ស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់ក្នុងមន្ទីរពេទ្យស្រុកកំពង់ត្រាច ដោយសារគ្រូពេទ្យមិនយកចិត្តទុកដាក់?
កំពត: ស្ត្រីម្នាក់បានស្លាប់ ក្រោយពីបានចូលឆ្លងទន្លេក្នុងមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង ២ និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១១។ ការស្លាប់ស្ត្រីនោះ ត្រូវបានគេលើកឡើងថា ដោយសារតែការមិនយកចិត្តទុកដាក់ និងមិនមានសមត្ថភាពគ្រប់គ្រាន់របស់ក្រុមគ្រូពេទ្យស្រុកកំពង់ត្រាច។
លោក អ៊ូ ពុធ ជាកសិករ រស់នៅភូមិកោះតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច បានរៀបរាប់ថា គាត់មានការសោកស្តាយ និងហួសចិត្តជាពន់ពេក ដោយសារគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចអសមត្ថភាព ពិសេសអ្នកគ្រូពេទ្យវេន ប្រចាំការនាយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ គ្រាដែលគាត់នាំប្រពន្ធចូលឆ្លងទន្លេ ហើយអ្នកគ្រូពេទ្យរូបនោះ មិនរួសរាន់ជួយ ពេលអ្នករងគ្រោះកំពុងជួបអាសន្ន។
លោក អ៊ូ ពុធ រៀបរាប់ពីដំណើររឿងថា ប្រពន្ធរបស់គាត់ឈ្មោះហេង សុខលី អាយុ ៤៥ឆ្នាំ បាន ឈឺពោះឆ្លងទន្លេ កូនទី៦ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ ។ ពេលនាំប្រពន្ធចូលពេទ្យស្រុកនោះ ស្ត្រីដែលឈឺពោះឆ្លងទន្លេ មានស្ថានភាពធម្មតាទេ។ លុះដល់យប់បន្តិច បន្ទាប់ពីមិនឃើញគ្រូពេទ្យមករវីរវល់ គាត់បានតាមទៅប្រាប់អ្នកគ្រូពេទ្យប្រចាំការម្នាក់ ដោយសារឃើញប្រពន្ធហាក់ដូចជា ស្លឈាម តែអ្នកគ្រូពេទ្យនោះ មិនបានពិនិត្យអ្នកជំងឺភ្លាមៗទេ។
បុរសរូបនោះ បានបន្ថែមថា លុះក្រោយមកស្ថានភាពប្រពន្ធគាត់កាន់តែខ្លាំង គាត់ក៏តាមទៅម្តងទៀត ទើបអ្នកគ្រូពេទ្យ មកមើលដោយគ្រាន់តែដាក់ដៃប៉ះលើពោះ រួចត្រឡប់ ទៅវិញបាត់។ ស្រាប់តែដល់ម៉ោង ២ និង៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១១ ពេលឃើញប្រពន្ធរបស់គាត់ត្រដខ្យល់មែនទែន បុរសនោះបានតាមទៅហៅពេទ្យម្តងទៀត ប៉ុន្តែជាអកុសល អ្នកគ្រូពេទ្យមិនទាន់មកដល់ផង ប្រពន្ធរបស់គាត់បានស្លាប់ទៅហើយ។ លុះអ្នកគ្រូពេទ្យប្រចាំការមកដល់បែរជាបន្ទោសគាត់ថា មិនព្រមហៅពេលហេតុការណ៍កើតឡើងភ្លាមៗ ទុករហូតដល់តែហួសពេល។
កសិកររូបនេះបញ្ជាក់ ឱ្យដឹងថាមិនត្រឹមតែមានលេសស្តីបន្ទោសប៉ុណ្ណោះទេ រាល់ពាក្យសម្តីនិយាយមកកាន់អ្នកជំងឺ គឺអ្នកគ្រូពេទ្យរូបនោះ មិនដែលប្រើពាក្យពិរោះ ឬសមរម្យឡើយ។ ដូច្នេះក្នុងនាមជនរងគ្រោះ គាត់សំណូមពរចំពោះរាជរដ្ឋាភិបាលកម្ពុជា មេត្តាគិតគូរបញ្ហានេះផង។
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ូ សារី អនុប្រធានមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច បានឆ្លើយតបថា រឿងរ៉ាវនេះ លោកមិនបានដឹងទេ លុះត្រាតែសួរទៅលោកប្រធានមន្ទីរពេទ្យបង្អែក ឬប្រធានអូឌីផ្ទាល់ទើបច្បាស់ ព្រោះលោកស្ថិតនៅខាងក្រៅ។
ទោះជាបានបញ្ជូនបន្តទៅអ្នកផ្សេងក្តី តែពេលសួរនាំដើម្បីចង់បានលេខទូរស័ព្ទ ដើម្បីធ្វើការទំនាក់ទំនង គឺលោកអ៊ូ សារី ព្យាយាមលាក់លៀម រួចបិទទូរស័ព្ទតែម្តង។
ទាំងប៉ូលិសមូលដ្ឋាន ទាំងប៉ូលិសថ្នាក់ស្រុកសុទ្ធតែអះអាងថា មិនបានដឹងរឿងហេតុនេះកើតឡើងទេ ពិសេសលោក ប៉ោ សារឿន នាយរងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាចខាងកើត បានបញ្ជូនឱ្យសួរទៅលោកមេឃុំ។
លោក លាត តូង មេឃុំកំពង់ត្រាចខាងកើត ពេលទទួលទូរស័ព្ទ នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១នេះ អ្នកឆ្លើយទូរស័ព្ទប្រាប់ថា លោកមេឃុំ កំពុងជាប់ប្រជុំ៕
ពីគេហទំព័រ៖ ស៊ី អ៊ី អ៊ែន

No comments:
Post a Comment
yes