Thursday, September 8, 2011


កម្មករ​​រោង​ចក្រ​ ​ស៊ូភើថិច ​ជាង​១០០០​នាក់​

បើក​ប្រាក់​សំណង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​


កម្មករ​​​រោង​ចក្រ​​កាត់​ដេរ​ ស៊ូ​ភើ​​ថិច នៅ​​ក្នុង​សង្កាត់​​​​ចាក់​​​អង្រែ​​ក្រោម ខណ្ឌ​​​មាន​​​ជ័យ ជាង ​​១០០០​​នាក់​ បាន​​បើក​​ប្រាក់​​សំណង​​ផ្តាច់​កិច្ចសន្យា​ ​នៅ​ព្រឹក​​​ថ្ងៃ​ព្រ​ហស្បតិ៍​នេះ បន្ទាប់​ពី​ពួក​គេ​បាន​តវ៉ាបិទ​កំណាត់​​ផ្លូវ​ជាតិ​លេខ​ ​២ ជា​ថ្មី​​​ម្តង​ទៀត​​​ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ។

​​​តំណាង​សហជីព​​ឯក​រាជ្យ​កម្មករ​កម្ពុជា​ អ្នកស្រី​ រស់ ចាន់ណា បានប្រាប់​សំឡេង​​ប្រ​ជា​ធិប​តេយ្យ​វីអូឌីថា មូល​​ហេតុ​ ដែល​កម្មករ​បិទ​ផ្លូវ​ដោយ​សារ​កាល​ពី​​ម្សិល​មិញ​មន្រ្តី​ដោះ​ស្រាយ​វិវាទ​ការ​ងារ​​សន្យា​​ថា​ បើក​ប្រាក់​​​បំណាច់​នេះ នៅ​ម៉ោង​ ៨​ព្រឹកនេះ តែ​មក​ដល់​ម៉ោង​៨ ​មិន​ឃើញ​​មាន​អ្នក​បើក​ប្រាក់ឲ្យ​ ទើប​ពួក​គេ​​​នាំ​​គ្នា​​បិទ​​ផ្លូវ​តែ​​ម្តង​ ៖”​ថ្ងៃ​នេះជាង​ ១០០០នាក់​ស្ទះ​ផ្លូវជាង​មួយ​ម៉ោង លែង​អី​ហើយ​​ឥលូវ​ ឥលូវ​ឯក​ឧត្តម​គាត់​តេ​មក​គាត់​មក​ដល់​ក្បាល​ថ្នល់​ហើយ​ឡាន​លុយ​ហ្នឹង​ តេ​មក​បណ្ដើរ​ៗ​ហើយ​ អោយ​បង​ប្អូន​យើង​ចូល​រៀប​ជាជួរ​អី​អញ្ចឹង​ចាំ​គាត់​ផង​អី​ផង​"​។​​​

ក៏​ប៉ុន្តែបន្ទាប់ពីតវ៉ាបិទកំណាត់​ផ្លូវជាតិលេខ២នោះ  គណៈកម្មធិការ​ដោះ​ស្រាយ​​​វិវាទ​ការងារ បាន​សន្យា​ជា​​​ថ្មីទៀតថា ​​នឹង​​បើក​ប្រាក់​ផ្តាច់​កិច្ចសន្យា ឲ្យ​អស់​​​នៅថ្ងៃនេះ។​ ​

អ្នក​ស្រី​ ស​ សុភា ជាកម្មករម្នាក់ក្នុងចំណោមអ្នកតវ៉ានោះ ​មាន​ប្រ​សាសន៍​ថា គាត់​ធ្វើ​ការ​បានរយៈពេល ​១០​ឆ្នាំ​ ដែល​នៅ​ក្រ​សួង​ការ​ងារ​បាន​​បិទ​ប្រ​កាស​​ថា ​គាត់​នឹង​ត្រូវ​ទទួល​បានប្រាក់សំណងសរុប​១០០០​ដុល្លារ​ ​តែ​​នៅ​ពេល​​ចេញ​​វិក័យប័ត្រ​បើកប្រាក់ គាត់ឃើញតែចំនួន ​៨០០​ដុល្លារ ​តែ​ប៉ុណ្ណោះ​ ​តែ​ថា​គាត់​នឹង​ទទួល​​​យក​សិន​ ៖” ចាស​!​ខ្ញុំ​ធ្វើ​ការ​បាន​១០​ឆ្នាំ​ ហើយ​លុយ​ហ្នឹង​បើ​​តា​មខ្ញុំ​គិត​ដូច​ថា ​មិន​ទាន់​គ្រប់​ចំនួន​របស់​ខ្ញុំ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ទទួល​យក​លុយ​សិន​ ខ្ញុំ​រង​ចាំ​រយះ​ពេល​បី​ខែ​ហើយ​ ដល់​ពេល​បា​នលុយ​អញ្ចឹង​ លឺ សូរ​អញ្ចឹង​មាន​អារម្ភណ៍​ត្រេក​អរ​ខ្លាំង​”​។​
គួរ​រំ​លឹក​ដែរ​ថា ​កម្មករ​រោងចក្រ​ស៊ូភើតិច នៅ​​ក្នុង​សង្កាត់​ចាក់​​អង្រែ​ក្រោម ខណ្ឌ​​​មាន​​​​ជ័យ​​ ធ្លាប់​តវ៉ា​ដោយ​​​បិទកំណាត់​ផ្លូវជាតិលេខ​២នោះ ជាច្រើនលើក​រួចមក​ហើយ បន្ទាប់​រោង​ចក្រ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​ ដោយ​មិនទាន់បាន​ទូ​​​​ទាត់​​​ប្រាក់​​សំណងផ្សេង​ៗតាម​ច្បាប់​ការងារ៕
​BY: VOD

No comments:

Post a Comment

yes