Tuesday, May 24, 2011


រដ្ឋាភិបាលកម្ពុជា អនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពី

យោធិនជាប់កិច្ចសន្យា



សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី យោធិន​ជាប់​កិច្ចសន្យា ត្រូវ​បាន​រៀបចំ​ឡើងដោយ​ក្រសួង​ការពារជាតិ ក្នុង​គោលបំណង​បង្កើត និង​ពង្រឹង​មូលដ្ឋានគ្រឹះ​នៃ​ប្រភព​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ តាម​រយៈ​ការ​បើក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​បម្រើ​ការងារ​ដោយ​ ស្ម័គ្រចិត្ត តាម​កិច្ចសន្យា​នៅ​ក្នុង​សេវា​រដ្ឋបាល ជំនាញ​ឯកទេស ជំនាញ​បច្ចេកទេស និង​ប្រតិបត្តិការ​សឹក​ក្នុង​រយៈ​ពេល​កំណត់​មួយ។

កងយោធពលខេមរភូមិន្ទ​
© លី ម៉េងហួរ

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន គណៈរដ្ឋមន្ត្រី របស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​អនុម័ត​លើ​អនុក្រឹត្យ​ស្តីពី យោធិន​ជាប់កិច្ចសន្យា ដើម្បី​បើកឱកាស​ឲ្យ​យុវជន​យុវនារី វ័យក្មេង ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​។​


សេចក្តីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ដឹកនាំ​ដោយ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០​ឧសភា បានបង្ហាញ​ថា អនុក្រឹត្យ ស្តីពី យោធិន​ជាប់​កិច្ច​សន្យា ដែលមាន ៩ ជំពូក និង ២៦ មាត្រា ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​ការពារ ជាតិ ក្នុង​គោលបំណង​បង្កើត និង​ពង្រឹង​មូលដ្ឋានគ្រឹះ នៃ​ប្រភពកំលាំង​នៃ​កងយោធពល​ខេមរភូមិន្ទ តាម​រយៈ​នៃ​ការបើកឱកាស​ប្រជាពលរដ្ឋ​បាន​ចូល​បំរើ​ការងារ​ដោយស្ម័គ្រចិត្ត​ តាម​កិច្ចសន្យា​នៅ​ក្នុង​សេវា​រដ្ឋបាល ជំនាញ​ឯកទេស ជំនាញ​បច្ចេកទេស និង​ប្រតិបត្តិការ​សឹក​ក្នុង​រយៈពេល​មួយ​មាន​កំណត់​។


រដ្ឋ​សភា​កម្ពុជា បាន​អនុម័ត​ច្បាប់​កាតព្វកិច្ច​យោធា កាលពី​ឆ្នាំ​២០០៦ ដោយបាន​តម្រូវ​ឲ្យ​យុវជន​ទាំង​ពីរ​ភេទ មាន​អាយុ​ចន្លោះ​ពី​១៨ ទៅ ៣០ ឆ្នាំ ចូល​បម្រើ​កងទ័ព ក្នុង​រយៈពេល ១៨ ខែ​។


នៅ​ថ្ងៃ​ច័ន្ទ​មិនអាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ បានទេ​។​


ក៏​ប៉ុន្តែ​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋ កិច្ចក្រៅ​ប្រព័ន្ធ ចង់ឲ្យ​ការអនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា ត្រូវ​អនុវត្ត​ឲ្យ​ស្មើភាព​គ្នា​រវាង​កូនអ្នកមាន និង​អ្នកក្រ ជៀស​វាង​អំពើពុករលួយ​។ ច្បាប់​នេះ ក៏​ត្រូវ​ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត មិនមែន​ជា​ការចុច​ឈ្មោះ ចាប់បង្ខំ​យុវជន ឲ្យចូល​បម្រើ​កងទ័ព ដូចជំនាន់​មុន​ឡើយ​។


ជា​ការកត់សម្គាល់ អនុក្រឹត្យ ស្តីពី យោធិន​ជាប់កិច្ចសន្យា បាន​ធ្វើឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​។ ជម្លោះ​ដែល​អូសបន្លាយ ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០០៨ មកដល់​សព្វថ្ងៃ បាន​ផ្ទុះអាវុធ​ដាក់​គ្នា​ជាច្រើន នាំ​ឲ្យ​ទាហាន​កម្ពុជា និង​ថៃ របួស ស្លាប់​ជា​ច្រើន​នាក់​៕




BY: rfi

No comments:

Post a Comment

yes