បក្ស សិទ្ធិមនុស្សពហិការ បក្ស សមរង្ស៊ីចូលរួមតែមិនលើកដៃ
លោក ម៉ែន សុថាវរិន្រ្ទ អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ី
ពុំមានសមាជិកពីគណបក្សសិទ្ធិមនុស្សអង្គុយនៅលើកៅអីរដ្ឋសភាទេនៅ ព្រឹកនេះក្រៅតែពីសមាជិកសភាពីគណបក្សសមរង្ស៊ីដែលបានចូលរួមនៅ ក្នុងដំណើរការអនុម័តលើសេចក្ដីព្រាងច្បាប់ សិទ្ធិសញ្ញាស្ដីពីចំណុចប្រសព្វនៃតំបន់ព្រំដែនរវាងប្រទេសកម្ពុជា លាវនិងយួន។
លោក ម៉ែន សុថាវរិន្រ្ទ អ្នកតំណាងរាស្ត្រមួយរូបពីគណបក្សសមរង្ស៊ីដែលកំពុងស្ថិតនៅក្នុង សាលប្រជុំរបស់សភានាព្រឹកថ្ងៃព្រហស្បតិ៍នេះបានថ្លែងប្រាប់ ទស្សនាវដ្ដីសារព័ត៌មានសេរីថាក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្ស លោកបានចូលរួមប្រជុំជាផ្នែក នៃការឃ្លាំមើលដំណើរការអនុម័តច្បាប់នេះ ប៉ុន្ដែមិនលើកដៃទេ។
ចំណែកតំណាងរាស្រ្ដគណបក្សសិទ្ធិមនុស្សដែលជាគណបក្សប្រឆាំងលំដាប់ ទី២ របស់កម្ពុជាពុំមានវត្ដមានចូលរួមនៅក្នុងដំណើរការពិភាក្សាអនុម័ត ច្បាប់ប្រកបដោយភាពចម្រូងចម្រាសនេះទេ។
មូលហេតុនៃការមិនចូលរួមត្រូវបានគណបក្សនេះលើកឡើងរួចហើយនៅ ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួនកាលពីថ្ងៃអង្គារថាព្រោះតែ ខ្លួនទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាមានការដាំបង្គោល នៅលើចំណុចប្រសព្វព្រំដែន។
សេចក្ដីថ្លែងការណ៍បានលើកឡើងដូច្នេះថា «គណបក្សសិទ្ធមនុស្សសូមស្នើឲ្យរដ្ឋាភិបាលពិចារណាអំពីបញ្ហានេះឲ្យ បានម៉ត់ចត់ ហើយបក្សកាន់អំណាចត្រូវតែទទួលខុសត្រូវចំពោះមុខប្រជាជនខ្មែរ ចំពោះមុខប្រវត្ដិសាស្រ្ដចំពោះមុខទង្វើរបស់ខ្លួន..»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានពន្យល់ចំពោះការចូលរួមប្រជុំនៅ ព្រឹកនេះថា «ការចូលរួមកិច្ចប្រជុំមិនមែនមានន័យថា យើងគាំទ្ររដ្ឋាភិបាលទេ។ យើងចូលរួមប្រជុំគឺដើម្បីប្រាប់ប្រជាជនរាប់លាននាក់ឲ្យដឹងថា យើងមិនគាំទ្រសេចក្ដីព្រាងច្បាប់នេះទេ ព្រោះវាធ្វើឲ្យដីរបស់យើងបាត់»៕
ពីសារព័ត៌មានសេរី
No comments:
Post a Comment
yes