ពីរនាក់ប្តីប្រពន្ធ បើកម៉ូតូឆ្លងកាត់ផ្លូវកែងត្រូវរថយន្តឡិចស៊ីស បុកប៉ើងដូចកណ្តប
រាជធានីភ្នំពេញ៖ ពីរនាក់ប្តីប្រពន្ធត្រូវរថយន្តឡិចស៊ីស RX 300 បុកប៉ើងដូចកណ្តបស្បូវ និងស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៦ កក្កដា ២០១១ នៅកែងផ្លូវលេខ៥១ និងផ្លូវលេខ២២២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយរថយន្តបានបើកគេចដោយ សុវត្ថិភាព។
សាក្សីដែលឃើញហេតុការណ៍បានឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 300 ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវលេខ២២២ ឆ្ពោះទៅទិសខាងកើតក្នុងល្បឿនយ៉ាងលឿន ចេញពីក្លឹបកម្សាន្តក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។លុះមកដល់កែងផ្លូវលេខ៥១ ស្រាប់តែបុកជាមួយនឹងម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ជិះគ្នាពីរនាក់ ដែលបើកលើផ្លូវលេខ៥១ ពីជើងទៅត្បូងលាន់សូរដូចរន្ទះ ។ ម៉ូតូ និង មនុស្សទាំងពីរនាក់បានប៉ើងដូចកណ្តបស្បូវ ហើយស្ត្រីដែលអង្គុយពី ក្រោយ ខ្ទាតទៅបោកខ្លួននឹងដើមឈើ ដោយឡែកបុរសជាអ្នកបើកម៉ូតូប៉ើងទៅចិញ្ចើមផ្លូវដែលមានចម្ងាយពីស្ត្រីរងគ្រោះប្រហែលជា៦ម៉ែត្រ ។ ជនរ ងគ្រោះទាំងពីរនាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងដោយបាក់ដៃបាក់ជើង និងបាក់ក រីឯម៉ូតូខ្ទេចផ្នែកខាងក្រោយ ចំណែករថយន្តបង្កហេតុមិនបានឈប់នោះទេ ទោះបីជាបែកកង់មុខខាងស្តាំក៏ដោយ នៅតែព្យាយាមបើកគេចខ្លួនបាត់ ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជាម្ចាស់ម៉ូតូដែលស្លាប់មាន ឈ្មោះជឺ ពេញពិសិដ្ឋ អាយុ៤១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្រុកកំណើតឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រីឯស្ត្រីឈ្មោះស្រីកា អាយុ២៨ឆ្នាំ ជនរងគ្រោះទាំងពីរនាក់នេះត្រូវបានសាច់ញាតិប្រាប់ថា ស្ត្រីដែលស្លាប់នោះត្រូវជាប្រពន្ធក្រោយរបស់បុរសរងគ្រោះខាងលើ។
ក្រោយកើតហេតុ សពបុរសរងគ្រោះជឺ ពេញពិសិដ្ឋ ត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតឯឃុំចំបក់ ស្រុកព្រែកប្រសព្វ ចំណែកសពស្ត្រីរងគ្រោះយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes