រទេសចូលរួម ប្រតិបត្តិការយោធានៅលីប៊ីរារែក និងមិនវាយប្រហារញឹកញាប់ពេក។
ម្យ៉ាងវិញទៀត ការអំពាវនាវរបស់កាដាហ្វ៊ីបានទទួលចម្លើយភ្លាមពីប្រមុខដឹកនាំសាសនា អ៊ីស្លាមនៅប្រទេសTanzanie។ ក្នុងប្រទេសTanzanie ដែលមានអ្នកកាន់សាសនាអ៊ីស្លាម ជាង ៣០ភាគរយ ប្រមុខដឹកនាំសាសនារូបនោះបានចាត់ទុកប្រតិបត្តិការយោធារបស់សម្ព័ន្ធ មិត្តលោកខាងលិច ថា ជាអំពើរបស់ពួកព្រៃ និងបានអំពាវនាវឲ្យអ្នកកាន់សាសនាអ៊ីស្លាមនៅ Tanzanieសាមគ្គី ចូលរួមប្រយុទ្ធជួយលោកកាដាហ្វ៊ី។ នៅប្រទេស Tanzanieគាំទ្រលោកកាដាហ្វ៊ី ព្រោះថា លោកកាដាហ្វ៊ីធ្លាប់បានផ្តល់លុយច្រើនដើម្បីសាងសង់វិហារអ៊ីស្លាម ជាច្រើនក្នុងប្រទេសនេះ។ វិហារសាសនាមួយថែមទាំងដាក់ឈ្មោះលោកកាដាហ្វ៊ីទៀតផង។
រឿង Tanzanie តែមួយគាំទ្រលោកកាដាហ្វ៊ីមិនសូវជាបញ្ហាប៉ុន្មានទេ ប៉ុន្តែ គេបារម្ភ ថា នឹងអាចមានការប្រឆាំងកាន់តែច្រើន នឹងប្រតិបត្តិការយោធានៅលីប៊ី ជាពិសេស បើសិនជាពួកអ្នកកាន់សាសនាអ៊ីស្លាមជាច្រើនយល់ឃើញថា អន្តរាគមន៍យោធារបស់អន្តរជាតិ ជាការឈ្លានពានរបស់អ្នកកាន់សាសនាគ្រិស្តរបស់លោកខាងលិច។
នៅថ្ងៃអង្គារ ទី ២២មីនា មេដឹកនាំប្រទេសទាំងបី អាមេរិក បារាំង និងអង់គ្លេស បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ និងបានសម្រេចថា អូតង់នឹងដឹកនាំប្រតិបត្តិការយោធា(ផ្នែកបច្ចេកទេស) នៅលីប៊ី ប៉ុន្តែ ស្ថិតនៅក្រោមការសម្របសម្រួលរបស់រដ្ឋមន្រ្តីការបរទេសរបស់ប្រទេស សម្ព័ន្ធមិត្ត។ នៅថ្ងៃអង្គារម្សិលមិញដែរ អូតង់ ក៏បានចាត់វិធានការរបស់ខ្លួនផងដែរ ដើម្បីកុំឲ្យមានការដឹកអាវុធចូលលីប៊ីទៅតាមការដាក់ទណ្ឌកម្មសម្រេច ដោយអង្គការសហប្រជាជាតិ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទ័ពសម្ព័ន្ធមិត្តបានជួយពួកប្រឆាំងមិនឲ្យរងការវាយប្រហារពីទ័ពអាកាស កាដាហ្វ៊ី ប៉ុន្តែ ពួកប្រឆាំងដែលខ្សត់ខ្សោយខាងអាវុធយុទ្ធភណ្ឌនៅតែរងការវាយប្រហារពី យោធាកាដាហ្វ៊ី ដែលវាយប្រហារតាមផ្លូវគោក។ នៅថ្ងៃពុធទី ២៣ មីនា នេះ អ្នកតំណាងប្រឆាំងនៅភាគខាងលិចលីប៊ី បានមកដល់ទីក្រុងប៉ារីស ដើម្បីទទូចសុំឲ្យអន្តរជាតិផ្តល់អាវុធដល់ខ្លួន។ ក្រុមប្រឹក្សាជាតិដែលតំណាងឲ្យអ្នកប្រឆាំងនៅ លីប៊ី បានសន្យាថា ពេលលោកកាដាហ្វ៊ីធ្លាក់ គេនឹងសាងប្រទេសលិប៊ីជារដ្ឋឯករាជ្យ គឺមិនមែនរដ្ឋដែលមានសំបូរដោយពួកអ៊ីស្លាមជ្រុលនិយម ពួកអាល់កៃដា។ ក្រុមប្រឆាំងរហូតនៅបានសន្យាទៀតថា នៅពេលខ្លួនឈ្នះកាដាហ្វ៊ី ខ្លួននឹងជួយឲ្យរដ្ឋាភិបាលថ្មី ផ្តល់កិច្ចសន្យាលក់ប្រេងលីប៊ី ដល់ប្រទេសណាដែលបានចូលរួមក្នុងប្រតិបត្តិការយោធាលើកនេះ។
ការផ្តល់អាវុធដល់ក្រុមប្រឆាំងដើម្បីយកទៅ វាយតបនឹងកម្លាំងរបស់កាដាហ្វីជាយុទ្ធសាស្រ្តមួយដែលអាចឲ្យ អន្តរជាតិបោសដៃ ដកខ្លួនចេញពីការប្រយុទ្ធនៅលិប៊ី និងដើម្បី កុំឲ្យពិភពអារ៉ាប់ចោទថា មានគំនិតឈ្លានពាន លីប៊ី។ ប៉ុន្តែ បញ្ហា នៅត្រង់ថា គេមិនអាចធ្វើដូច្នេះបាន ពីព្រោះថា បើតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ប្រតិបត្តិការទ័ពនៅលីប៊ីគឺដើម្បីឲ្យកាដាហ្វ៊ីគោរពបទឈប់បាញ់
និងលែងវាយប្រហារទៅ លើប្រជាជន។ សហគមន៍ អន្តរជាតិបានសន្យាការពារប្រជាជន តែគេមិនបានសន្យាជួយពួកប្រឆាំងដើម្បីវាយបកកាដាហ្វ៊ីនោះទេ។ ត្រង់ចំណុចនេះ សំណួរជាច្រើនត្រូវគេចោទថា តើសហគមន៍អន្តរជាតិចង់ឲ្យវិបត្តិនៅលីប៊ីវិវឌ្ឍទៅ យ៉ាងណា។ ទប់កុំឲ្យទ័ពកាដាហ្វ៊ីវាយប្រហារមកលើពួកប្រឆាំង ប៉ុន្តែ មិនចង់ផ្តល់អាវុធដល់ក្រុមប្រឆាំង ទៅវិញ.....
កន្លងមកពួកប្រឆាំងនៅលីប៊ីបានសង្ឃឹមថា អន្តរាគមយោធាអន្តរជាតិលើកនេះនឹងអាចដូចអន្តរាគមន៍ដែលអង្គការអូតង់ ធ្វើនៅ នៅកូសូវ៉ូ ដែលកាលនោះ អង្គការអូតង់បានជួយពួកឧទ្ទាមដែលរងការវាយប្រហារពីរដ្ឋាភិបាលស៊ែប៊ី នៅឆ្នាំ ១៩៩៩។ ទីបំផុតពួកឧទ្ទាមបានជ័យជំនះ រហូតកាត់ផ្តាច់កូសូវ៉ូ ទឹកដីមួយផ្នែករបស់ស៊ែប៊ី ឲ្យទៅជារដ្ឋឯករាជ្យ។ សហគមន៍អន្តរជាតិរារែកជួយ ពួកប្រឆាំងនៅលីប៊ី ព្រោះបើប្រៀបធៀបនឹងពួកឧទ្ទាមនៅកូសូវ៉ូ ពួកប្រឆាំងនៅលីប៊ីមិនមានរចនាសម្ព័ន្ធ និងផែនការច្បាស់លាស់ និងធ្លាប់ជិតស្និទ្ធិជាមួយក្រុមអ៊ីស្លាមជ្រុលនិយមនៅលីប៊ី។ ភាពមិនច្បាស់លាស់នេះហើយដែលធ្វើឲ្យអន្តរជាតិ ជាពិសេសមហាអំណាចអាមេរិករារែកមិនចង់ពាក់ព័ន្ធ ប្រលូកជ្រៅទៅក្នុងវិបត្តិនៅលីប៊ី៕
tags: លីប៊ី - អង្គការសហប្រជាជាតិ
ពីវិទ្យុ បារាំង អន្តរជាតិ RFI
No comments:
Post a Comment
yes