រដ្ឋាភិបាលកម្ពុជា អនុម័តសេចក្តីព្រាងអនុក្រឹត្យស្តីពី
យោធិនជាប់កិច្ចសន្យា
ដោយ លី ម៉េងហួរ
សេចក្តីព្រាងអនុក្រឹត្យ ស្តីពី យោធិនជាប់កិច្ចសន្យា ត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិ ក្នុងគោលបំណងបង្កើត និងពង្រឹងមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងកងយោធពលខេមរភូមិន្ទ តាមរយៈការបើកឱកាសឲ្យប្រជាពលរដ្ឋបានចូលបម្រើការងារដោយ ស្ម័គ្រចិត្ត តាមកិច្ចសន្យានៅក្នុងសេវារដ្ឋបាល ជំនាញឯកទេស ជំនាញបច្ចេកទេស និងប្រតិបត្តិការសឹកក្នុងរយៈពេលកំណត់មួយ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន គណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលកម្ពុជា បានអនុម័តលើអនុក្រឹត្យស្តីពី យោធិនជាប់កិច្ចសន្យា ដើម្បីបើកឱកាសឲ្យយុវជនយុវនារី វ័យក្មេង ចូលបម្រើក្នុងជួរកងទ័ព។
សេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ឧសភា បានបង្ហាញថា អនុក្រឹត្យ ស្តីពី យោធិនជាប់កិច្ចសន្យា ដែលមាន ៩ ជំពូក និង ២៦ មាត្រា ត្រូវបានរៀបចំឡើងដោយក្រសួងការពារ ជាតិ ក្នុងគោលបំណងបង្កើត និងពង្រឹងមូលដ្ឋានគ្រឹះ នៃប្រភពកំលាំងនៃកងយោធពលខេមរភូមិន្ទ តាមរយៈនៃការបើកឱកាសប្រជាពលរដ្ឋបានចូលបំរើការងារដោយស្ម័គ្រចិត្ត តាមកិច្ចសន្យានៅក្នុងសេវារដ្ឋបាល ជំនាញឯកទេស ជំនាញបច្ចេកទេស និងប្រតិបត្តិការសឹកក្នុងរយៈពេលមួយមានកំណត់។
រដ្ឋសភាកម្ពុជា បានអនុម័តច្បាប់កាតព្វកិច្ចយោធា កាលពីឆ្នាំ២០០៦ ដោយបានតម្រូវឲ្យយុវជនទាំងពីរភេទ មានអាយុចន្លោះពី១៨ ទៅ ៣០ ឆ្នាំ ចូលបម្រើកងទ័ព ក្នុងរយៈពេល ១៨ ខែ។
នៅថ្ងៃច័ន្ទមិនអាចទាក់ទងលោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានទេ។
ក៏ប៉ុន្តែលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋ កិច្ចក្រៅប្រព័ន្ធ ចង់ឲ្យការអនុវត្តច្បាប់កាតព្វកិច្ចយោធា ត្រូវអនុវត្តឲ្យស្មើភាពគ្នារវាងកូនអ្នកមាន និងអ្នកក្រ ជៀសវាងអំពើពុករលួយ។ ច្បាប់នេះ ក៏ត្រូវធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមែនជាការចុចឈ្មោះ ចាប់បង្ខំយុវជន ឲ្យចូលបម្រើកងទ័ព ដូចជំនាន់មុនឡើយ។
ជាការកត់សម្គាល់ អនុក្រឹត្យ ស្តីពី យោធិនជាប់កិច្ចសន្យា បានធ្វើឡើងចំពេលដែលប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ។ ជម្លោះដែលអូសបន្លាយ ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៨ មកដល់សព្វថ្ងៃ បានផ្ទុះអាវុធដាក់គ្នាជាច្រើន នាំឲ្យទាហានកម្ពុជា និងថៃ របួស ស្លាប់ជាច្រើននាក់៕
tags: កម្ពុជា
BY: rfi

No comments:
Post a Comment
yes