ជនអនាថាយួនចាប់រំលោភស្រ្តីអនាថា
រួចរឹត ក សម្លាប់
ក្រោមការស្រាវជ្រាវយ៉ាងក្តៅគគុកតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនណ្តាល
យុត្តិធម៌ បានចាត់ឱ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ចាម សហការជាមួយនឹងនគរបាលក្រុងកំពង់ចាម តាមប្រមាញ់ឃាតកដែលបានចាប់ស្ត្រីអនាថាម្នាក់ឈ្មោះខឿន ស្រីណែត អាយុ១៥ឆ្នាំ រស់នៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ រំលោភ វាយ ហើយនិងរឹត.កសម្លាប់បំបិទមាត់ ។ ដោយសារតែឈាមស្រែកស្បែកហៅ នៅទីបំផុតជនសង្ស័យដែលជាជនអនាថាដែរនោះ ក៏ត្រូវបានចាប់ខ្លួននាព្រឹកថ្ងៃទី៧ កញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិម្រាមទាឃ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ។
លោកឆែម ម៉ុន នាយផ្នែកយុត្តិធម៌នគរបាលក្រុងកំពង់ចាម ប្រាប់ឱ្យដឹងថា ក្រោយពីកើតមានករណីឃាតកម្មលើស្ត្រីអនាថាខាងលើ លោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាម បានចាត់ឱ្យរូបលោកដឹកនាំកម្លាំងចុះទៅពិនិត្យសព រហូតដល់មានការសង្ស័យទៅលើបុរសជាជនអនាថាដូចគ្នាជាអ្នកដៃដល់ ។ បន្ទាប់មកក៏តាមប្រមាញ់រកពីកន្លែងមួយទៅកន្លែងមួយក្នុងក្រុងកំពង់ចាម ក្រែងជននេះបានលាក់ខ្លួននៅកន្លែងណាមួយ ។ ដោយសារតែមានតម្រុយពីសាក្សីលេចឮថា ជនសង្ស័យបានគេចខ្លួនទៅត្រើយខាងកើតទន្លេមេគង្គ ទីបំផុតជនសង្ស័យឈ្មោះហ្វៀង យ៉ាងហ្វុក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ដែលមានស្រុកកំណើតនៅស្រុកតៃនិញ ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ។
ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ដំបូងរូបគេបានទៅទិញស្រា១លីត្រកន្លះ នៅមុខផ្ទះសំណាក់ជណ្តើរវិល ខាងកើតសណ្ឋាគារមិត្តភាពយកមកផឹកជាមួយនឹងស្ត្រីអនាថានេះនៅចំណតរថយន្តក្រុងកំពង់ចាម។ បន្ទាប់មកបានបបួលគ្នាដើរមកទិសខាងជើង ដល់កន្លែងមួយស្ងាត់បានលួងលោមនាងសុំរួមភេទ តែមិនទាន់បានសម្រេចផង នាងរើបម្រះពេក រូបគេ បានដាល់ត្រូវមុខនាង និងយកអាវរឹត.ករហូតដល់ស្លាប់ ហើយលើកបោះទម្លាក់ចូលទៅក្នុងដីមួយកន្លែង ដែលមានស្មៅដុះទ្រុបទ្រុល ហើយក៏បានរត់គេចខ្លួន ។ ហេតុការណ៍នេះបានកើតឡើងប្រហែលជានៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កញ្ញា ឆ្នាំ២០១១ ។
លោកឃុត រុន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ចាម បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៦ កញ្ញា គេបានឃើញស្រ្តីអនាថាម្នាក់នេះដើររើសអេតចាយ នៅក្បែរសណ្ឋាគារមិត្តភាព បន្ទាប់មកក៏បន្តដំណើរទៅកន្លែងផ្សេងទៀត។ លុះនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៧ កញ្ញា គេឮសំឡេងស្រ្តីរូបនេះស្រែកនៅក្បែរអគារតាំងពិព័រណ៍អចិន្ត្រៃយ៍ ហើយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ ក៏បានមករាយការណ៍ប្រាប់ដល់សមត្ថកិច្ច ។
លោកប្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម មានប្រសាសន៍ថា ក្រោយពេលកម្លាំងជំនាញពិនិត្យសពហើយនោះ ក៏បានប្រគល់ភារកិច្ចឲ្យមករូបលោក ដើម្បីចាត់ចែងដោយដឹកសពស្រ្តីអនាថាខាងលើនេះទៅតម្កល់ទុកនៅវត្តបឹងកុក រង់ចាំមើលថា តើត្រូវបូជា ឬយ៉ាងណា។ ភ្លាមៗនោះនគរបាលប៉ុស្តិ៍សង្កាត់កំពង់ចាម មិនបានស្គាល់អត្តសញ្ញាណស្រ្តីរងគ្រោះដែលស្លាប់នេះថា រស់នៅឯណាឡើយ គ្រាន់តែដឹងថា ទើបមានវត្តមាននៅក្រុងកំពង់ចាម នាពេលថ្មីៗ នេះ ហើយក៏មិនដឹងថា មានក្រុមសាច់ញាតិរស់នៅស្រុកណា ខេត្តណាទេ។
ចំណែកលោកវរសេនីយ៍ត្រី ណោ ឌីណា អនុប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះត្រូវឃាតកប្រើអាវរឹត.កសម្លាប់នៅក្នុងបរិវេណពិព័រណ៍អចិន្ត្រៃយ៍ផ្នែកខាងជើង ហើយឃាតកបានរត់គេចខ្លួនបាត់ស្រមោល។ សពមានអាយុប្រហែល២០ឆ្នាំ (លុះក្រោយមកដឹងច្បាស់ថា អាយុ១៥ឆ្នាំ) ជាស្រ្តីដែលកើតរោគសរសៃប្រសាទ កម្ពស់១,៥៧ម៉ែត្រ។ តាមរយៈការស្រាវជ្រាវរហូតមកដល់ព្រឹកថ្ងៃទី៧ កញ្ញា ក៏បានស្គាល់អត្តសញ្ញាណគឺឈ្មោះខឿន ស្រីណែត រស់នៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ឪពុកម្តាយស្លាប់ចោលអស់ សព្វថ្ងៃរស់នៅជាមួយនឹងម្តាយធំម្នាក់ ៕
ពីគេហទំព័រ៖ កោះសន្តិភាព


No comments:
Post a Comment
yes