ដោយ លាង ដឺលុច
តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានចេញផ្សាយសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃព្រហស្បតិ៍ទី១កញ្ញានេះដើម្បីប្រាប់សាធារណជនថា តុលាការនេះនឹងព្យាយាមប្រកាសសាលដីកាសំណុំរឿង០០១អោយបានមុន ដំណាច់ឆ្នាំ២០១១នេះ។ សេចក្តីថ្លែងការណ៍របស់តុលាការកំពូលធ្វើឡើង ក្រោយពីមានការសម្តែងពីភាពមិនសប្បាយចិត្តរបស់ក្រុមភាគីដើមបណ្តឹង រដ្ឋប្បវេណី ដែលកំពុងរង់ចាំស្តាប់សាលដីកាលើអតីតប្រធានគុកទួលស្លែង។
កាលពីចុងខែមីនា អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានបើកសវនាការលើបណ្តឹងឧទ្ធរណ៍ ប្រឆាំងសាលក្រមរបស់សាលាដំបូងដែលសម្រេចអោយកាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ជាប់ពន្ធនាគារ៣៥ឆ្នាំ។ ទោសទណ្ឌ៣៥ឆ្នាំមែន ប៉ុន្តែកាត់កងជាមួយរយៈពេលនៃការឃុំឃាំង ចាប់តាំងពីការចាប់ខ្លួនឆ្នាំ១៩៩៩មក អតីតមេគុកទួលស្លែងមានទោសជាប់ពន្ធនាគារតែ១៩ឆ្នាំប៉ុណ្ណោះ។ អីចឹងហើយបានជាមានបណ្តឹងឧទ្ធរណ៍ពីដើមបណ្តឹងរដ្ឋប្បវេណី និងពីការិយាល័យសហព្រះរាជអាជ្ញាប្រឆាំងការសម្រេចនេះ។
តាំងពីមានសវនាការ នៅតុលាការកំពូលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍នោះ រហូតដល់ពេលនេះ មានរយៈពេល៥ខែហើយ។ ព័ត៌មានស្តីអំពីពេលវេលានៃការប្រកាសសាលដីកាលើការជំនុំជម្រះបណ្តឹងឧទ្ធរណ៍នោះ គ្មានអ្នកណាម្នាក់ដឹងឡើយ។ ដូច្នេះ កាលពីសប្តាហ៍កន្លងទៅក្រុមអ្នកតំណាងដើមបណ្តឹងរដ្ឋប្បវេណីបានធ្វើលិខិតមួយសួរបញ្ជាក់អំពីព័ត៌មាននេះ ទៅតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម។
នៅថ្ងៃទី១កញ្ញានេះ អង្គជំនុំជម្រះតុលាការកំពូលនេះ បានធ្វើសេចក្តីប្រកាសព័ត៌មានប្រកាសថា តុលាការនេះនឹងព្យាយាមដើម្បីចេញសាលដីកាសំណុំរឿងអតីតប្រធានគុកទួលស្លែងនៅមុនដំណាច់ឆ្នាំ២០១១នេះ។
តុលាការកំពូលបានភ្ជាប់មកជាមួយនូវការពន្យល់ដែលថា តុលាការនេះមិនបាននៅស្ងៀមនោះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន តុលាការកំពូលពន្យល់ថា ខ្លួនបានចាប់ផ្តើមធ្វើការងារពេញលេញ ចាប់ពីខែមករាឆ្នាំ២០១១នេះ ហើយក៏បានទទួលសំណុំរឿងចាត់ការជាបន្តបន្ទាប់ផងដែរ៕
BY : RFI

No comments:
Post a Comment
yes