Wednesday, June 29, 2011

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ស្នើក្រុម
ប្រឹក្សាធម្មនុញ្ញ ចាត់វិធានការចំពោះនាយក
រដ្ឋមន្រ្តី និងរដ្ឋមន្រ្តីដែលបំពានច្បាប់ធម្មនុញ្ញ

​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី​ចំនួន​១៦​រូប​បាន​សរសេរ​លិខិត​មួយ​ ច្បាប់​ផ្ញើ​ទៅ​កាន់​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដោយ​ធ្វើ​ការ​ស្នើ​ឲ្យ​ចាត់​វិធានការ​ចំពោះ​នាយក​រដ្ឋមន្រ្តី ក៏​ដូច​ជា​រដ្ឋ​មន្រ្តី​ក្នុង​រដ្ឋាភិបាល​ដែល​បាន​បំពាន​ទៅ​លើ​មាត្រា​៩៦ នៃ​រដ្ឋ​ធម្មនុញ្ញ ក្នុង​ការ​មិន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​តំណាង​រាស្រ្ត។

​លិខិត​របស់​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​ដែល​ផ្ញើ​ទៅ​កាន់​លោក ឯក សំអុល ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​ឡើង​ថា អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី​មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​ តួនាទី ដោយ​សំណួរ​ដែល​ខ្លួន​បាន​ដាក់​ទៅ​រដ្ឋា​ភិបាល​កន្លង​មក​ ទាំង​រដ្ឋ​មន្រ្តី ក៏​ដូច​ជា​នាយក​រដ្ឋ​មន្រ្តីពុំ​បាន​អនុវត្ត​តាម​គោល​ការណ៏​ដែល​មាន​ចែង​ ក្នុង​មាត្រា​៩៦ នៃ​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។

​លិខិត​នោះ​បាន​លើក​យក​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ចំពោះ​សំណួរ​ដែល​អ្នក​ តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី​បាន​ដាក់​លិខិត​ទៅ​រដ្ឋា​ភិបាល​តាម​រយៈ​ ប្រធាន​រដ្ឋ​សភា​នៅ​ឆ្នាំ​២០០៩​កន្លង​ទៅ​ចំនួន​១៣២​លិខិត គឺ​មាន​ការ​ឆ្លើយ​តប​តែ​៣៩​លិខិត​តែ​ប៉ុណ្ណោះ។ ពោល​គឺ​តែ​២៣​ភាគរយ ហើយ​ការឆ្លើយ​តប​នោះ​ទៀត​សោត គឺ​យឺត​យ៉ាវ​មិន​ទាន់​ពេល​វេលា​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញ ដែល​តម្រូវ​ឲ្យ​រដ្ឋា​ភិបាល​ត្រូវ​ឆ្លើយ​តប​ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ​នោះ។

​អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី​ក៏​បាន​លើក​យក​ឧទាហរណ៍​ជាក់ស្តែង​ ដូច​ជា​កាល​ពី​ថ្ងៃទី​៨ ខែ​ឧសភា​កន្លង​ទៅ តំណាង​រាស្រ្ត​គណ​បក្ស​សម​រង្ស៊ី​បាន​ធ្វើ​លិខិត​ដាក់​សំណួរ​ទៅ​នាយក​រដ្ឋ​ មន្រ្តី ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋ​សភា​ឲ្យ​មាន​ការ​បំភ្លឺ​ពី​ការ​ដែល​រដ្ឋា​ភិបាល​ពុំ​ ព្រម​ប្រើ​ប្រាស់​យន្តការ​នៃ​កិច្ច​ព្រម​ព្រាង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១ ដើម្បី​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​ទឹកដី​ពី​ប្រទេស​ថៃ។ តែ​រហូត​មក​ទល់​ថ្ងៃ​នេះ អ្នក​តំណាង​រាស្រ្ត​ដែលជា​ម្ចាស់​សំណួរ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​នាយក​ រដ្ឋ​មន្រ្តី​វិញ​នៅ​ឡើយ​ទេ។

​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ត្រង់​មាត្រា​ទី​៩៦ បាន​ចែង​ថា តំណាង​រាស្រ្ត​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជ​រដ្ឋាភិបាល។ សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយ​ល័ក្ខអក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​រដ្ឋ​ សភា។ ចម្លើយអាច​ធ្វើ​ឡើង​ដោយ​រដ្ឋ​មន្រ្តី​មួយ​រូប ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា​ដែល​បាន​ចោទ​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់ ​រដ្ឋ​មន្រ្តី​មួយ​រូប ឬ​ច្រើន​រូប។ បើ​បញ្ហា​ពាក់​ព័ន្ធ​ដល់​នយោ​បាយ​ទូទៅ​របស់​រាជ​រដ្ឋា​ភិបាល នាយក​រដ្ឋ​មន្រ្តី​ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។ ចម្លើយ​របស់​រដ្ឋ​មន្រ្តី ឬ​របស់​នាយក​រដ្ឋ​មន្រ្តី​អាចធ្វើ​ដោយ​ផ្ទាល់​មាត់ ឬ​សរសេរ​ជា​លាយ​ល័ក្ខ​អក្សរ។ ចម្លើយ​ខាង​លើ​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​ប្រាំពីរ​ថ្ងៃ​បន្ទាប់​ពី​បាន​ ទទួល​សំណួរ …៕


ពីកេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes