សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 2, 2011


មេ
បក្សប្រឆាំងមករកការគាំទ្រពីអាមេរិកនៅរដ្ឋធានី

វ៉ាស៊ីនតោន

រូបថត៖ សឹង សុផាត វីអូអេ ខ្មែរ
លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនិរទេសខ្លួន កំពុងថ្លែងទៅកាន់អ្នកគាំទ្រខ្មែរ​
នៅភោជនីយដ្ឋានមួយនៅជិតរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ​២០១១។ លោកត្រូវបានតុលាការកម្ពុជាកាត់
ទោសឲ្យជាប់ពន្ធនាគារចំនួន១២ឆ្នាំ ហើយបានធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃ
នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីស្វែងរកការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៤​និង​ទី​២៥​ខែ​កុម្ភៈ ​ដើម្បី​ជួប​​ប្រជុំ​ជាមួយ​មន្រ្តី​​ស្ថាប័ន​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក​ និងសួរ​សុខទុក្ខ​ក្រុម​អ្នកគាំទ្រ។
នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដែល​យូរៗ​ម្តង​ លោក​ សម រង្ស៊ី ​មក​បំពេញ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ទាក់ទាញ​រក​ការ​គាំទ្រ។
ប៉ុន្តែ​ការ​វិវត្ត​ចុងក្រោយ​នៃ​រឿងក្តីក្តាំ​របស់​លោក​ទាក់ទង​នឹង​ការ​ដក​ បង្គោល​ព្រំដែន​​និង​ការ​ប្រែប្រួល​នៃ​ស្ថានភាព​នយោបាយ​នៅ​បណ្តាប្រទេស​ អារ៉ាប់​មួយ​ចំនួន​ ផ្តល់​ឱ្យ​លោក​នូវ​ឱកាស​ស្នើ​ឱ្យ​ប្រទេស​ដ៏​ធំ​មួយ​ដូចជា​សហរដ្ឋ​អាមេរិក​ គិតគូរ​ឡើងវិញ​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដូចជា​កម្ពុជា។
លោក​ សម រង្ស៊ី​ បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​ ស្ថាប័ន​នីតិប្បញ្ញត្តិ ​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ខ្មែរ-អាមេរិកាំង។

ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​ជំនួប​ជាមួយ​មន្ត្រីក្រសួង​ការ​បរទេស ​លោក​ សម រង្ស៊ី​បញ្ជាក់​នូវ​ជំហរ​យ៉ាងច្បាស់​ថា​ប្រទេស​ធំៗ​ដូចជា​អាមេរិក​ត្រូវ​ យកចិត្ត​ទុកដាក់​លើ​បញ្ហា​ទាក់ទង​នឹង​ការ​បោះឆ្នោតដែល​មាន​ដូចជា៖ ការ​ធានា​ថា​ប្រធាន​បក្ស​ដូចជា​រូបលោក​អាច​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ បោះឆ្នោត​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ឆ្នាំ​២០១២និង២០១៣ ​​កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​​ដោយ​មាន​រៀបចំ​បញ្ជី​អ្នក​បោះឆ្នោត​ឱ្យ​បាន​ ត្រឹមត្រូវ ផ្តល់​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ទាន់​ពេល​ឱ្យ​ប្រជាពលរដ្ឋ​និង​បង្កើន ​ចំនួន​អាសនៈ​នៅ​ក្នុង​សភាជាតិ។

«បើ​បញ្ហា​ទាំងបួន​ដែល​យើង​លើកឡើង​អម្បាញ់​មិញ​មិន​ទទួល​បាន​ដំណោះស្រាយ​ ត្រឹមត្រូវ​ទេ​គឺ​ការ​បោះឆ្នោត​ខាងមុខ​គឺ​គ្មានន័យ​ គ្មានតម្លៃ ​គ្មានប្រយោជន៍ ​មិនចាំបាច់​ឱ្យ​អ្នក​សង្កេត​ការណ៍​ទៅ​តាម​ឃ្លាំ​សង្កេត​មើលការ​បោះឆ្នោត​ នោះ​ទេ ​ព្រោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​​ គឺ​ដឹង​​មុន ​ហើយ​​ដឹង​មុន​​តាំងពី​​ឥឡូវ ​ពីព្រោះ​តាម​រយៈ​ការ​បន្លំ ​ការ​លួចឈ្មោះ ​ការ​លុបឈ្មោះ​ ការរៀបចំ​បញ្ជី​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ​គឺ​គណបក្ស​កាន់​អំណាច​ សព្វថ្ងៃ​គេ​ធានា​ជោគជ័យ​របស់​គេ​ក្នុង​ការ​បោះឆ្នោត​រួច​ទៅ​ហើយ»។

លោក​ សម រង្ស៊ី​ កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​ ដោយសារ​ត្រូវ​តុលាការ​ប្រទេស​កម្ពុជា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១០​ឆ្នាំ​ទាក់ទងនឹង​រឿង​ដក​តម្រុយ​បង្គោល​​ព្រំដែន​​ជាមួយ​​ប្រទេស​​ វៀតណាម។ លោកអាច​នឹង​បាត់​ឈ្មោះ​ចេញពី​បញ្ជី​បេក្ខជន​ឈរ​បោះឆ្នោត​ដោយសារ​ច្បាប់​បោះឆ្នោត​ហាមឃាត់​មិន​​ឱ្យ​អ្នក​មាន​ជាប់​ទោសទណ្ឌ​ឈរឈ្មោះ​បាន​ឡើយ។

ក៏​មាន​បញ្ហា​ធំៗ​ជាច្រើន​ដែល​ជា​បញ្ហា​អាយុ​ជីវិត​របស់​កម្ពុជា​​ ហើយ​ជា​រងើក​ភ្លើង​មួយ​អាច​នឹង​ឆាបឆេះ​នៅ​ពេលណា​មួយ​មិនខាន ​ក្នុងនោះ​មាន​ដូចជា​ភាព​ក្រីក្រ​ ភាពអត់​ការងារ​ធ្វើ ​ការ​រឹបអូស​ដីធ្លី​ប្រជារាស្ត្រ ​អំពើពុករលួយ ​ការ​មិនគោរព​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ការ​ជួបជុំ​ជាមួយ​សហគមន៍​ខ្មែរ-អាមេរិកាំង​ធ្វើនៅ​ភោជនីយដ្ឋាន​ ហាវ៉េសមូន​ ដែល​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់ទាញ​រក​ការគាំ​ទ្រ​ លោកសម រង្ស៊ី បញ្ជាក់​ថា ​ព្រឹត្តិការណ៍​ដែល​​លោក​​បាន​​តាមដាន​នៅ​បណ្តា​ប្រទេស​ដែល​មាន​ការ​បះបោរ​ នា​ពេល​ថ្មីៗ​នេះ​​​ ឃើញ​ថា​វាមាន​លក្ខណៈ​ប្រហាក់​ប្រហែល​ឬ​ដូចគ្នា​នឹង​​សង្គម​នៅ​ប្រទេស​ កម្ពុជា៖

«យើង​មើល​ឃើញ​ថា​ប្រជា​ពលរដ្ឋ​ដែល​បះបោរ​នៅ​ប្រទេស​ទាំង​ប៉ុន្មាន ​នៅ​អាហ្រ្វិក​ខាង​ជើង​នេះ​ជា​ពិសេស​គឺ​បះបោរ​ដើម្បី​អ្វី? ចង់​បាន​អ្វី? ​គឺ​ប្រជាពលរដ្ឋ​ឥឡូវនេះ​ឈឺចាប់​ដោយសារ​រឿង​អ្វី? គឺ​ដូចគ្នា ​គឺ​ ទី​មួយ​ភាព​ក្រីក្រ​ ដរាប​ណា​គេ​ចេះតែ​ថា​ស្រុក​អភិវឌ្ឍ ​ប៉ុន្តែ​អភិវឌ្ឍ​សម្រាប់​នរណា? អភិវឌ្ឍ​​សម្រាប់​អ្នកមាន​អំណាច​ អភិវឌ្ឍ​សម្រាប់​មហាសេដ្ឋី​ឱ្យ​កាន់តែមានឡើង​ ដូចនេះ​ប្រជារាស្រ្ត​អត់​ចង់​បាន​ទេ​ គាត់​ចង់​បាន​ការអភិវឌ្ឍ​សម្រាប់ប្រជារាស្ត្រ​ទូទៅឱ្យ​អ្នកក្រ​បាន​ទទួលផល​ ពី​ការអភិឌ្ឍ​ផង។ ​បើ​អ្នកក្រ​នៅ​តែ​ក្រ​ដដែល​ មាន​អ្នកខ្លះ​កាន់តែ​ក្រ​ទៅ​ក៏​មាន​ដែរ​ នេះ​ច្បាស់​ជា​មាន​ការតវ៉ា​នៅ​ប្រទេស​អេហ្ស៊ីប​ ទុយនេស៊ី​ លីប៊ី ​ហើយ​នៅ​ប្រទេស​កម្ពុជា​គឺ​ដូចគ្នាអញ្ចឹង​ដែរ»។

នៅ​ប្រទេស​ទុយនេស៊ី​និង​អេហ្ស៊ីប​ ចលនា​បដិវត្តន៍​របស់​ក្រុម​យុវជន​បាន​ផ្តួល​រំលំ​មេដឹកនាំ​ដែល​​បាន​ កាន់កាប់​ប្រទេស​ទាំង​នេះ​ជាយូរ​មកហើយ។ រី​ឯ​នៅ​ប្រទេស​លីប៊ី ​ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​ខឹង​សម្បារកំពុងបះបោរ​ទម្លាក់​មេដឹកនាំ​ ផ្តាច់ការ​ដែល​បាន​កាន់​កាប់​ប្រទេស​អស់​រយៈ​ពេល​ជិត៤២​ឆ្នាំ។

ការ​ធ្វើការ​ប្រៀបធៀប​នេះ​បាន​ត្រូវ​ចំ​​ទឹកចិត្ត​អ្នក​ចូលរួម​ស្តាប់​ដូចជា​លោក​ កែវ ថម ​អនុប្រធាន​សមាគម​អង្គរ។

«ខ្ញុំ​មាន​ជំនឿ​មួយ​ចំនួន​ដែរ​ថា ​ប្រហែល​ជា​ថ្ងៃណា​មួយ ​ការ​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​និង​យុត្តិធម៌​ អាច​មាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជាតិ​យើង​ ប្រសិន​បើ​ការ​រស់នៅ​របស់​ប្រជាជាតិ​យើង​​នៅ​ក្នុង​​ភាព​ក្រីក្រ​ខ្លាំង​ ឡើងៗ​គឺ​ថ្ងៃណា​មួយ​ប្រជាជាតិ​ប្រជាជន​យើង​ក៏​មិនអាច​នៅ​សំងំ​ស្ងៀម​បាន​ ដែរ»។

ជា​ផ្នែក​នៃ​ការ​ទាក់ទាញ​ឱ្យ​មាន​ការគាំទ្រ​ទូលំទូលាយ​លោក សម រង្ស៊ី​ក៏បាន​ដឹកនាំ​ប្រតិភូ​ទៅ​ជួប​ជាមួយ​នឹង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ របស់​អាមេរិក​ផង​ដែរ។

នៅ​ទីបញ្ចប់​ការ​ប្រមូលផ្តុំ​ការគាំទ្រ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​ ការ​សំខាន់​ក្នុង​យុទ្ធនាការ​របស់​លោក​សម រង្ស៊ី​ក្នុង​ការជំរុញ​ឱ្យ​មានការកែប្រែ​​​គោលនយោបាយ​របស់​សហរដ្ឋ​ អាមេរិក។ លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ក្រោយពី​ជំនួប​មួយ​ជាមួយ​មន្រ្តី​នៃ​វិទ្យាស្ថាន​ដើម្បី​ សន្តិភាព​របស់​សហរដ្ឋ​អាមេរិកថា៖

«ជំហរ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ប្រកាន់​ចំពោះ​ប្រទេស​នានា​ក្នុង​ពិភពលោក​ ជាពិសេស​ប្រទេស​ដែល​មាន​មេដឹកនាំ​អំណាច​ផ្តាច់ការ​ ប្រទេស​ដែលប្រជារាស្ត្រ​រងគ្រោះ​ដោយ​អំណាច​ផ្តាច់​ការ​ ដោយ​អំពើ​អយុត្តិធម៌ ​ប្រជារាស្រ្ត​ដែលរស់នៅ​ក្នុង​ភាព​ក្រីក្រ​ ខ្ញុំ​ជឿជាក់​ថា​ ចាប់​ពី​ពេល​នេះ​ទៅ ​សហរដ្ឋ​អាមេរិក​នឹង​ឱ្យ​និយមន័យ​ថ្មី​មួយ ​«អ្វី​ដែល​ហៅថា​ស្ថេរភាព»។​ តើ​ស្ថេរភាព​ក្នុង​របប​ប្រជាធិបតេយ្យ​ឬ​ស្ថេរភាព​ក្នុង​របប​ផ្តាច់ការ?​ យើង​មិនត្រូវ​ឱ្យ​តម្លៃ​ចំពោះ​ស្ថេរភាព​ក្រោម​អំណាច​ផ្តាច់ការ​ទេ​ព្រោះ​ ស្ថេរភាព​បែប​នេះ​មិនយូរ​ទេគង់តែ​ថ្ងៃណា​មួយ​គង់​តែ​ផ្ទុះ​កំហឹង​ ប្រជារាស្រ្ត ​នឹង​ផ្ទុះ​ដូច​នៅ​ប្រទេស​លីប៊ី​ ប្រទេស​អេហ្ស៊ីប​ ប្រទេស​ទុយនីស៊ី»។

បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ លោក​សម រង្ស៊ី​ក៏នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់​បន្ត​ទៀត​ដើម្បី​ទាក់ទាញ​ឱ្យមាន​ការ​គាំទ្រ​បន្ថែម៕ ពីវិទ្យុ VOA សំឡេងសហរដ្ឋអាមេរិក

No comments:

Post a Comment

yes