Wednesday, June 29, 2011

តើតុលាការព្រហ្មទណ្ឌអន្តរជាតិអាចនាំខ្លួន
កាដាហ្វ៊ី ទៅកាត់ទោសដែរឬទេ ?

កាល​ពី​ថ្ងៃ​ចន្ទ ២៧​មិថុនា​២០១១​នេះ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ក្រុង​ឡាអេ) បាន​ចេញ​ដីកា​ចាប់ខ្លួន​មន្រ្តី​ជាន់ខ្ពស់​បីរូប​របស់​លីប៊ី គឺ​​​លោក​កាដាហ្វ៊ី កូន​ប្រុស​របស់​លោក​កាដាហ្វ៊ី និង​មេចារកិច្ចយោធា​លីប៊ី។ មនុស្ស​ទាំងបីរូបនេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​បាន​ប្រព្រឹត្ត​ទៅលើ​បាតុករ​ប្រឆាំង នាពេល​កន្លង​មក។ ក៏ប៉ុន្តែ សំណួរ​ចោទឡើង​ថា តើ​គេ​ពិត​ជា​អាច​ចាប់ខ្លួន​លោ​កាដាហ្វ៊ី​​មក​កាត់ទោស តាម​ដីកា​​នេះ​ដែរ​ឬ​ទេ?
លោកមូអាម៉ារ កាដាហ្វ៊ីប្រមុខដឹកនាំលីប៊ីដែលតុលាការព្រហ្ម
ទណ្ឌអន្តរជាតិចេញដីកាចាប់ខ្លួន
REUTERS/Libya TV

​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ក្រុងឡាអេ) គឺ​ជាតុលាការ​អន្តរជាតិ ដែល​មានសមត្ថកិច្ច​ទូលំទូលាយ​ជាងគេ ក៏ប៉ុន្តែ តុលាការ​នេះ​មិនមាន​កម្លាំង​ប៉ូលិស​ផ្ទាល់​ខ្លួន​ ដើម្បី​​ធានា​ការ​អនុវត្ត​សេចក្តី​សម្រេច​របស់​ខ្លួន​នោះទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​​​កងកម្លាំង​របស់​ ប្រទេស​ជាសមាជិក។

​ថ្វីដ្បិត​តែ​លីប៊ី​មិនមែន​ជា​រដ្ឋសមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏ប៉ុន្តែ លីប៊ី​នៅតែ​មាន​សមត្ថកិច្ច​អនុវត្ត​​ដីកា​របស់​តុលាការ​នេះ ព្រោះ​សំណុំរឿង​លីប៊ី នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ កើតចេញ​ពី​​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិ​សុខ​អ.ស.ប.។ ក៏ប៉ុន្តែ គេ​មិនរំពឹង​ថា កងកម្លាំង​រដ្ឋាភិបាលរបស់​លោក​កាដាហ្វ៊ី​នឹង​​អនុវត្ត​តាម​ដីកា​ចាប់ខ្លួន​ នេះ​ទេ។

​សេណារីយ៉ូ​ដែល​សហគមន៍​អន្តរជាតិ​រំពឹង​ចង់បានជាងគេ គឺ​​លោក​កាដាហ្វ៊ី​ត្រូវ​ចាប់ខ្លួន​ដោយ​កងកម្លាំង​ឧទ្ទាម​លីប៊ី​ខ្លួនឯង ហើយ​បញ្ជូន​ទៅ​ឡាអេ ដើម្បី​កាត់​ទោស។ ក៏ប៉ុន្តែ បើ​មើលទៅលើ​​តុល្យភាព​នៃ​កម្លាំង​នៅពេលនេះ កងកម្លាំង​ឧទ្ទាម​ទំនង​ជា​មិនមាន​សមត្ថភាព​ចូល​ទៅ​ចាប់ខ្លួន​លោក​កាដាហ្វ៊ី​ ​បាន​នោះទេ។

​សេណារីយ៉ូ​មួយទៀត គឺ​កងកម្លាំង​អូតង់​ជា​អ្នក​ចូល​ទៅចាប់ខ្លួន​លោក​កាដាហ្វ៊ី។ អូតង់​អាច​ មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ចាប់ខ្លួន​លោក​កាដាហ្វ៊ី​បាន។ ក៏ប៉ុន្តែ ដើម្បី​ចាប់ខ្លួន​លោក​កាដាហ្វ៊ី​បាន អូតង់​ចាំបាច់​ត្រូវ​តែ​ប្រើ​​កងទ័ព​ថ្មើរជើង ដែល​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ហាមឃាត់​ដាច់ខាត ក្នុង​សេចក្តី​សម្រេច​កន្លងមក។ ដូច្នេះ បញ្ហា​ផ្លូវច្បាប់​មួយ​នឹង​ត្រូវ​ចោទឡើង។ តើ​អូតង់​អាច​បញ្ជូន​កម្លាំង​ថ្មើរជើង​ទៅ​ចាប់ខ្លួន​លោក​កាដាហ្វ៊ី​ ដោយ​​សំអាង​តែ​ទៅលើ​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ក៏​ចាំបាច់​ត្រូវ​តែ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ ជាមុន? ការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​សន្តិសុខ​ទំនង​ជា​មិន​អាច​ធ្វើ​ទៅបាន​ទេ ដោយសារ​តែ​មាន​ចិន និង​រុស្ស៊ី​ជំទាស់។

​គួរ​បញ្ជាក់ថា នៅមុន​លោក​កាដាហ្វ៊ី តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏​ធ្លាប់​បាន​ចេញ​ដីកា​ចាប់ខ្លួន​​ ប្រមុខរដ្ឋ​ក្នុង​តំណែង​មួយរូប​រួចមកហើយ គឺលោក​អូម៉ា អ៊ែល​-បេស្ហៀរ (Omar el-Béchir) ​ប្រធានាធិបតី​ស៊ូដង់។ ដីកា​ចាប់ខ្លួន​បាន​ចេញ​តាំង​ពី​ឆ្នាំ​២០០៩ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ លោក​បេស្ហៀរ នៅតែ​បន្តកាន់តំណែង​ជា​ប្រមុខរដ្ឋ​ស៊ូដង់​ដដែល។ នៅថ្ងៃ​អង្គារ​នេះ​ទៀតសោត លោក​បេស្ហៀរ​​កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​ចិន​ថែមទៀត។

​ដូច្នេះ ថ្វីដ្បិត​តែ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​ កាដាហ្វ៊ី ក៏ប៉ុន្តែ ការ​ចាប់ខ្លួន​លោក​កាដាហ្វ៊ី​ទៅកាត់ទោស​ទំនង​ជា​នឹង​មិន​អាច​កើតឡើង​ក្នុង​ ពេល​ឆាប់ៗ​នេះ​បានទេ៕


BY: FRI

No comments:

Post a Comment

yes