វត្តមានបេសកជនយូណេស្កូផ្ដល់ផលប្រយោជន៍
អ្វីដល់កម្ពុជា?
តើការពិភាក្សារវាងបេសកជនពិសេសរបស់អង្គការយូណេស្កូ (UNESCO) និងថ្នាក់ដឹកនាំកំពូលនៃរដ្ឋាភិបាលកម្ពុជា ផ្តល់ផលប្រយោជន៍សម្រាប់កម្ពុជា យ៉ាងណាខ្លះ?
(Koichiro Matsuura) ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចនៅកម្ពុជា
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១។
ដោយ សេក បណ្ឌិត
មន្ត្រីសង្គមស៊ីវិល អ្នកវិភាគស្ថានការណ៍នយោបាយនៅកម្ពុជា ព្រមទាំងមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់បេសកជនពិសេស របស់អង្គការយូណេស្កូមកកម្ពុជា ស្របពេលដែលប្រាសាទព្រះវិហារខ្មែរ ស្ថិតនៅមាត់ច្រកនៃភ្លើងសង្គ្រាមព្រំដែនខ្មែរ-ថៃ។
ក្រុមអ្នកតាមដានស្ថានភាពជម្លោះព្រំដែនខ្មែរ-ថៃ នៅតំបន់ប្រាសាទព្រះវិហារ បានសម្ដែងការយល់ឃើញថា វត្តមានរបស់បេសកជនពិសេសរបស់អង្គការយូណេស្កូ លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) នៅពេលនេះ មានសារសំខាន់ណាស់សម្រាប់កម្ពុជា គឺផ្ដល់នូវភាពកក់ក្ដៅដល់កម្ពុជា ឬធ្វើឲ្យកម្ពុជា មានប្រៀបលើភាគីថៃ ក្នុងការដោះស្រាយជម្លោះខ្មែរ-ថៃ និងកិច្ចការពារប្រាសាទព្រះវិហារខ្មែរ ដែលភាគីថៃ ចិញ្ចឹមចិត្តចង់ដណ្ដើមកាន់កាប់ និងជាចំណុចបង្កជម្លោះព្រំដែន។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ទោះបីលទ្ធផលមិនបានដូចការដែលពលរដ្ឋកម្ពុជា រំពឹងទុកក្ដី ដូចជាករណីលោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា មិនបានទៅមើលការខូចខាតនៅប្រាសាទព្រះវិហារផ្ទាល់តាមការគ្រោងទុក ជាដើម ប៉ុន្តែនៅមានចំណុចជាច្រើនទៀតបានផ្ដល់សារសំខាន់ដល់កម្ពុជា ក្នុងការសម្របសម្រួលទាក់ទិនករណីដោះស្រាយជម្លោះថៃ ឈ្លានពានមកលើកម្ពុជា ក៏ដូចជាករណីស្វែងរកការពិតដែលថៃ បានបាញ់ផ្លោងដោយអាវុធធុនតូច និងធំមកលើប្រាសាទព្រះវិហារ បណ្ដាលឲ្យប៉ះពាល់ខូចខាតប្រាសាទយ៉ាងដំណំ។
លោក រ៉ុង ឈុន បន្ថែមដូច្នេះ ៖ «ខ្ញុំគិតថា តំណាងយូណេស្កូ ត្រូវតែចាប់បង្ខំ ទី១ គឺបង្ខំឲ្យបញ្ឈប់វាយប្រហារប្រាសាទព្រះវិហារ ក៏ដូចជាវាយប្រហារកម្ពុជា និងត្រូវតែបង្ខំឲ្យភាគីសៀម ត្រូវតែទទួលខុសត្រូវលើការខូចខាត និងត្រូវតែធ្វើការអភិវឌ្ឍន៍ជុំវិញតំបន់ប្រាសាទព្រះវិហារ»។
លោកបន្តថា តំណាងយូណេស្កូ ក៏ជាសាក្សីសំខាន់ក្នុងការបង្ហាញនូវភស្តុតាងទៅដល់មជ្ឈដ្ឋាន អន្តរជាតិ ឲ្យគេយល់ច្បាស់អំពីជម្លោះខ្មែរ-ថៃនេះ។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ដែរថា លោកបានកត់សម្គាល់ឃើញនូវចំណុច៣ដែលជាផ្លែផ្កាល្អ ជាប្រយោជន៍សម្រាប់កម្ពុជា ក្រោយពីមានវត្តមានរបស់បេសកជនពិសេសរបស់អង្គការយូណេស្កូមកកម្ពុជា ៖ «១សំណើរបស់ទីក្រុងបាងកក យើងឃើញថា គឺស្នើឲ្យអង្គការយូណេស្កូ ដកប្រាសាទព្រះវិហារចេញពីបេតិកភណ្ឌពិភពលោក ហើយយូណេស្កូ បានបញ្ជាក់យ៉ាងច្បាស់ថា គេមិនអាចដកប្រាសាទចេញពីបេតិកភណ្ឌពិភពលោកបានទេ ហើយទីពីរ យូណេស្កូបានលើកបញ្ហានេះនៅក្នុងបរិបទសម្បត្តិវប្បធម៌មនុស្សលោក»។
លោកសង្កេតឃើញទៀតថា ការដោះស្រាយរបស់យូណេស្កូ មានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដូចជាករណីមិនលើកបញ្ហាដាក់បន្ទុកភ្លាមៗទៅភាគីទី២ ដោយមិនដាក់អ្នកជំនាញទៅត្រួតពិនិត្យការខូចខាតប្រាសាទភ្លាមៗ ដើម្បីបំបាក់ដៃគូជម្លោះម្ខាងទៀតទេ តែគេមានគម្រោងលើកយកបញ្ហានេះទៅជជែកក្នុងកិច្ចប្រជុំអន្តរជាតិ ដែលមានតំណាងជាន់ខ្ពស់របស់អង្គការយូណេស្កូ និងមានភាគីជម្លោះចូលរួមពិនិត្យដោះស្រាយ ដើម្បីបង្ហាញនូវភាពយុត្តិធម៌។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍បន្ត ៖ «គេថា គេមិនចុះទៅមើលទេ ប៉ុន្តែរឿងនេះគេដឹងច្បាស់ណាស់ គ្រាន់តែឯកសារមកដល់ស្រុកខ្មែរហ្នឹង គឺខ្មែរគេបានយកទៅឲ្យយូណេស្កូហើយ ប៉ុន្តែគេមិនអាចនិយាយបាន និងទៅមើលផ្ទាល់ បើមើលផ្ទាល់ហាក់ដូចជាផ្គើន ឬផ្ចាញ់ផ្ចាល»។
រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ជុច ភឿន ជាប្រធានអាជ្ញាធរជាតិព្រះវិហារ បានមានប្រសាសន៍កាលពីថ្ងៃ២៨ កុម្ភៈថា បេសកជនរបស់អង្គការយូណេស្កូ មកកម្ពុជានេះ គឺផ្តោតលើការខូចខាតប្រាសាទព្រះវិហារសុទ្ធសាធ មិនពាក់ព័ន្ធនឹងរឿងព្រំដែនទេ ហើយអ្នកជំនាញការពិសេសរបស់អង្គការយូណេស្កូ នឹងមកដល់ប្រាសាទព្រះវិហារ ដើម្បីវាយតម្លៃការខូចខាតក្នុងរយៈពេលឆាប់ៗខាងមុខ ប៉ុន្តែអាស្រ័យលើស្ថានភាពធូរស្រាលនៅតំបន់ព្រះវិហារ។
លោកមានប្រសាសន៍ទៀតថា ៖ «ក្រោយពេលដែលអ្នកសង្កេតការណ៍ឥណ្ឌូ ណេស៊ី ដែលចាត់តាំងដោយអាស៊ានហ្នឹង មកដល់ពេលណា ក្រោយនោះភ្លាមគឺយូណេស្កូ ចាប់ផ្ដើមបញ្ជូនអ្នកដែលវាយតម្លៃ តើការខូចខាតហ្នឹងមានប៉ុណ្ណា? គឺការជួសជុលជាបន្ទាន់ភ្លាម ក្រោយពេលដែលមានការវាយតម្លៃថា ប្រាសាទហ្នឹងខូចខាតអស់ប៉ុន្មានភាគរយ? ហើយជ្រើសរើសអ្នកដែលជំនាញខាងការជួសជុលប្រាសាទមកជាបន្ទាន់»។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន មានប្រសាសន៍ប្រាប់អ្នកកាសែត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រោយពីជំនួបជាមួយលោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា ថា ការបាញ់ផ្លោងបំផ្លាញប្រាសាទព្រះវិហារដោយភាគីថៃ គឺបានរំលោភលើអនុសញ្ញាឆ្នាំ១៩៥៤ របស់អង្គការយូណេស្កូ ដែលជាអ្នកការពារសម្បត្តិបេតិកភណ្ឌពិភពលោក។
លោក សុខ អាន មានប្រសាសន៍ដោយចោទប្រកាន់ថា ថៃជាឧក្រិដ្ឋកម្មសង្គ្រាម
ឬជាឧក្រិដ្ឋកម្មប្រឆាំងនឹងសាសនា ប្រឆាំងវប្បធម៌ ដោយសារការវាយប្រយុទ្ធគ្នាកន្លងមកនោះ ថៃបានបាញ់សំដៅបំផ្លាញប្រាសាទ វត្តអារាមខ្មែរ ដែលជាទីសក្ការៈរបស់ពុទ្ធបរិស័ទ បណ្ដាលឲ្យខូចខាតយ៉ាងច្រើន ៖ «អ៊ីចឹងនេះជាអំពើឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដ ដែលថៃ បានប្រព្រឹត្ត»។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ក្រោយការវាយតម្លៃការខូចខាតប្រាសាទហើយ ជំហានទីពីរ គេត្រូវគិតគូរពីការទទួលខុសត្រូវជាអន្តរជាតិ ចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ដូចជាប្រាសាទព្រះវិហារជាដើមនេះ ៖ «មានន័យថា យូណេស្កូត្រូវដាក់ផែនការណាមួយលើភាគីថៃ ដែលថៃ បានប្រើប្រាស់កងកម្លាំងយោធាមកលើទឹកដីកម្ពុជា ពិសេសមកលើបេតិកភណ្ឌពិភពលោក»។
លោក ជុច ភឿន បានបញ្ជាក់ថា ប្រាសាទព្រះវិហារបានរងការបាញ់ផ្លោងដោយកងទ័ពថៃ ចំនួន ៤១៤គ្រាប់ នៅក្នុងការវាយប្រហារនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ ហើយលោកបានវាយតម្លៃថា ប្រាសាទព្រះវិហារបានទទួលរងការខូចខាតប្រមាណពី ៧០% ទៅ ៨០% បើទោះបីគេពុំឃើញមានការដួលរលំតួប្រាសាទធំក៏ដោយ៕ ពីវិទ្យុ អាស៊ីសេរី

No comments:
Post a Comment
yes