ប្រជាពលរដ្ឋនៅឃុំចំនួនពីរនៃស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្ដាល ទាមទារឲ្យបញ្ឈប់ជាស្ថាពរនូវការបូមខ្សាច់ពីបាតទន្លេបាសាក់។
ពួកគាត់ព្រមានថា នឹងអាចឈានដល់ការតវ៉ាដោយហិង្សា ប្រសិនបើការបូមខ្សាច់នេះនៅតែបន្ត។
ប្រជាពលរដ្ឋមកពីភូមិចំនួនបួននៃឃុំកោះអន្លង់ចិន រួមមានភូមិក្បាលកោះ ភូមិកណ្ដាលកោះ ភូមិចុងកោះ និងភូមិស្វាយពុំត្រង់ សរុបប្រមាណ ២០០ នាក់ ទាមទារឲ្យបញ្ឈប់ជាបន្ទាន់នូវការបូមខ្សាច់បាតទន្លេក្បែរភូមិរបស់ពួកគាត់។
ការទាមទាររបស់ប្រជាពលរដ្ឋធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តកណ្ដាល កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ នៅសាលាឃុំកោះអន្លង់ចិន ។
ប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាល លោក ឈួន ប៉េងឡុង ថ្លែងប្រាប់ក្រុមប្រជាពលរដ្ឋថា ការបូមខ្សាច់ត្រូវបានធ្វើឡើងតាមលក្ខណៈបច្ចេកទេស ហើយក្រុមហ៊ុន ចន្ទ ឫទ្ធីសក្ដិ ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ដើម្បីធ្វើអាជីវកម្មបូមខ្សាច់នៅផ្នែកមួយ តាមគោលការណ៍ស្ដារទន្លេពីរាជធានីភ្នំពេញដល់ព្រំប្រទល់ប្រទេសវៀតណាម។
ប្រជាពលរដ្ឋរស់នៅភូមិកណ្ដាលកោះ លោក សួង ថន សម្ដែងប្រតិកម្មតបនឹងការថ្លែងរបស់ លោក ឈួន ប៉េងឡុង ភ្លាមៗ ថា ការបូមខ្សាច់ពីបាតទន្លេក្បែរភូមិរបស់ពួកគាត់ មិនត្រូវបានធ្វើឡើងតាមលក្ខណៈបច្ចេកទេសឡើយ ហើយក្រុមហ៊ុនក៏មិនបានគិតអំពីការប៉ះពាល់ដល់សិទ្ធិលំនៅឋាន និងផលប្រយោជន៍សាធារណៈដែរ។
លោក សួង ថន បន្តថា រូបលោក និងប្រជាពលរដ្ឋទាំងអស់មិនថ្នាំងថ្នាក់ទេ ប្រសិនបើការបូមខ្សាច់នេះ ត្រូវបានធ្វើឡើងតាមគោលការណ៍ស្ដារទន្លេក្នុងជម្រៅ ២ ម៉ែត្រ និងបណ្ដោយ ៦ គីឡូម៉ែត្រ។ តែក្រុមហ៊ុនបានបូមនៅកន្លែងដដែលអស់រយៈពេល ៤ ខែហើយ។ លោកចោទជាសំណួរថា តើទន្លេរាក់តែមួយកន្លែងឬយ៉ាងណា។
អ្នកភូមិកណ្ដាលកោះម្នាក់ទៀត អ្នកស្រី សន សារី អាយុ ៥០ ឆ្នាំ ស្នើសុំឲ្យបញ្ឈប់ការបូមខ្សាច់ជាបន្ទាន់ ព្រោះពួកគាត់បានខំអត់ធ្មត់រង់ចាំដំណោះស្រាយអស់រយៈពេលយូរហើយ។ អ្នកស្រីបារម្ភខ្លាចមានការផ្ទុះអំពើហិង្សានៅថ្ងៃណាមួយ បើការបូមខ្សាច់នៅតែបន្តនោះ។
លោក វង្ស ចន្នី ជាអ្នកភូមិកណ្ដាលកោះម្នាក់ដែរបានឲ្យដឹងថា ក្រៅពីកាភ័យខ្លាចបាក់ដី និងរលំផ្ទះសម្បែង ប្រជាពលរដ្ឋក៏បារម្ភអំពីផលប៉ះពាល់ដល់ការធ្វើកសិកម្មរបស់ពួកគាត់ដែរ។
ប្រជាពលរដ្ឋភាគច្រើនដែលសម្ដែងចម្ងល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យបញ្ឈប់សកម្មភាពបូមខ្សាច់ទាំងនៅតំបន់ទឹកសាប និងទឹកប្រៃហើយ ហេតុម្ដេចឡើយនៅតែមានការបូមខ្សាច់ទៀត។ លោក ជន់ ប៉េងឡុង បានឆ្លើយតបចំពោះចម្ងល់នេះថា ហាមតែការបូមខ្សាច់សម្រាប់ការនាំចេញទេ តែអាជីវកម្មបូមខ្សាច់សម្រាប់តម្រូវការក្នុងមិនមានការហាមឃាត់ទេ។
ជំនួបជាមួយមន្ត្រីនៃមន្ទីរធនធានទឹកខេត្តកណ្ដាលបញ្ចប់បានត្រឹមតែការទាមទាររបស់ប្រជាពលរដ្ឋឲ្យបញ្ឈប់ជាស្ថាពរនូវការបូមខ្សាច់ក្បែរភូមិរបស់ពួកគាត់ ហើយប្រធានមន្ទីរធនធានទឹកខេត្តកណ្ដាល លោក ជន់ ប៉េងឡុង សន្យាថា លោកនឹងនាំយកសំណូមពររបស់ប្រជាពលរដ្ឋទៅជម្រាបជូនថ្នាក់លើ។
ក្រោយពីការជជែកជាមួយ លោក ជន់ ប៉េងឡុង ប្រជាពលរដ្ឋឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល ប្រមាណ ៣០នាក់ បានឆ្លងទៅជួបជាមួយប្រជាពលរដ្ឋនៃឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលប្រមាណ ២០ នាក់ដែលប្រឆាំងនឹងការបូមខ្សាច់នេះដែរ។
អ្នកភូមិឫស្សីស្រុកម្នាក់ អ្នកស្រី ជឹម ផល្លី អាយុ ៤៧ ឆ្នាំ ព្រួយខ្លាចការបូមខ្សាច់នេះធ្វើឲ្យរលំសាលារៀនដែលអង្គការមួយបានសង់នៅជាប់មាត់ទន្លេសម្រាប់កូនចៅអ្នកស្រុកភូមិរបស់គាត់។
ការបូមខ្សាច់ពីបាតទន្លេបាសាក់នៅតំបន់កោះអន្លង់ចិន គឺដើម្បីយកទៅបំពេញផ្ទៃទំហំជាង ៥០ ហិកតារនៃបឹងដូនស ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល សម្រាប់ការសាងសង់ដ៏ធំមួយនៅទីនោះ៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes