បុរសភេទទី៣ តែងខ្លួនជាស្រីស្អាត ឡើងរាំបន្លំដោះខ្សែក ៨ជី របស់យុវជនម្នាក់ យកទៅបាត់
ជនរងគ្រោះមានឈ្មោះ សាយ ដារ៉ា អាយុ ២៥ឆ្នាំ ជាអ្នកធ្វើម្ហូបការ ស្នាក់នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌដង្កោ។ យុវជននេះ បាត់បង់ខ្សែកបា្លទីនមួយខ្សែ ទម្ងន់ ៨ជី ។ ចំណែកជនសង្ស័យ ជាបុរសភេទទី៣ ឈ្មោះ រាជ មុន្នីរោជ ហៅ អាព្រីង អាយុ ១៨ឆ្នាំ មិនមានមុខរបរពិតប្រាកដ និងស្នាក់នៅភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រីឯបក្ខពួកស្រីស្អាតនោះ ម្នាក់ទៀត ដែលគេចខ្លួនបាត់ ឈ្មោះ រ័ត្ន ខេមរិទ្ធិ ហៅ នីនី អាយុ ២២ឆ្នាំ មិនមានមុខរបរពិតប្រាកដ ស្នាក់នៅភូមិ-សង្កាត់ ត្រពាំងក្រសាំង ខណ្ឌដង្កោ ។សមត្ថកិច្ចព្រហ្មទណ្ឌ ខណ្ឌដង្កោ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ ២នាក់ទៀត បាននាំគ្នាចូលរាំ ក្នុងក្លឹប BOX ។ ដោយជនរងគ្រោះ មានសភាពស្រវឹងជោកហើយនោះ មើលឃើញ នារីខ្ទើយ ថាជាស្រីស្អាត ក៏បានហៅឡើងរាំ ។ លុះពេលរាំ បានជាងកន្លះម៉ោង ជនសង្ស័យ ឈ្មោះ រាជ មុន្នីរោជ ហៅ អាព្រីង បានបន្លំដោះខ្សែក ពីជនរងគ្រោះ ហើយគេយកទៅឲ្យឈ្មោះ រ័ត្ន ខេមរិទ្ធិ នៅក្នុងបន្ទប់ទឹក ដើម្បីគេចខ្លួន។
ពីដំបូង បុរសភេទទី៣នោះ បានប្រកែក មិនទទួលសារភាពទេ ហើយសមត្ថកិច្ចក៏បានឃុំខ្លួន រហូតដល់ ១ថ្ងៃកន្លះ ទើបគេព្រមឆ្លើយថា ពិតជាបានប្រព្រឹត្តដោះយកខ្សែក ពីជនរងគ្រោះមែន។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕
BY: CEN
No comments:
Post a Comment
yes