សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 25, 2011

ស្ថានការណ៍ខ្មែរ-ថៃនៅតែផុយស្រួយ



 ភ្នំពេញៈ  សេចក្តី​រាយ​ការណ៍​ព័ត៌មាន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ឲ្យ​ដឹង​ថា អាស៊ាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​ធ្វើ​ការ​ «គាំទ្រចំពោះ​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំ​ដែន​របស់​ខ្លួន​ដោយ​សន្តិវិធី»។

 ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​ដក​ស្រង់​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា ភាគី​ទាំង​ពីរបាន​បង្ហាញ​នូវ​ការ​គោរព​របស់​ខ្លួន​ចំពោះ​សាល​ក្រម​របស់​តុលាកា​ក្រុង​ឡាអេ និង​បញ្ជាក់ពី​បំណង​របស់​ខ្លួន​ផង​ដែរ​ក្នុង​ការ​អនុវត្ត​សាលក្រម​នោះ។

 លោក ផាវិន ចាក់​ចា​វាល​ពុង​ប៉ុន ព្រឹទ្ធាចារ្យ​នៅ​វិទ្យាស្ថាន​សិក្សា​ពី​តំបន់​អាស៊ីអាគ្នេយ៍ បាន​មាន​ប្រសាសន៍​តាម​រយៈ​អ៊ីមែល កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ស្ថានភាព​ព្រំ​ដែន កម្ពុជា និង ថៃនៅ​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ បើ​ទោះ​បី​តុលាការ​ក្រុង​ឡាអេ បាន​បញ្ជា​ឲ្យ​ភាគីទាំង​ពីរ​ដក​ទ័ព​ចេញ​ពី​តំបន់​ដែល​គ្មាន​យោធា​ក៏​ដោយ។

 លោក បាន​កត់​សម្គាល់ ថា៖ «នៅ​មាន​ការ​ខឹង​សម្បា ជា​ពិសេស​ពី​ខាង​ភាគី​ថៃ។ ចូរ​ចង​ចាំ​ថា រដ្ឋាភិបាល​លោក អាភីស៊ីត​នៅ​មិន​ទាន់​ផុត​នៅ​ឡើយ​ទេ។ សាល​ក្រម ICJ ធ្វើ​ឲ្យពួក​អ្នក​គាំទ្រ​ក្រុម​ពួក​អាវ​លឿង​អាក់​អន់​ចិត្ដ»។

 លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​ពី​ខាង​ភាគី​ថៃ​នៅ​ឡើយ ចំពោះ​គម្រោង​ឲ្យ​មាន​ការ​ដក​កងទ័ព​ចេញ​ពី​ប្រាសាទ​ព្រះ​វិហារ​ព្រម​ពេល​ជាមួយ​គ្នា​នោះ។

 កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា រដ្ឋាភិបាលបាន​បញ្ជូន​សេចក្តី​ព្រាង​វិធាន​ការ​ឆ្ពោះ ទៅ​ដក​ទ័ព​ចេញ​ពី​ប្រាសាទ​ព្រះ​វិហារ ដែល​ជាគំនិត​ផ្តួច​ផ្តើម​មួយ​សម្រាប់​កិច្ច​ព្រម​ព្រៀង​រវាង កម្ពុជា​និង​ថៃ កាល​ពី​ថ្ងៃ​ទី​២១​ខែ​កក្កដា ទៅ​រដ្ឋាភិបាល​ថៃ ឥណ្ឌូនេស៊ី និង​សហគមន៍​អន្តរជាតិ​ពាក់​ព័ន្ធ បន្ទាប់​ពី​តុលាការ​យុតិ្តធម៌​អន្តរជាតិ​បាន​បង្គាប់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឲ្យ​កម្ពុជា​និង​ថៃ​ដក​កង​ទ័ព​ភ្លាម​ៗ​ចេញ​ពី​តំបន់​គ្មាន យោធា​ជា​បណ្តោះ​អាសន្ន នៅ​ប្រាសាទ​ព្រះ​វិហារ។

 លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា អ្នក​អង្កេត​ការណ៍​ឥណ្ឌូនេស៊ី ទាំង​កម្ពុជា​និង​ថៃ រួមគ្នា​ត្រូវ​កំណត់​តំបន់​គ្មាន​យោធា ដើម្បី​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ​ពី A, B, C, D និង​ជំហាន​បន្ទាប់​ត្រូវ​ត្រួត​ពិនិត្យ​និង​ធ្វើ​របាយ​ការណ៍​ពី ចំនួន​យោធិន និង​កំណត់​ថ្ងៃ​ដក​កងទ័ព​ចេញ​ព្រម​គ្នា។

 លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «យើង​សូម​បញ្ជាក់​ថា យើង​មិន​កេង​យក​ប្រយោជន៍​ពី​ភាគី​ណា​មួយ​ទេ យើង​ត្រូវ​ការ​សន្តិភាព និង​ភាព​សុខ​ដុមរមនា​សម្រាប់​ប្រជាជន ហើយ​ការ​ដក​កង​ទ័ព​ទាំង​កម្ពុជា​និង​ថៃ ត្រូវ​ធ្វើ​នៅ​ពេល​តែ​មួយ​និង​ម៉ោង​តែ​មួយ»។

 ការ​អត្ថាធិប្បាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ឡើង បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ជិត​ផុត​អាណត្តិ​ថៃ អាភីស៊ីត វេចា​ជីវ៉ា ត្រូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ​ស្រង់​សម្តី​ពី​សប្តាហ៍​មុន ដែល​អំពាវនាវ​ឲ្យ​កម្ពុជា​ដក​កងទ័ព​ពី​តំបន់​វិវាទ​ជា​មុន មុន​អនុញ្ញាត​ឲ្យ​អ្នក​អង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ចូល​មក​កាន់​តំបន់ ប្រាសាទ​ព្រះ​វិហារ។

 លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ថា៖ «លោក​នាយក​រដ្ឋ​មន្ត្រី អាភីស៊ីត ត្រូវ​ពិនិត្យ​សេចក្តី​សម្រេច​ទាំង​មូល​របស់​តុលាការ​យុតិ្តធម៌​អន្តរ ជាតិ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន មុន​ពេលធ្វើ​សេចក្តី​ថ្លែង​ការណ៍។ ឯក​ឧត្តម​ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ»។


 លោក​បាន​បន្ថែម​ថា កម្ពុជា និង​ថៃ ត្រូវ​សហការ​ជាមួយ​នឹង​អ្នក​អង្កេត​ការណ៍​ឥណ្ឌូនេស៊ី និង​ផ្តល់​សេចក្តី​លម្អិត​ទៅ​តុលាការ​យុតិ្ត​ធម៌​អន្តរជាតិ​ពី​ចំនួន និង​ទីតាំង​យោធា​រាប់​បញ្ចូល​ទាំង​សព្វា​វុធ ប៉ុន្តែ ពុំ​ទាន់​បាន​ស្នើ​កំណត់​ពេល​នៅ​ឡើយ។

 លោក ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា អ្នក​អង្កេត​ការណ៍​ច្រើន​ជាង​១៥​នាក់ នឹង​ជា​តម្រូវ​ការ​សម្រាប់​ភាគី​ទាំង​សង​ខាង ព្រោះ​តំបន់​ទាំង​មូល​ដែល​កំណត់​ក្នុង​ដីកា​របស់​តុលាការ យុត្តិធម៌​អន្តរជាតិ មាន​ផ្ទៃ​ក្រឡា​១៧​គីឡូ​ម៉ែត្រ​ការ៉េ​ជាង  ដែល​ចំនួន​អ្នក​អង្កេត​ការណ៍​តែ ១៥ នាក់​ម្ខាង​មិន​គ្រប់​គ្រាន់​នោះ​ទេ។

 នៅ​មុន​មាន​កិច្ច​ព្រម​ព្រៀង​ដក​កង​ទ័ព​ពី​តំបន់ កំណត់​ដោយ​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង ឡាអេ​ឲ្យ​ភាគី​ទាំង​ពីរ​ដក​ទ័ព។

 ការ​ប្រយុទ្ធ​គ្នា​ខ្លី​មួយ​បាន​ផ្ទុះ​ឡើង​រវាង​កង​ទ័ព​ទាំងពីរ នៅ​ជិត​តំបន់​ជម្លោះប្រាសាទ​ព្រះ​វិហារ​ប្រមាណ​ជា​១០០​គីឡូ​ម៉ែត្រ។

 លោក ពក សុផល នាយ​ទាហាន​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ​បាន​ថ្លែង​ថា ការ​ប៉ះ​ទង្គិច​បាន​កើត​ឡើង​នៅ​ម៉ោង​២:៣០​នាទី​រសៀល​ប្រមាណ​ជា​១០​នាទី នៅ​ក្បែរ​ច្រក​ត្រួត​ពិនិត្យ​អន្តរជាតិ​ជាំ នៅ​ជាប់​ខេត្ត​សូរិន្ទ ប្រទេស​ថៃ។

 លោក​សុផល បាន​បញ្ជាក់​ថា៖ «យើង​បាន​កំណត់​ការ​ប្រជុំ​[រវាង​ទាហាន​កម្ពុជា និង​ថៃ] ហើយ​នៅ​ពេល​យើង​ដើរ​ពួក​គេ​បាញ់​មក​លើ​ទាហាន​យើង។ ពួក​គេ​បាន​ត្រៀមបាញ់​កាំភ្លើង​មក​លើ​យើង​មុន​ដោយ​ចេតនា»។

 លោក បន្ថែម​ថា មេ​បញ្ជា​ការ​កង​ទ័ព​កម្ពុជា​បាន​បញ្ជា​ទាហាន​តាម​បណ្តោយ​ព្រំ​ដែន​ឲ្យ ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ បង្ការ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​បន្ថែម​ទៀត។ ការ​ប៉ះ​ទង្គិច​នេះ បាន​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃ បន្ទាប់​ពី​តុលាការ​យុតិ្តធម៌​អន្តរជាតិ​បង្គាប់ឲ្យ​កង​ទ័ព​ទាំង​សង​ខាង​ដក​ចេញពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

 លោក​ឧត្តម​សេនីយ៍​ឯក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ។

 លោក ផៃ ស៊ី​ផាន បាន​មាន​ប្រសាសន៍​ថា​៖ «ជា​ផ្លូវ​ការ​វា​មិន​មែន​ការ​ប្រឈម​ដាក់​គ្នា​រវាង​ទាហា ន​កម្ពុជា​និង​ទាហាន​ថៃ​នោះ​ទេ​។ ការ​ស្លាប់​នោះ​មិន​បណ្តាល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​នោះ​ទេ»។




លោក​បាន​បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​កំពុង​ស៊ើប​អង្កេត​ពី​បញ្ហា​នេះ ហើយ​ចំពោះ​របាយ​ការណ៍​ដែល​ថា មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​កម្ពុជា​និង​ទាហាន​ថៃ​នោះ«មិន​ជា​ការពិត» ទេ។
 
  ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​របស់​កង​យោធា​ថៃ និង​ក្រសួង​ការ​បរទេស​ថៃ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​៕TK
 
 
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes