តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ស្នើក្រុម
ប្រឹក្សាធម្មនុញ្ញ ចាត់វិធានការចំពោះនាយក
រដ្ឋមន្រ្តី និងរដ្ឋមន្រ្តីដែលបំពានច្បាប់ធម្មនុញ្ញ
លិខិតរបស់អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីដែលផ្ញើទៅកាន់លោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានលើកឡើងថា អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីមានការលំបាកក្នុងការបំពេញ តួនាទី ដោយសំណួរដែលខ្លួនបានដាក់ទៅរដ្ឋាភិបាលកន្លងមក ទាំងរដ្ឋមន្រ្តី ក៏ដូចជានាយករដ្ឋមន្រ្តីពុំបានអនុវត្តតាមគោលការណ៏ដែលមានចែង ក្នុងមាត្រា៩៦ នៃរដ្ឋធម្មនុញ្ញនោះទេ។
លិខិតនោះបានលើកយកលទ្ធផលនៃការស្រាវជ្រាវចំពោះសំណួរដែលអ្នក តំណាងរាស្រ្តគណបក្សសមរង្ស៊ីបានដាក់លិខិតទៅរដ្ឋាភិបាលតាមរយៈ ប្រធានរដ្ឋសភានៅឆ្នាំ២០០៩កន្លងទៅចំនួន១៣២លិខិត គឺមានការឆ្លើយតបតែ៣៩លិខិតតែប៉ុណ្ណោះ។ ពោលគឺតែ២៣ភាគរយ ហើយការឆ្លើយតបនោះទៀតសោត គឺយឺតយ៉ាវមិនទាន់ពេលវេលាកំណត់ដោយរដ្ឋធម្មនុញ្ញ ដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវឆ្លើយតបក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរនោះ។
អ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីក៏បានលើកយកឧទាហរណ៍ជាក់ស្តែង ដូចជាកាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ តំណាងរាស្រ្តគណបក្សសមរង្ស៊ីបានធ្វើលិខិតដាក់សំណួរទៅនាយករដ្ឋ មន្រ្តី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភាឲ្យមានការបំភ្លឺពីការដែលរដ្ឋាភិបាលពុំ ព្រមប្រើប្រាស់យន្តការនៃកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីទប់ទល់នឹងការឈ្លានពានទឹកដីពីប្រទេសថៃ។ តែរហូតមកទល់ថ្ងៃនេះ អ្នកតំណាងរាស្រ្តដែលជាម្ចាស់សំណួរមិនទាន់ទទួលបានចម្លើយពីនាយក រដ្ឋមន្រ្តីវិញនៅឡើយទេ។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាត្រង់មាត្រាទី៩៦ បានចែងថា តំណាងរាស្រ្តមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយល័ក្ខអក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋ សភា។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្រ្តីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ រដ្ឋមន្រ្តីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្រ្តីត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្រ្តី ឬរបស់នាយករដ្ឋមន្រ្តីអាចធ្វើដោយផ្ទាល់មាត់ ឬសរសេរជាលាយល័ក្ខអក្សរ។ ចម្លើយខាងលើនេះត្រូវធ្វើឡើងក្នុងពេលប្រាំពីរថ្ងៃបន្ទាប់ពីបាន ទទួលសំណួរ …៕
ពីកេហទំព័រ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes