សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 28, 2011

កម្មករ​រោងចក្រ អានហ៊្វុល ហ្កាមិន​ ជាង ២០០ នាក់​ដួល​សន្លប់​ជា​លើក​ទី​២

 រោងចក្រ អានហ៊្វុល ហ្កាមិន (ANFUL Garment factory) ស្ថិត​ក្នុង​ឃុំ​សំបួរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កម្មករ​បាន​ដួល​សន្លប់​ជា​ថ្មី​ទៀត នៅ​ពេល​ចាប់​ផ្ដើម​ចូល​ធ្វើ​ការ​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ តុលា និង​បន្ទាប់​ពី​ការ​ឈប់​សម្រាក ២ ថ្ងៃ។

RFA/Uon Chhin
២៧-តុលា-២០១១៖ កម្មការិនី​រោងចក្រ អានហ៊្វុល ហ្កាមិន 
កំពុង​ទទួល​ការ​ព្យាបាល។


 កម្មករ​សន្លប់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ និង​នៅ​មណ្ឌល​សុខភាព​ចោមចៅ ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល ដែល​នៅ​ជិត​រោងចក្រ​នោះ។
ប្រធាន​សជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ក្រោយ​ការ​អង្កេត​តាម​ដាន​លើ​ករណី​កម្មករ​ដួល​សន្លប់​របស់​កម្មករ​ចក្រ អានហ៊្វុល ហ្កាមិន (ANFUL Garment factory) ថា យ៉ាង​ហោច​ណាស់​មាន​កម្មករ​ជាង ២០០ នាក់​បាន​ឈឺ​សន្លប់​ជា​ថ្មី​ទៀត។
លោក​បាន​សន្និដ្ឋាន​ថា ការ​ដួល​សន្លប់​ជា​លើ​ទី​ពីរ​នេះ ដោយសារ​កម្មករ​នៅ​មាន​កម្លាំង​ខ្សោយ បន្ទាប់​ពី​ការ​ពុល​ដួល​សន្លប់​លើក​ទី​មួយ កាល​ពី​ថ្ងៃ​ទី ២៤ តុលា ហើយ​បរិយាកាស​នៅ​ក្នុង​រោងចក្រ នៅ​មាន​ក្លិន​ជាតិ​ពុល​បណ្ដាល​ពី​ការ​ដាក់​ថ្នាំ​ការពារ​ក្រណាត់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ តុលា។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ស្នើសុំ​ទៅ​ភាគី​ខាង​រោងចក្រ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្យារ​ពេល​ឲ្យ​កម្មករ​ឈប់​សម្រាក​បាន​មួយ​សប្ដាហ៍​ទៀត ដើម្បី​ឲ្យ​កម្មករ​មាន​សុខភាព​រឹងមាំ និង​សុំ​ឲ្យ​មាន​ការ​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​ការ​សម្អាត​ក្លិន ដែល​មាន​ជាតិ​ពុល​នៅ​ក្នុង​រោងចក្រ​នោះ​ធ្វើ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ដែល​ធានា​ដល់​សុវត្ថិភាព​កម្មករ​ពេល​ចូល​ធ្វើការ​វិញ​នោះ ឬ​ក៏​យ៉ាងណា។
កម្មករ​ដែល​បាន​ដួល​សន្លប់ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ចោមចៅ​ជួយ​សង្គ្រោះ​ហើយ​បាន​ដឹង​ខ្លួន​វិញ ថ្លែង​ឲ្យ​ដឹង​ថា ពេល​ពួក​គេ​មក​ពី​ផ្ទះ​មាន​កម្លាំង​ធម្មតា ប៉ុន្តែ ពេល​ចូល​មក​ដល់​ក្នុង​រោងចក្រ ពួក​គេ​ហាក់​មាន​អារម្មណ៍​ចាប់​ផ្ដើម​តឹង​ទ្រូង​ទន់​ដៃ​ជើង ហើយ​ដួល​លែង​ដឹង​ខ្លួន​តែ​ម្ដង។
លោក​វេជ្ជបណ្ឌិត​ប្រចាំ​មណ្ឌល​សុខភាព "បែក​ចាន" លោក ជា សុគន្ធ ដែល​បាន​ពិនិត្យ​ព្យាបាល​កម្មករ​សន្លប់ បាន​បញ្ជាក់​ថា ពួក​គាត់​ភាគ​ច្រើន​បាន​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទន់​ដៃ​ជើង វិល​មុខ​ជា​ដើម។
តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​បញ្ជាក់​ថា នេះ​ជា​តាម​ដាន​អាការៈ​រោគ​បឋម ដើម្បី​ព្យាបាល​សង្គ្រោះ​បន្ទាន់ ដោយ​អ្នក​ជំនាញ​មិន​ទាន់​យក​ឈាម​អ្នក​ជំងឺ ទៅ​ពិនិត្យ​ក្នុង​មន្ទីរ​ពិសោធន៍​តាម​លក្ខណៈ​បច្ចេកទេស​នៅ​ឡើយ​ទេ។
លោក​បញ្ជាក់​ថា តាម​បច្ចេកទេស ប្រភេទ​ជាតិ​ពុល​មួយ​ចំនួន ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ក្នុង​ឈាម ឬ​ធ្វើ​ឲ្យ​ឈាម​មាន​ចលនា​មិន​ប្រក្រតី​បាន​ដែរ។
វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​ភាគី​ខាង​រោងចក្រ និង​មន្ត្រី​ក្រសួង​ការងារ ដើម្បី​ឆ្លើយ​តប​ទាក់ទង​នឹង​ការ​ស្នើសុំ​របស់​លោក ជា មុនី បាន​នៅ​ឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ២៧ តុលា ហើយ​ក្រុម​កម្មករ​ក៏​មិន​ទាន់​បាន​ដឹង​ថា តើ​ពួក​គាត់​នឹង​ត្រូវ​បាន​ឈប់​សម្រាក​បន្ត​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។
ប៉ុន្តែ ប្រធាន​ការិយាល័យ​អធិការកិច្ច កិច្ចការ​នីតិកម្ម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ម៉េង ហុង មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ២៥ តុលា​ថា ក្រសួង​មាន​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​ទប់​ស្កាត់​ករណី​សន្លប់​នេះ បាន​ចុះ​អង្កេត​ដល់​រោងចក្រ​ហើយ និង​បាន​ដាក់​វិធានការ ៤ ចំណុច។ ទី​មួយ ឲ្យ​រោង​ចក្រ​ផ្អាក​ដំណើរការ ២ ថ្ងៃ គឺ​ថ្ងៃ​ទី ២៥ និង ២៦ តុលា។ វិធានការ​ទី​២ ត្រូវ​សម្អាត​ទាំង​អស់ ទាំង​បរិវេណ​ទីធ្លា ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ក្លិន​ជាតិ​ពុល​ទៀត។ ទី​៣ រោងចក្រ​បើក​ម៉ាស៊ីន​ត្រជាក់​កន្លះ​ម៉ោង​មុន​កម្មករ​ចូល​ធ្វើការ និង​វិធានការ​ទី​៤ គឺ​ឲ្យ​ប្រធាន​ក្រុម​ក្លីនិក​នៅ​ក្នុង​រោងចក្រ ត្រូវ​តែ​តាម​ដាន​សកម្មភាព​កម្មករ បើ​មាន​កម្មករ​ណា​មិន​ស្រួល ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ហើយ​កម្មករ​ណា​មិន​ស្រួល​គាត់​ចង់​ទៅ​ផ្ទះ ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​បាន​ទៅ​ផ្ទះ​ដែរ។
ប៉ុន្តែ វិធានការ​នេះ នៅ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​អះអាង​ថា ភាគី​រោងចក្រ​បាន​អនុវត្តន៍​បាន​ត្រឹមត្រូវ​តាម​បទ​បញ្ជា​នេះ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៕

ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes