សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 29, 2011

ឥទ្ធិពល​សេដ្ឋកិច្ច​និង​នយោបាយ​ចិន​កើន​ឡើង​នៅ​អាស៊ី


 កាល​ពី​ឆ្នាំ​មុន ចិន​​បាន​ទទួល​ឋានៈ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​​បំផុត​​​លំដាប់​ទី២​ក្នុង​​ពិភពលោកដែល​ខ្ពស់​ជាង​ជប៉ុន។ ការសិក្សាកាលពី​ពេល​ថ្មីៗ​នេះ ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​​នៅ​អូស្ត្រាលី ពិនិត្យ​មើល​​​ឥទ្ធិពល​សេដ្ឋកិច្ច​​របស់​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់ និង​ចោទ​សួរ​ថាតើ​ឥទ្ធិពល​សេដ្ឋកិច្ច​​របស់​ទីក្រុង​ប៉េកាំង នឹង​នាំ​ទៅ​រក​ឥទ្ធិពល​​នយោបាយ​ និង​យោធា​​​ដ៏​សម្បើម​​​នៅ​​ទ្វីប​អាស៊ី​ដែរ​ឬ​ទេ។
ចិន​​បាន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បំផុត​​របស់​អូស្ត្រាលី​​ចាប់​តាំង​ពី​ឆ្នាំ២០០៧​មក ហើយ​​ការ​ទិញ​​ធ្យូង​ថ្ម ដែក​​ និង​ទំនិញ​ដទៃ​ទៀត​​របស់​ចិន​​បាន​ផ្តល់​កម្លាំង​ជំរុញ​ដ៏​ចម្បង​​សម្រាប់​សេដ្ឋកិច្ច​​របស់​អូស្រ្តាលី។ ពាណិជ្ជកម្ម​នេះ​​មាន​លក្ខណៈ​​ដូចគ្នា​នៅ​ទូទាំង​អាស៊ី ​ដែល​ពាណិជ្ជកម្ម​​ចិន​​បាន​ជួយ​ជំរុញ​​សេដ្ឋកិច្ច​​របស់​​ប្រទេស​មួយ​ចំនួន​​ដូចជា ជប៉ុន កូរ៉េ​ខាងត្បូង​ និង​ឥណ្ឌា​ជាដើម។
ប៉ុន្តែ​បើ​ទោះ​ជា​​មាន​ទំនាក់​ទំនង​​សេដ្ឋកិច្ច​​ទាំង​នេះ​​ក៏​​ដោយ ក៏​វា​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​​អំណាច​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង​​នឹង​នាំ​ទៅ​រក​ឥទ្ធិពល​​នយោបាយ ​និង​យោធា​ក្នុង​តំបន់​​កាន់​តែ​ធំធេង​ជាង​មុន។
លោក ចន លី (John Lee) ជា​​​អ្នក​វិភាគ​​​នៅ​​វិទ្យាស្ថាន​ឡូវី​ (Lowy Institute) ដែល​ជា​ក្រុម​​ពិនិត្យ​មើល​​​គោល​នយោបាយ​​ឯករាជ្យ​ដែល​​មាន​​មូលដ្ឋាន​​នៅ​​ទីក្រុង​ស៊ីដនី និង​​ជា​អ្នក​​និពន្ធ​​នៃ​ការ​សិក្សា​​កាល​​​ពី​ពេលថ្មីៗ​នេះ​​ស្តី​ពីទំនាក់ទំនង​​សេដ្ឋកិច្ច ​និង​នយោបាយ​ក្នុង​តំបន់​របស់​ចិន។ លោក​ថ្លែង​ថា​ ​ដោយសារ​តែ​តម្រូវការ​របស់​អតិថិជន​ចិនមាន​កម្រិត​ទាប ហើយ​​​ការ​​ចូល​ទៅ​កាន់​​ទីផ្សារ​​នៅ​ទី​នោះ​​ពី​សំណាក់​​ក្រុមហ៊ុន​​បរទេស​​ត្រូវបានរិតត្បិត ក្រុម​​ប្រទេស​​ជិត​ខាង​​​របស់​ទីក្រុង​​ប៉េកាំង​​​នឹង​​បន្ត​​​ពឹង​ផ្អែកលើ​​​​ពាណិជ្ជកម្ម​​ជាមួយ​​គ្នា​​​ទៅ​​វិញ​ទៅ​មក និង​ជាមួយ​​​​មហា​​អំណាច​​​​​សេដ្ឋកិច្ច​​​របស់​​លោក​ខាង​លិច ដូចជា​សហរដ្ឋអាមេរិក និង​​សហភាព​​អឺរ៉ុប​​ជាដើម។
«ចិន​​ជា​មហា​អំណាច​ពិបាក​​ទុក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ ទោះជា​​ប្រទេស​នេះ​បាន​ក្លាយ​​​ជា​ដៃ​គូ​ពាណិជ្ជកម្ម​​ដ៏​លើស​លប់​​របស់​ប្រទេស​ជាច្រើន​នៅ​ទ្វីប​អាស៊ី​ដូចជាជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​សូម្បី​តែ​ឥណ្ឌា​ជាដើម​ នោះក៏ដោយ​។ រាល់​រដ្ឋធានី​ធំៗ​នៅ​អាស៊ី​​​​​កាន់​​​តែ​​​ជិត​ស្និទ្ធិ​ជាមួយ​​ទី​ក្រុង​​​វ៉ាស៊ីនតោន ដើម្បី​​កម្រិត​​​ការ​​ងើប​​ឡើង​​របស់​​ចិន។ ដូច្នេះ ខាង​​ផ្នែក​​ប្រសិទ្ធិភាព ​​និង​​ជា​យុទ្ធសាស្ត្រ ​អ្នក​​​​មាន​​ប្រទេស​​ជា​ច្រើន​​​រួប​​រួម​​គ្នា​​តទល់​​ជាមួយ​​ចិន ទោះបី​ជា​ចិន​មាន​សេដ្ឋកិច្ចលូតលាស់​ ​​និងមាន​​​សារៈសំខាន់​​​​​ក្នុង​​នាម​​ជា​ដៃ​គូ​ពាណិជ្ជកម្ម​​ជាមួយ​​ប្រទេស​ទាំង​អស់​នោះ​​ក៏​​ដោយ»។
នៅ​​ក្នុង​​របាយការណ៍​របស់​ខ្លួន វិទ្យាស្ថាន​ឡូវី ឲ្យ​​ដឹង​ថា ប្រទេស​​ជិត​​ខាង​​ជាច្រើន​​របស់​ចិន​​ក៏​មាន​ការ​ខ្វាយខ្វល់​ក្នុង​ចិត្ត​ដែរ​​ចំពោះ​​ឥទ្ធិពល​​យោធា​​ដែល​ចេះ​តែ​កើន​ឡើង​​របស់​ចិន ​ជាពិសេស​​ទាក់​ទង​នឹង​​ជម្លោះ​​នៅ​តាម​សមុទ្រ នៅ​ក្នុង​សមុទ្រ​លឿង និង​សមុទ្រ​ចិន​​ភាគ​ខាងត្បូង។
ចិន​​បាន​ទទូច​ថា ខ្លួន​ជា​ដៃគូ​ប្រកប​ដោយ​សន្តិភាព​នៅ​​អាស៊ី ហើយ​ចង់​ដោះស្រាយ​​ជម្លោះ​ដែនទឹក​របស់​ខ្លួន​​តាម​រយៈ​ការ​ចរចា។ ប៉ុន្តែ​ការ​ពង្រីក​ចំណាយ​ផ្នែក​​កងទ័ព​ជើងទឹក ​​និង​យោធា ​របស់​ខ្លួន​​​​​បង្ក​​ឲ្យ​​មាន​​ការ​សង្ស័យ។
ខណៈ​ដែល​​របាយការណ៍​របស់​វិទ្យាស្ថាន​ឡូវី​​​​មើល​ឃើញ​ពី​​​មន្ទិល​សង្ស័យ​ទាំង​នោះ​​ថា​ បាន​កម្រិត​​​ឥទ្ធិពល​​​របស់​ចិន ​មាន​​ក្រុម​អ្នក​វិភាគ​​ជាតិ​អូស្រ្តាលី​ផ្សេង​ទៀត​​​មិន​យល់​ស្រប។ លោក អាន់ឌ្រូ ដេវីស (Andrew Davies) ជា​អ្នក​វិភាគ​​នៅ​ឯ​វិទ្យាស្ថាន​គោលនយោបាយ​យុទ្ធសាស្ត្រ​អូស្ត្រាលី (Australian Strategic Policy Institute)។ លោក​ មាន​ប្រសាសន៍​ថា ​ភាព​រីក​លូត​លាស់​យ៉ាង​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​​ និង​​ការ​ចំណាយ​ផ្នែក​យោធា​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​របស់​ចិន​​អាច​លប់​លើ​ឥទ្ធិពល​​របស់​សហរដ្ឋ​អាមេរិក​​នៅ​អាស៊ី។
«ខ្ញុំ​គិត​ថា​ បញ្ហា​ប្រឈម​ខាង​យុទ្ធសាស្ត្រ​​ក្នុង​​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​គឺ​​ការ​បន្ត​​ងើប​ឡើង​របស់​ចិន និង​​ការ​ធ្លាក់​ចុះ​​របស់​សហរដ្ឋ​អាមេរិក និង​ថា​តើ​​កត្តា​នោះ​នឹង​បាត់​បង់​នូវ​អ្វី​ដែល​យើង​ពណ៌នា​ថា ជា​ភាព​រួមគ្នា​​ជា​សកល។ ផ្នែក​មួយ​នៃ​​រឿង​រ៉ាវ​នេះ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង ដែល​​​កំពុង​ពិនិត្យ​មើល​កង​កម្លាំង​របស់​ខ្លួន​​ដែល​​ដាក់​ពង្រាយ​​​​នៅ​ទូទាំង​​ពិភព​លោក ប៉ុន្តែ​​​ជាពិសេស​ នៅ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​ ហើយ​​បញ្ហា​មួយ​​ដែល​ស្តែង​ឲ្យ​ឃើញ​កាន់​​តែ​ច្បាស់​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ថា​មូលដ្ឋាន​​របស់​សហរដ្ឋ​អាមេរិក​​នៅ​​ប្រទេស​ជប៉ុន និង​ហ្គួម (Guam) ងាយ​​ទទួល​រង​​គ្រោះ​ពី​​សមត្ថភាព​របស់​ចិន​ដែល​ចេះ​តែ​កើន​ឡើង»។
ក្រុម​អ្នក​វិភាគ​នៅ​វិទ្យាស្ថាន​ឡូវី និយាយ​ថា សហរដ្ឋ​អាមេរិក​​បាន​កំពុង​ទាក់​ទង​​អាស៊ី​​ឡើង​​វិញ​​កាល​​ពីប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ប្រកប​ដោយ​ជោគជ័យ​ ដែល​ពង្រឹង​​​សម្ព័ន្ធ​ភាព​​ដែល​​មាន​​នៅ​ទីនោះ​ស្រាប់​ជាមួយ​ជប៉ុន និង​អូស្រ្តាលី និង​បង្កើត​ទំនាក់​ទំនង​​ថ្មី​ជាមួយ​​ឥណ្ឌា និង​វៀតណាម។
កាល​ពី​ខែ​មិថុនា អូស្ត្រាលី​​​បាន​​ចាប់​​ផ្តើម​​​ត្រួត​ពិនិត្យ​​មើល​​​សមត្ថភាព​​​​ការពារ​ប្រទេស​របស់​ខ្លួន ដែល​​​អាច​នាំ​​ទៅ​ដល់​ការ​ផ្តោត​អារម្មណ៍​សាជាថ្មី​​ទៅ​លើ​ការ​ការពារ​តំបន់​ឆ្នេរ​ភាគពាយព្យ​ដែល​សម្បូរណ៍​ទៅ​ដោយ​ធនធាន​របស់​ប្រទេស​នេះ។ រដ្ឋាភិបាល​ថ្លែង​ថា​ ការ​វាយតម្លៃ​ឡើង​វិញ​​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់​ទល់​នឹង​​ឥទ្ធិពល​យោធា​ដែល​កំពុង​ងើប​ឡើង​របស់​ចិនដោយ​ទទូច​ឡើង​ថា ទីក្រុង​កង់បេរ៉ា​ (Canberra) ជឿ​ជាក់​ថា ទីក្រុង​ប៉េកាំង​​នឹង​ងើបឡើង​ក្នុង​នាម​ជា «តួឯក»​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​​នៅ​​ក្នុង​​កិច្ចការ​​តំបន់៕

No comments:

Post a Comment

yes