Thursday, September 1, 2011

លោក ជា មុនី ដាក់​ពាក្យ​បណ្ដឹង​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​មហា​​ផ្ទៃ​ជួយ​អន្តរា​គមន៍​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ ចាត់​វិធាន​ការ​លើ​ឈ្មោះ ម៉ុក សុវណ្ណ​




 ភ្នំ​ពេញ៖ ព្រឹក​ថ្ងៃ​​ព្រហស្បតិ៍ ទី​១ ខែ​កញ្ញា ឆ្នាំ​២០១១​នេះ ប្រធាន​សហ​ជីព​សេរី​កម្ម​ករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា លោក ជា មុនី បាន​បញ្ជូន​ពាក្យ​បណ្ដឹង​អម​ដោយ​ស្នាម​មេដៃ​កម្ម​ករ​ប្រមាណ​ជា​២០០​នាក់ ជូន​ទៅ​ឯក​​ឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ដែល​កម្ម​ករ​ កម្ម​ការិនី​បម្រើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន ស៊ីម៉ាណូ ខេម​បូឌា ខូអិល​ធីឌី នៅ​ខេត្ត​កំពង់​ស្ពឺ​ បាន​ប្ដឹង​ចោទ​ប្រកាន់​លើ​ឈ្មោះ ម៉ុក សុវណ្ណ ភេទ​ប្រុស ជា​បុគ្គ​លិក​សហ​ព័ន្ធ​សហ​ជីព​ខ្មែរ មាន​ទី​លំនៅ​បច្ចុ​ប្បន្ន​ភូមិ​អម្ពិល​ផ្អែម ឃុំ​ត្រពាំង​ចក ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ពី​បទ​ប្រើ​ប្រាស់​អាវុធ​ សម្លុត​គំរាម​កំហែង​លើ​សិទ្ធិ​សេរី​ភាព​របស់​កម្ម​ករ។


 ក្នុង​លិខិត​របស់​លោក ជា មុនី បាន​ជម្រាប​ជូន​ឯក​​ឧត្តម ឧបនាយក​រដ្ឋ​មន្ត្រី ចុះ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១ កម្ម​ករ​ចំនួន​៥​នាក់ បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន ស៊ីម៉ាណូ ខេម​បូឌា ខូអិល​ធីឌី មាន​អាសយ​ដ្ឋាន​ឋិត​នៅ​ភូមិ​ត្រពាំង​រកា ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ បាន​ដាក់​ពាក្យ​​ប្ដឹង​មួយ​ច្បាប់​គោរព​ជូន​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ ដោយ​ប្ដឹង​ចោទ​ប្រកាន់​ទៅ​លើ​ឈ្មោះ ម៉ុក សុវណ្ណ ត្រូវ​បាន​កម្ម​ករ កម្ម​ការិនី​​ជា​ច្រើន​នាក់ បម្រើ​ការ​ងារ​នៅក្រុម​ហ៊ុន​ខាង​លើ បាននាំ​គ្នា​ផ្ដិត​មេដៃ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ទៀត​ផង។


 ដូច​សេច​ក្ដី​ជម្រាប​ជូន​ខាង​លើ​នេះ លោក ជា​ មុនី ប្រធាន​សហ​ជីព​សេរី​កម្ម​ករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​សំណូម​ពរ​ដល់​ឯក​ឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​មេត្តា​ជួយ​អន្តរា​គមន៍​ទៅ​ឲ្យ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ឈ្មោះ ម៉ុក សុវណ្ណ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ច្បាប់ និង​រក្សា​​សុវត្ថិ​ភាព​ការ​ងារ​របស់​កម្ម​ករ កម្ម​ការិនី​នៃ​ក្រុម​ហ៊ុន ស៊ីម៉ាណូ ខេម​បូឌា ខូអិល​ធីឌី ឲ្យ​បាន​ល្អ​ប្រសើរ​ដោយ​អនុ​គ្រោះ៕
ដោយ រឹទ្ធ​សំណាង

ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes