តើតុលាការព្រហ្មទណ្ឌអន្តរជាតិអាចនាំខ្លួន
កាដាហ្វ៊ី ទៅកាត់ទោសដែរឬទេ ?
ដោយ សេង ឌីណា
កាលពីថ្ងៃចន្ទ ២៧មិថុនា២០១១នេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ក្រុងឡាអេ) បានចេញដីកាចាប់ខ្លួនមន្រ្តីជាន់ខ្ពស់បីរូបរបស់លីប៊ី គឺលោកកាដាហ្វ៊ី កូនប្រុសរបស់លោកកាដាហ្វ៊ី និងមេចារកិច្ចយោធាលីប៊ី។ មនុស្សទាំងបីរូបនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តទៅលើបាតុករប្រឆាំង នាពេលកន្លងមក។ ក៏ប៉ុន្តែ សំណួរចោទឡើងថា តើគេពិតជាអាចចាប់ខ្លួនលោកាដាហ្វ៊ីមកកាត់ទោស តាមដីកានេះដែរឬទេ?
លោកមូអាម៉ារ កាដាហ្វ៊ីប្រមុខដឹកនាំលីប៊ីដែលតុលាការព្រហ្ម
ទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួន
REUTERS/Libya TV
REUTERS/Libya TV
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ក្រុងឡាអេ) គឺជាតុលាការអន្តរជាតិ ដែលមានសមត្ថកិច្ចទូលំទូលាយជាងគេ ក៏ប៉ុន្តែ តុលាការនេះមិនមានកម្លាំងប៉ូលិសផ្ទាល់ខ្លួន ដើម្បីធានាការអនុវត្តសេចក្តីសម្រេចរបស់ខ្លួននោះទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិពឹងផ្អែកទាំងស្រុងទៅលើកងកម្លាំងរបស់ ប្រទេសជាសមាជិក។
ថ្វីដ្បិតតែលីប៊ីមិនមែនជារដ្ឋសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ក៏ប៉ុន្តែ លីប៊ីនៅតែមានសមត្ថកិច្ចអនុវត្តដីការបស់តុលាការនេះ ព្រោះសំណុំរឿងលីប៊ី នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ កើតចេញពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ក៏ប៉ុន្តែ គេមិនរំពឹងថា កងកម្លាំងរដ្ឋាភិបាលរបស់លោកកាដាហ្វ៊ីនឹងអនុវត្តតាមដីកាចាប់ខ្លួន នេះទេ។
សេណារីយ៉ូដែលសហគមន៍អន្តរជាតិរំពឹងចង់បានជាងគេ គឺលោកកាដាហ្វ៊ីត្រូវចាប់ខ្លួនដោយកងកម្លាំងឧទ្ទាមលីប៊ីខ្លួនឯង ហើយបញ្ជូនទៅឡាអេ ដើម្បីកាត់ទោស។ ក៏ប៉ុន្តែ បើមើលទៅលើតុល្យភាពនៃកម្លាំងនៅពេលនេះ កងកម្លាំងឧទ្ទាមទំនងជាមិនមានសមត្ថភាពចូលទៅចាប់ខ្លួនលោកកាដាហ្វ៊ី បាននោះទេ។
សេណារីយ៉ូមួយទៀត គឺកងកម្លាំងអូតង់ជាអ្នកចូលទៅចាប់ខ្លួនលោកកាដាហ្វ៊ី។ អូតង់អាច មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចាប់ខ្លួនលោកកាដាហ្វ៊ីបាន។ ក៏ប៉ុន្តែ ដើម្បីចាប់ខ្លួនលោកកាដាហ្វ៊ីបាន អូតង់ចាំបាច់ត្រូវតែប្រើកងទ័ពថ្មើរជើង ដែលក្រុមប្រឹក្សាសន្តិសុខបានហាមឃាត់ដាច់ខាត ក្នុងសេចក្តីសម្រេចកន្លងមក។ ដូច្នេះ បញ្ហាផ្លូវច្បាប់មួយនឹងត្រូវចោទឡើង។ តើអូតង់អាចបញ្ជូនកម្លាំងថ្មើរជើងទៅចាប់ខ្លួនលោកកាដាហ្វ៊ី ដោយសំអាងតែទៅលើដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ឬក៏ចាំបាច់ត្រូវតែទៅសុំការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ជាមុន? ការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខទំនងជាមិនអាចធ្វើទៅបានទេ ដោយសារតែមានចិន និងរុស្ស៊ីជំទាស់។
គួរបញ្ជាក់ថា នៅមុនលោកកាដាហ្វ៊ី តុលាការព្រហ្មទណ្ឌអន្តរជាតិក៏ធ្លាប់បានចេញដីកាចាប់ខ្លួន ប្រមុខរដ្ឋក្នុងតំណែងមួយរូបរួចមកហើយ គឺលោកអូម៉ា អ៊ែល-បេស្ហៀរ (Omar el-Béchir) ប្រធានាធិបតីស៊ូដង់។ ដីកាចាប់ខ្លួនបានចេញតាំងពីឆ្នាំ២០០៩ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ លោកបេស្ហៀរ នៅតែបន្តកាន់តំណែងជាប្រមុខរដ្ឋស៊ូដង់ដដែល។ នៅថ្ងៃអង្គារនេះទៀតសោត លោកបេស្ហៀរកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន តាមការអញ្ជើញរបស់មេដឹកនាំចិនថែមទៀត។
ដូច្នេះ ថ្វីដ្បិតតែតុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក កាដាហ្វ៊ី ក៏ប៉ុន្តែ ការចាប់ខ្លួនលោកកាដាហ្វ៊ីទៅកាត់ទោសទំនងជានឹងមិនអាចកើតឡើងក្នុង ពេលឆាប់ៗនេះបានទេ៕
tags: តុលាការព្រហ្មទណ្ឌអន្តរជាតិ - លីប៊ី
BY: FRI
No comments:
Post a Comment
yes