ប្រជាពលរដ្ឋសហគមន៍បុរីកីឡា ៣៨៤គ្រួសារ
ដែលមិនបានទៅរស់នៅលើអគារ ស្នើសុំឲ្យ
សម្ដេចជួយអន្តរាគមន៍ទៅក្រុមហ៊ុនផានអ៊ីម៉ិច
ភ្នំពេញ៖ ប្រជាពលរដ្ឋសហគមន៍បុរីកីឡាប្រមាណជាង១០០នាក់ រស់នៅភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១១នេះ បានប្រមូលផ្ដុំគ្នាអុជធូប បែរបន់នៅតាមលំនៅដ្ឋានពួកគេ ដើម្បីស្នើសុំអន្តរាគមន៍ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយអន្តរាគមន៍ទៅក្រុមហ៊ុន ផានអ៊ីម៉ិច ឲ្យសង់ផ្ទះល្វែងសង់ស្របតាមកិច្ចសន្យាមុននឹងធ្វើការអភិវឌ្ឍន៍តំបន់នេះ។
លោក សុខ សឿន ប្រជាពលរដ្ឋរស់នៅសហគមន៍បុរីកីឡាមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ពួកគាត់បាននាំគ្នាមករស់នៅតំបន់បុរីកីឡាតាំងពីឆ្នាំ១៩៩៣ម្ល៉េះ ហើយក្នុងពេលនេះពួកគាត់កំពុងតែជួបការលំបាកក្នុងការស្វែងរកកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយ។ ហេតុនេះទើបពួកគាត់គ្មានការជឿជាក់លើអាជ្ញាធរមូលដ្ឋានតទៅទៀតទេ គឺមានតែសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅបុរីកីឡា ដែលមិនបានចូលទៅរស់នៅក្នុងអគារថ្មីរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលនៅសល់ប្រមាណជាង៣០០គ្រួសារជាង ពីព្រោះក្នុងគម្រោងរបស់ក្រុមហ៊ុននេះសង់អគារចំនួន១០នៅបុរីកីឡានេះ មិនបានគ្រប់ចំនួននោះទេ គឺបានតែ៨អគារប៉ុណ្ណោះនៅខ្វះ២អគារទៀត។
ប្រជាពលរដ្ឋទាំងអស់បានឲ្យដឹងគ្រប់ៗគ្នាថា ប្រធានភូមិ និងចៅសង្កាត់វាលវង់សុំអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលជាម្ចាស់លំនៅដ្ឋានផ្ដល់សម្រាប់ប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋដែលបានឡើងទៅរស់នៅលើអគារសព្វថ្ងៃនេះ គឺសុទ្ធតែសាច់ញាតិរបស់ប្រធានភូមិ ចៅសង្កាត់ និងអ្នកមានលុយមកពីខាងក្រៅបង់ ដើម្បីបានឡើងទៅរស់នៅ។
ប្រជាពលរដ្ឋរស់នៅសហគមន៍បុរីកីឡាទាំងអស់ បានចោទប្រកាន់ក្រុមហ៊ុន ផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន និងអាជ្ញាធរមូលដ្ឋានមិនគោរពតាមគោលការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្ដល់អគារចំនួន១០គ្រប់ចំនួននោះទេ គឺនៅសល់ប្រជាពលរដ្ឋចំនួន៣៨៤គ្រួសារ ដែលកំពុងជួបការលំបាក និងបន្តរស់នៅក្នុងខ្ទមរខេករខាកនោះ។ លោកស្រី កែ សុកល ចៅសង្កាត់វាលវង់ អ្នកសារព័ត៌មាន វរជនខ្មែរ មិនអាចធ្វើការទំនាក់ទំនងសុំអត្ថាធិប្បាយករណីខាងលើនេះបានទេនៅថ្ងៃនេះ៕
ដោយ រឹទ្ធសំណាង
ពីគេហទំព័រ៖ វរជនខ្មែរ

No comments:
Post a Comment
yes