សកម្មជនការពារធនធានជលផលនៅ កោះកុង
ត្រូវគេប៉ងធ្វើឃាត
ដោយ អ៊ុក សាវបូរី
អាជ្ញាធរភូមិតាអុក និងមេប៉ុស្តិ៍ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង អះអាងថា អាជ្ញាធរកំពុងស៊ើបអង្កេត និងកំណត់មុខសញ្ញាជនសង្ស័យ ដែលលួចធ្វើឃាតសកម្មជនការពារធនធានសុមុទ្ទ ឈ្មោះ ណែត សួង អាយុ ៤៦ ឆ្នាំ កាលពីយប់ថ្ងៃសៅរ៍ទី ៤ មិថុនា ឆ្នាំ ២០១១។
លោក ណែត សួង ជនដែលគេលួចធ្វើឃាត ឲ្យដឹងថា នៅម៉ោង ៨ យប់ថ្ងៃសៅរ៍ គាត់កំពុងស្ដាប់វិទ្យុ មានជនមិនស្គាល់មុខ មកបាញ់កាំភ្លើងពីក្រោមផ្ទះចំកន្លែងគាត់កំពុងសម្រាក។ ប៉ុន្តែ គាត់មិនមានរបួស ឬគ្រោះថ្នាក់អ្វីទេ។
នាយកអង្គការសម្ពន្ធភាព ដើម្បីអភិរក្សធនធានជលផល (FACT) លោក អោម សាវ៉ាត បានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ឱ្យជួយរកយុត្តិធម៌ដល់សកម្មជន ដែលជួយការពារធនធានជលផល ទាំងទឹកសាប និងសមុទ្ទ ដែលជាញឹកញយសកម្មជនខ្លះ តែងតែរងនូវគ្រោះថ្នាក់ ឬការគំរាមកំហែងអាយុជីវិតពួកគេ ដូចជា លោក ណែត សួង ជាដើម។
កន្លងមក លោក ណែត សួង បានជួយអប់រំពលរដ្ឋកុំឱ្យនេសាទទឹករាក និងកុំប្រើឧបករណ៍នេសាទខុសច្បាប់ ដើម្បីចាប់ផលពីសមុទ្ទជាដើម។ គាត់បានរងនូវការបាញ់គំរាមដល់ផ្ទះដូច្នេះ។
នាយប៉ុស្តិ៍រដ្ឋបាលឃុំអណ្ដូងទឹក លោក ង៉ែត សារ៉ន បានថ្លែងថា កំពុងតាមដានរឿងនេះ ព្រោះលោក ណែត សួង ជួយការពារធនធានជលផលទុកជាផលប្រយោជន៍សង្គម៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes