បារាំង៖ អន្តរជាតិមិនអាចឈរឱបដៃមើលការសម្លាប់
រង្គាលនៅស៊ីរីបានទេ
ដោយ ឈាង បុប្ផា
បារាំង អង់គ្លេសនឹងដាក់អត្ថបទព្រាងស្តីពីសេចក្តីសម្រេចចិត្ត ដែលថ្កោល ទោសទៅលើការបង្ក្រាបដ៏ហិង្សានៅស៊ីរី ទៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃ ពុធទី ៨ មិថុនា។ រហូតមកដល់ពេលនេះ ចិន និងរុស្ស៊ីនៅតែប្រឆាំងដាច់ខាត មិនឲ្យគេដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលស៊ីរី។
បារាំង និងប្រទេសសម្ព័ន្ធមិត្តនឹងសុំឲ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្តី
សម្រេចចិត្តថ្កោលទោសរបបស៊ីរី
Reuters/Jim Young
Reuters/Jim Young
បារាំង អង់គ្លេស អាល្លឺមង់ និងព័រទុយហ្គាល់ បានសរសេរសេចក្តីសម្រេចចិត្តថ្កោល ទោសទៅលើអំពើហិង្សា និងការបង្រ្កាបទៅលើបាតុករ ស៊ីរី ជាច្រើនថ្ងៃមកហើយ ប៉ុន្តែ គេមិនទាន់អាចយកទៅដាក់បញ្ចូលក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សា សន្តិ សុខបាន ដោយសារតែគ្មានការព្រមព្រៀងគ្នា ក្នុងចំណោម ប្រទេសសមាជិកទាំង ១៥។
នៅថ្ងៃអង្គារបារាំង អង់គ្លេស និងសម្ព័ន្ធមិត្តអាមេរិកាំងទើបបានសម្រេចរួមគ្នា ថា នឹងដាក់អត្ថបទព្រាងនេះ ទៅក្នុងតុប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃពុធ។ នៅមុនពេលឡើងយន្តហោះសំដៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីការបរទេសបារាំង លោក Alain Juppé បាននិយាយថា អង្គការសហប្រជាជាតិមិនអាចឈរឱបដៃមើល អាជ្ញាធរស៊ីរី បង្រ្កាបយ៉ាងឃោឃៅទៅ លើបាតុករស៊ីរី ដែលជាប្រជាជនស៊ីវិល ស្លូតត្រង់បានទេ។
រដ្ឋាភិបាលស៊ីរីទើបបានប្រកាសនៅថ្ងៃម្សិលមិញបញ្ជូនទ័ពទៅ បោសសំអាតក្រុមប្រដាប់អាវុធ ដែលរដ្ឋាភិបាលចោទថា បានសម្លាប់ប៉ូលិស និងកងរក្សាសន្តិសុខ ១២០នាក់ កាលពីថ្ងៃចន្ទ ម្សិលម្ង៉ៃ។ ដូច្នេះ គេបារម្ភថា ការបញ្ជូនរថក្រោះ និងទាហានទៅខេត្ត Uisr al Choughour នឹងបង្កឲ្យមានការសម្លាប់បង្ហូរឈាមធ្ងន់ធ្ងរ ជាពិសេសទៅលើប្រជាជនស៊ីវិលស៊ីរីតែម្តង។
លោករដ្ឋមន្រ្តីការបរទេសបារាំងអះអាងថា ក្នុងចំណោម សមាជិកទាំង១៥ ពេលនេះ គេមានសំឡេងចំនួន ១១ គាំទ្រ សេចក្តីសម្រេចចិត្ត។ នោះគឺនៅមានប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌា ប្រេស៊ីលជាដើមដែលនៅរារែកនៅឡើយ។
រុស្ស៊ី និងចិន បានចេញមុខជំទាស់ដាច់ខាតមិនឲ្យគេដាក់ទណ្ឌកម្មលើស៊ីរី។ តាមពិតទៅ រដ្ឋមន្រ្តីការបរទេសបារាំងបានដឹងជាមុនហើយថា រុស្ស៊ី និងចិន នឹងយកជើងរាទឹក មិនឲ្យគេដាក់ទណ្ឌកម្មទៅលើស៊ីរី ដោយប្រើសិទ្ធិវេតូរបស់ខ្លួន ក្នុងនាមជាប្រទេសសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែ បារាំង និងអង់គ្លេសដែលធ្លាប់ចេញមុខឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្ម លើលីប៊ី ទំនងជាចង់រុញចិន និងរុស្ស៊ីឲ្យដល់កន្លែងទ័លមួយ គឺឲ្យចិន និងរុស្ស៊ីទទួលខុសត្រូវលើអ្វីដែលកើតឡើង នៅស៊ីរី។
បារាំងនិយាយ ថា រុស្ស៊ី និងចិន អាចបដិសេធបាន ប៉ុន្តែ រុស្ស៊ីនិងចិន ត្រូវតែទទួលខុសត្រូវ ទៅលើការសម្លាប់រង្គាល ដែលអាចនឹងកើតមាននៅស៊ីរី ក្នុងពេលខាងមុខនេះ ប្រសិនបើគ្មានសេចក្តីសម្រេចចិត្តថ្កោលទោសទាន់ពេល ទៅលើរដ្ឋាភិបាលស៊ីរីទេ។
គេឃើញថា រុស្ស៊ីជំទាស់មិនឲ្យគេប្រើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ទៅលើស៊ីរី ព្រោះស៊ីរី ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី នៅតំបន់ដើមបូព៌ា។ រុស្ស៊ីមានមូលដ្ឋានទ័ពជើងទឹក នៅខេត្តTartus ក្នុងប្រទេសស៊ីរី។
នៅចំពោះមុខជំហរតឹងរ៉ឹងរបស់រុស្ស៊ី បារាំង និងអង់គ្លេសដែលជាអ្នកសរសេរអត្ថបទព្រាងសេចក្តីសម្រេចចិត្តបានបន្ទន់ ឥរិយាបថបន្តិច ដោយមិនទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការ ដាក់ទណ្ឌកម្ម ទេ ប៉ុន្តែ គ្រាន់តែ ទាមទារឲ្យគេថ្កោលទោសទៅលើការបង្រ្កាបហិង្សារបស់អាជ្ញាធរទៅលើ ក្រុមបាតុករ នៅស៊ីរីតែប៉ុណ្ណោះ។ បើតាមក្រុមអង្គការការពារសិទ្ធិមនុស្សក្នុងស្រុក ស៊ីរី រហូតមកដល់ពេលនេះ មានប្រជាជនស៊ីវិលជិត ពីរពាន់នាក់ស្លាប់ នៅក្នុងការបង្រ្កាបរបស់រដ្ឋាភិបាលស៊ីរី។
ដូច្នេះ បារាំង អង់គ្លេស និងអាមេរិកសង្ឃឹមថា ស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ នៅស៊ីរីនឹងអាចធ្វើឲ្យចិន និងរុស្ស៊ីដូរចិត្ត នៅមុនថ្ងៃបោះឆ្នោត ដែលគេរំពឹងថា នឹងធ្វើឡើងនៅចុង ខែមិថុនា ២០១១៕
BY: RFI
No comments:
Post a Comment
yes