សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 8, 2011


ពលរដ្ឋខ្មែរច្រើនឡើងមានសុទិដ្ឋិនិយមលើតុលាការ

ខ្មែរក្រហម
​ដោយ លាង ដឺលុច

ពីរ​ឆ្នាំ​ក្រោយ​ការ​កាត់​ទោសអតីត​មេគុក​ទួលស្លែង ពោល​គឺ​នៅ​ឆ្នាំ​២០១០ ការ​ស្ទង់មតិ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ចង់ដឹង​អំពី​ចំណាប់​អារម្មណ៍​ របស់​ពលរដ្ឋ​ខ្មែរ​លើ​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម។ ​លទ្ធផល​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង បាន​បង្ហាញ​ការជឿជាក់​ថា តុលាការ​ខ្មែរក្រហម​នឹង​ជួយ​កសាង​ការ​ជឿជាក់ និង​ការ​ផ្សះផ្សា​ជាតិ ហើយ​ថា​តុលាការ​កូន​កាត់​នេះ​មាន​អព្យាក្រឹតភាព។ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ភាគ​ច្រើន​បាន​និយាយ​ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​តិច​តួច​នៅ​ឡើយ​​អំពី​សាលាក្តី។


ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ដំណើរការ​ សាលាក្តី​ខ្មែរក្រហម​ដែល​បាន​បញ្ចប់​ករណី​កាត់ទោស​អតីត​ប្រធាន​គុកទួលស្លែង ឌុច ហើយ​ដែល​កំពុង​ត្រៀម​បើក​សវនាការ​ទី​២ ដើម្បី​កាត់ទោស​មេ​ដឹកនាំ​កំពូល​៤​នាក់​ទៀត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សុទិដ្ឋិនិយម​ត្រង់ថា ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​សម្ភាស​កាន់តែ​ច្រើន​ឡើង​បាន​ជឿជាក់​ថា តុលាការ​ខ្មែរក្រហម​នឹង​ផ្តល់​យុត្តិធម៌​ដល់​ប្រជាជន​ខ្មែរ ធ្វើ​អោយ​ជន​រងគ្រោះ​មាន​អារម្មណ៍​ប្រសើរ​ឡើង កាត់​បន្ថយ​កំហឹង​ហើយ​ថា​តុលាការ​នេះ​នឹង​ជួយ​កសាង​ទំនុកចិត្ត និង​លើក​ស្ទួយការ​ផ្សះផ្សាជាតិ​នៅ​កម្ពុជា។

​លទ្ធផល​នេះ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន ​ធ្វើ​ឡើង​នៅ​​ខែ​ធ្នូ​ឆ្នាំ​២០១០ លើ​មនុស្ស​១០០០​នាក់​ក្នុង​២៤​រាជធានី​ខេត្ត។ ជា​ការ​ស្ទង់​មតិ​លើក​ទី​២ ដែល​មាន​ឈ្មោះ​ថា "ក្រោយពី​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ទី​១" ដើម្បី​ចង់​ដឹង​អំពី​ចំណេះដឹង និង​ការ​យល់ឃើញ​អំពី​បញ្ហា​យុត្តិធម៌ និង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ការស្ទាបស្ទង់​មតិ​នេះ ដឹកនាំ​ធ្វើ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស នៃ​សាកល​វិទ្យាល័យ​កាលី​ហ្វ័រនីញ៉ា ប៊ើឃ្លី។លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​៨​មិថុនា​ស្អែក​នេះ។

​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ថ្វីដ្បិតតែ​មាន​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​មាន​ទំនុកចិត្ត​ និង​ជឿជាក់​លើ​តុលាការ​ខ្មែរក្រហម​ក៏​ដោយ ប៉ុន្តែ​មិនមែន​មាន​ន័យថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​ច្រើន​អំពី​តុលាការ​អំពី​សកម្មភាព​ ឬ​ដំណើរការ​តុលាការ​នោះ​ឡើយ។ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញ​ថា ៧៧​ភាគ​រយ​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ឆ្លើយ​ថា​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ តិចតួច​អំពី​សាលាក្តី​ខ្មែរ​ក្រហម។ ដូច្នេះ​របាយការណ៍​បាន​ផ្តល់​អនុ​សាសន៍​អោយ​សាលាក្តី​បន្ត​ប្រឹងប្រែង​ យុទ្ធនាការ​ផ្សព្វផ្សាយ​បន្ថែមទៀត នៅ​មុន​ពេល សវនាការ​សំណុំរឿង​០០២​ចាប់​ផ្តើម។ អ្នក​សរសេរ​របាយការណ៍​ក៏​បាន​អំពាវនាវ​អោយ​តុលាការ​ធានា​តម្លាភាព និង​ដោះស្រាយ​កុំ​អោយ​មាន​ការ​លូកដៃ​ផ្នែក​នយោបាយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ យុត្តិធម៌​នៃ​តុលាការ​នេះដែរ៕

​tags: កម្ពុជា - តុលាការខ្មែរក្រហម

BY: RFI

No comments:

Post a Comment

yes