បាតុកម្មនៅទីក្រុងឡាអេបានប្រព្រឹត្តទៅតាមការ
គ្រោងទុក
បាតុកម្មអហឹង្សានៅមុខតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ប្រឆាំងនិងការឈ្លានពានរបស់ប្រទេសថៃលើ បូរណភាពទឹកដីនៃប្រទេសកម្ពុជាបានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍នេះ ពោលគឺបានធ្វើឡើងតាមការគ្រោងទុកបើទោះជាមានការបដិសេធមិនចូលរួមពីសំណាក់ក្រុមខ្មែរ មួយក្រុមទៀតក៏ដោយ ។សម្លេងកងរំពងតាមរយៈឧឃោសនស័ព្ទស្រែកប្រឆាំងនិងអ្វីដែលគេចាត់ទុកថាជាការឈ្លានរបស់ថៃមកលើទឹកដីកម្ពុជា បានត្រូវគេស្តាប់ឭនៅពេលទូរស័ព្ទទៅកាន់ក្រុមបាតុករ ។
លោកគីរី សេនា សមាជិកគណកម្មការរៀបចំបាតុកម្មបានអោយដឹងកាលពីរសៀលថ្ងៃសៅរ៍ថា ក្រុមបាតុករប្រមាណជិត ១០០នាក់មកពីបណ្តាប្រទេសនានានៅទ្វីបអឺរុបបានលើកបដាតវ៉ាដែលមានខ្លឹមសារប្រឆាំងនិងការឈ្លានពានរបស់ថៃនិងស្នើអោយថៃដកកងទ័ពជាបន្ទាន់ចេញពីតំបន់ជុំវិញប្រាសាទ ព្រះវិហារនិងតំបន់ដីខ្មែរតាមបណ្តោយ
ព្រំដែនកម្ពុជាថៃ។
តាមការបញ្ជាក់របស់បាតុករមួយរូបទៀត គឺលោកវុទ្ធី មកពីប្រទេសបែលស្ស៊ិក បានអោយដឹងថា បាតុករបានស្រែកតវ៉ាប្រឆាំងការ ឈ្លានពានរបស់ថៃ និងទាមទារអោយរដ្ឋាភិបាលថៃគោរពសាលក្រមតុលាការអន្តរជាតិទី ក្រុងឡាអេ ដែលបានកាត់អោយកម្ពុជាឈ្នះក្តីលើភាគីថៃ កាលពីឆ្នាំ១៩៦២ ។ នៅម៉ោងប្រហែល១.៣០នាទី ក្រុមបាតុករបានដង្ហែរក្បួនទៅតវ៉ាប្រឆាំងនឹងការឈ្លានរបស់ថៃនៅ មុខស្ថានទូតថៃ ។
ពីដំបូង គេរំពឹងថា នឹងមានអ្នកចូលរួមចំនួន២០០នាក់ ប៉ុន្តែបន្ទាប់ពីមានការធ្វើពហិការពីសំណាក់ខ្មែរមួយក្រុមទៀត ចំនួនអ្នកចូលរួមបានថយចុះជាងពាក់កណ្តាល ។
ក្រុមទី២នេះ យល់ថា ការធ្វើបាតុកម្មប្រឆាំងថៃលើកនេះ មានការហាមប្រាមមិនធ្វើការរិះគន់ព្រះមហាក្សត្រ រដ្ឋាភិបាលកម្ពុជា និងបុគ្គលនានាផង ដែលពួកគេគិតថា ការធ្វើបែបនេះគឺជាការនាំគ្នាទៅគាំទ្ររដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ។
ទោះជាយ៉ាងនេះក្តី លោកគីរី សេនា បានបញ្ជាក់ថា ការធ្វើបាតុកម្មនេះគឺផ្អែកទៅលើច្បាប់ស្តីពីការធ្វើបាតុកម្មរបស់ប្រទេសហូឡង់ដ៏ផង និងដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ និងសាមគ្គីជាតិនៃប្រជាជាតិខ្មែរទាំងមូលផង ។ លោកបានពន្យល់ថា ការដោះស្រាយបញ្ហាជាតិ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ គឹគេយករដ្ឋាភិបាលនៃជាតិនីមួយៗដែលជាភាគីវិវាទមកតទល់គ្នា ហេតុនេះការវាយប្រហាររដ្ឋាភិបាលកម្ពុជានៅក្នុងឪកាសយើងមានជម្លោះ វានឹងមិននាំមកនូវផលចំណេញសំរាប់ជាតិទេ ។
អ្នកតាមសភាពការណ៏ជម្ឡោះនយោបាយកម្ពុជា ថៃ បានទទូចថា អ្នកនយោបាយគួរទុករឿងនយោបាយ និងយុទ្ធនាការនយោបាយ របស់ខ្លួនមួយអន្លើសិននិងស្នើអោយគ្រប់គណបក្សនយោបាយគិតអំពីបញ្ហាជាតិជាសំខាន់នៅពេលដែលត្រូវដោះស្រាយបញ្ហាជម្លោះ ជាមួយប្រទេសជិតខាងពោលគឺខ្មែរទាំងអស់គប្បីគិតពីសាមគ្គីជាតិជាធំ។
គួរជំរាបថា បាតុកម្មប្រឆាំងការឈ្លានពានរបស់ថៃនេះ នឹងធ្វើឡើងម្តងទៀតនៅថ្ងៃច័ន្ទទី៣០ ឧសភា វេលាម៉ោង១២.៣០នាទី នៅមុខតុលាការក្រុងឡាអេ ប្រទេសហូឡង់ គឺនៅចំពេលដែលគណប្រតិភូរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងមកកាន់តុលាការយុត្តិធម៌អន្តរជាតិមួយនេះ ដើម្បីស្តាប់ការបកស្រាយសារជាថ្មីលើសាលក្រមកាលពីឆ្នាំ១៩៦២ ដែលទាក់ទិននិងប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទដែលមានទំហំ៤,៦ គីឡូម៉ែត្រការ៉េ ៕
ពីគេហទំព័រ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes