ក្ដីរំពឹងចំពោះការលើកលែងទោសលោក មឿង សុន
ក្រៅតែពីលោក មឿង សុន ប៉ុណ្ណោះដែលមានរំពឹងថា លិខិតសុំទោសរបស់លោកជាច្រើនគ្រាទៅកាន់រដ្ឋាភិបាលពីអ្វីដែលលោក ពុំបានធ្វើខុសទាល់តែសោះនោះ ជាបច្ច័យដ៏សំខាន់ដែលធ្វើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះការ អត់ឱនលើកលែងទោសឲ្យលោក។ នៅសល់តែប៉ុន្មានម៉ោងទៀត ប៉ុណ្ណោះនៅថ្ងៃអង្គារនេះ សាលក្រមរបស់លោកនឹងត្រូវប្រកាស ហើយថា តើសាលាឧទ្ធរណ៍នឹងលើកលែងទោសជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀល ឬយ៉ាងណា? គ្មានជំនឿជាក់លាក់ណាមួយទេចំពោះបញ្ហានេះ សូម្បីតែមេធាវីរបស់លោកគឺលោក សុខ សំអឿន ក្ដី។
លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាដែលបានការពារក្ដីឲ្យ លោក មឿង សុននៅសាលាឧទ្ធរណ៏កាលពីថ្ងៃទី៦ ខែឧសភានេះបានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីម្សិលមិញពីភាព គ្មានជំនឿច្បាស់លាស់ណាមួយថា សវនាការបានឆ្លើយតបទៅនឹងនីតិវិធី។ នោះគឺជាអ្វីដែលលោកចោទសួរតបមកវិញថា «តើអស់លោកជឿជាក់លើតុលាការរបស់យើង ឬអត់?»។
ចំណែកលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានថ្លែងឲ្យដឹងផងដែរថា លទ្ធផលនៃរឿងក្ដីនេះគឺពឹងផ្អែកទាំងស្រុងទៅលើឥរិយាបថរបស់ រដ្ឋាភិបាល។ ដោយបានបន្ដថា បើពឹងផ្អែកលើនីត្យានុកូលភាពទាំងស្រុងនោះ សាលក្រមប្រាកដជានឹងត្រូវបានកែប្រែ។ ប៉ុន្ដែយើងត្រូវគិតពីចំណាប់អារម្មណ៍របស់រដ្ឋាភិបាលថា តើរដ្ឋាភិបាលចង់បញ្ជូនសារមួយដែលមានខ្លឹមសារថា អស់លោកអាចរិះគន់លោក សុខ អាន និងគ្នីគ្នារបស់លោកបានដែរឬទេ?»។
លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចឲ្យជាប់ព័ន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀលកាលពីឆ្នាំ២០០៩ក្រោមបទចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងដល់ការទាមទាររបស់លោកទៅ ហ៊ុន សែន ឲ្យដោះអំពូលភ្លើងហ្វាចេញពីប្រាសាទអង្គរវត្តដែលលោកអះអាងថា ជាការដាក់គ្មានបច្ចេកទេសធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពប្រាង្គ ប្រាសាទដែលសាងសង់កាលពីសតវត្សទី១២នេះ។ ក្រោយមកអំពូលភ្លើងក៏ត្រូវបានគេរើចេញផងដែរ។ ចំពោះបញ្ហានេះជាញយដងលោក មឿង សុនបានធ្វើលិខិតសុំទោសរដ្ឋាភិបាលចំពោះអ្វីដែលគេយល់ថា បានធ្វើឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីមិនសប្បាយចិត្ដ។
លោក មឿង សុន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីម្សិលមិញជាមួយ សេចក្ដីសង្ឃឹមថា តុលាការនឹងកាត់ឲ្យលោកឈ្នះនោះថា «ខ្ញុំសូមអភ័យទោសចំពោះរដ្ឋាភិបាល ហើយខ្ញុំមិននិយាយបែបនេះជាថ្មីទៀតឡើយ»៕
ពីសារព័ត៌មានសេរី

No comments:
Post a Comment
yes