លោក ជា មុនី ដាក់ពាក្យបណ្ដឹងជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយអន្តរាគមន៍ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់វិធានការលើឈ្មោះ ម៉ុក សុវណ្ណ
ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០១១នេះ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានបញ្ជូនពាក្យបណ្ដឹងអមដោយស្នាមមេដៃកម្មករប្រមាណជា២០០នាក់ ជូនទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកម្មករ កម្មការិនីបម្រើការងារនៅក្រុមហ៊ុន ស៊ីម៉ាណូ ខេមបូឌា ខូអិលធីឌី នៅខេត្តកំពង់ស្ពឺ បានប្ដឹងចោទប្រកាន់លើឈ្មោះ ម៉ុក សុវណ្ណ ភេទប្រុស ជាបុគ្គលិកសហព័ន្ធសហជីពខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអម្ពិលផ្អែម ឃុំត្រពាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទប្រើប្រាស់អាវុធ សម្លុតគំរាមកំហែងលើសិទ្ធិសេរីភាពរបស់កម្មករ។
ក្នុងលិខិតរបស់លោក ជា មុនី បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ កម្មករចំនួន៥នាក់ បម្រើការនៅក្នុងក្រុមហ៊ុន ស៊ីម៉ាណូ ខេមបូឌា ខូអិលធីឌី មានអាសយដ្ឋានឋិតនៅភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដាក់ពាក្យប្ដឹងមួយច្បាប់គោរពជូនលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ម៉ុក សុវណ្ណ ត្រូវបានកម្មករ កម្មការិនីជាច្រើននាក់ បម្រើការងារនៅក្រុមហ៊ុនខាងលើ បាននាំគ្នាផ្ដិតមេដៃធ្វើជាសាក្សីដឹងឮទៀតផង។
ដូចសេចក្ដីជម្រាបជូនខាងលើនេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជួយអន្តរាគមន៍ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើឈ្មោះ ម៉ុក សុវណ្ណ ដើម្បីការពារផលប្រយោជន៍ច្បាប់ និងរក្សាសុវត្ថិភាពការងាររបស់កម្មករ កម្មការិនីនៃក្រុមហ៊ុន ស៊ីម៉ាណូ ខេមបូឌា ខូអិលធីឌី ឲ្យបានល្អប្រសើរដោយអនុគ្រោះ៕
ដោយ រឹទ្ធសំណាង
ពីគេហទំព័រ៖ វរជនខ្មែរ

No comments:
Post a Comment
yes