តុលាការមានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយទំនាស់ ដោយផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការកាត់សេចក្ដីតាមច្បាប់ និងការគោរពសិទ្ធិមនុស្ស។
ផ្ទុយទៅវិញសាធារណជនដែលមានទាំងប្រជាពលរដ្ឋ និងសង្គមស៊ីវិលផង មិនបានជឿទុកចិត្តទេ ហើយបានរិះគន់ថា ប្រព័ន្ធតុលាការនៅកម្ពុជា កាត់សេចក្ដីពុំមានភាពត្រឹមត្រូវ គ្មានតម្លាភាព ធ្វើឲ្យពលរដ្ឋក្រីក្រ និងអ្នកគ្មានអំណាចរងគ្រោះដោយអំពើយុត្តិធម៌។
ប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់ការដោះស្រាយទំនាស់ និងការកាត់សេចក្ដីនៅប្រព័ន្ធតុលាការកន្លងមក បានរិះគន់ថា តុលាការកម្ពុជា ខ្វះអព្យាក្រឹត ពុំមានភាពឯករាជ្យ កាត់សេចក្ដីមិនត្រឹមត្រូវ មានភាពលំអៀង និងមានអំពើពុករលួយ។ កត្តាទាំងអស់នេះបានបង្កឲ្យពួកគេបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
លោក ជា សុខា ពលរដ្ឋម្នាក់រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់ថ្នាំបុរាណ បានថ្លែងថា កូនប្រុសរបស់គាត់ ២នាក់ កំពុងជាប់ពន្ធនាគារពីបទប្លន់ បន្ទាប់ពីលោកបានដាក់ពាក្យប្ដឹងទៅតុលាការកាលពីឆ្នាំ១៩៩៧ ក្នុងករណីមន្ត្រីនគរបាលយុត្តិធម៌ម្នាក់ បានប្រព្រឹត្តអំពើហិង្សាមកលើកូនរបស់គាត់។
លោកបានរៀបរាប់ហេតុការណ៍នេះដូច្នេះ៖ «ប៉ូលិសហ្នឹងនៅខាងខណ្ឌឫស្សីកែវ ច្រាំងចំរេះ១ ប្រធានប៉ុស្តិ៍។ ថ្ងៃមួយហ្នឹងគេផឹកស៊ីពីស្វាយប៉ាកមក ម៉ោង ១១យប់ គេស្រវឹង គ្នាគេ ២នាក់សុទ្ធតែដោះអាវចងចង្កេះអី ស្ពាយ(កាំភ្លើង)អាកាម្នាក់មួយដើម ឆ្នាំ១៩៩០ ជាង។ ខ្ញុំប្រើកូនឲ្យហៅអាប្អូនមកដេក កុំឲ្យយប់ពេក ចំថ្ងៃចូលឆ្នាំចិនថ្ងៃទី២ផង។ គេហៅកូនខ្ញុំឆែកឆេររកលុយរកអី កូនខ្ញុំថា អត់មាន ឲ្យកូនខ្ញុំក្រាបដាក់ខ្នោះ ២នាក់ បាញ់កូនខ្ញុំអាប្អូននៅតូចអាយុទើប ១២-១៣ឆ្នាំ បាញ់កូនខ្ញុំអាមួយបាញ់បាក់ជើង អាមួយអូសទៅកៀនថ្នល់ វាយបាក់ជើង។ ក្រោយមកខ្ញុំក៏ធ្វើពាក្យបណ្ដឹងឡើងទៅតុលាការ គេក៏ធ្វើពាក្យបណ្ដឹងក្រោយខ្ញុំពីរបីថ្ងៃ យកទៅដាក់តុលាការ ថា កូនខ្ញុំចោរប្លន់»។
លោក ជា សុខា បានបន្តថា សាលាដំបូង និងសាលាឧទ្ធរណ៍ បានកាត់សេចក្ដីឲ្យកូនរបស់គាត់ជាប់ពន្ធនាគារចំនួន ៦ឆ្នាំ ពីបទប្លន់ ដោយពុំមានភស្តុតាងបញ្ជាក់អ្វីទាំងអស់៖ «ឲ្យគេទៅ ម្ដង ១០០ ១៥០ (ដុល្លារ) អី ។លោកតុលាការ លោកក្រឡាបញ្ជីលោកអីហ្នឹងសុំចាយឲ្យគេទៅ ក្រែងលោគេរកយុត្តិធម៌ឲ្យកូនយើង។ ការពិតគេផ្អឹបសំណុំរឿងហ្នឹងចោលយូរឆ្នាំហើយ គេអត់រកយុត្តិធម៌អីសោះ»។
ស្រដៀងគ្នានេះដែរ អ្នកស្រី ឌី សុខុន ដែលស្វាមីគាត់ត្រូវបានតុលាការខេត្តបាត់ដំបង កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំពីបទប្លន់ផ្ទះមេភូមិ នៅឆ្នាំ២០១០ បានអះអាងថា ស្វាមីរបស់គាត់មិនទទួលបានយុត្តិធម៌សោះ ព្រោះមិនគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
អ្នកស្រីបញ្ជាក់ដូច្នេះ៖ «គេបើកសវនាការហ្នឹង ដូចគេហៅកំបាំងមុខអ៊ីចឹង សាក្សីអីក៏អត់មានហៅទៅជុំគ្នាដែរ គេកាត់ស្ងាត់ៗ។ សាក្សីខ្ញុំពីរនាក់ក៏គេអត់មានហៅដែរ គេហៅតែម្នាក់។ គេធ្វើហ្នឹងមិនត្រឹមត្រូវទេ ព្រោះប្ដីខ្ញុំគ្មានធ្វើអីនរណាសោះ ហើយយកប្ដីខ្ញុំទៅដាក់ទោសអ៊ីចឹង អត់យុត្តិធម៌សោះ។គួរតែកសាងសំណុំរឿងឲ្យបានយុត្តិធម៌ កុំឲ្យរឿងខុសទៅជាត្រូវ ត្រូវទៅជាខុសអ៊ីចឹង គ្នាអ្នកអត់ៗស្រេចតែគាត់ ធ្វើបាបមេភូមិហ្នឹងអាងមានអំណាច»។
ទាក់ទងបញ្ហានេះ មន្ត្រីសិទ្ធិបានលើកឡើងថា តុលាការបច្ចុប្បន្នមាននិន្នាការនយោបាយមិនទាន់ឯករាជ្យ មានភាពយឺតយ៉ាវក្នុងការចាត់បណ្ដឹងរបស់ប្រជាពលរដ្ឋ ហើយអ្នកដែលទទួលរងនូវអំពើអយុត្តិធម៌នោះគឺភាគច្រើនជាពលរដ្ឋក្រីក្រ។ ហើយថា សូម្បីតែមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនគណបក្សនយោបាយក៏ត្រូវបានតុលាការចោទប្រកាន់ដោយអយុត្តិធម៌ដែរ។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញមូលហេតុនាំឲ្យមានភាពមិនប្រក្រតីដូច្នេះ៖ «គឺដោយសារភាពទន់ខ្សោយនៃការអនុវត្តច្បាប់ស្រុកយើង វាមានកម្រិតទាបពេក ដោយសារថា មន្ត្រីតុលាការទាំងអស់នោះភាគច្រើនគឺជាបុគ្គលដែលគ្មានលក្ខណៈឯករាជ្យ ជាបុគ្គលដែរ ទទួលបានផលប្រយោជន៍ពីស្ថាប័នមានអំណាច។ មានន័យថា ស្ថាប័ននីតិប្រតិបត្តិ។ កាលដែលពួកគាត់បានបំពេញកាតព្វកិច្ចជាចៅក្រមខ្លះដែលមានឋានៈ តួនាទី គឺមិនមែនបានដោយសារថា គាត់បានធ្វើល្អ ដោយសារថា គាត់មានស្នាដៃក្នុងការផ្ដល់យុត្តិធម៌ គឺបានដោយសារគាត់អាចមានបក្សមានពួករបស់គាត់ ឡើងធ្វើជាប្រធានតុលាការគាត់ធ្វើជាតុលាការកន្លែងទីប្រជុំជនល្អៗ គឺដោយសារអ៊ីចឹង ធ្វើម៉េចឲ្យគាត់មានលក្ខណៈឯករាជ្យ ធ្វើម៉េចនឹងឲ្យគាត់ទទួលផលប្រយោជន៍ពីភាគីទាំងសងខាង?»។
ប្រធានក្រុមបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានទស្សនៈថា ប្រទេសដែលមានប្រព័ន្ធយុត្តិធម៌ ឬនិយាយឲ្យចំថា តុលាការគ្មានភាពឯករាជ្យនោះ នាំមានផលប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ៖ «ធ្វើឲ្យបញ្ហាក្នុងសង្គមមានអំពើពុករលួយ ឬក៏អាចទៅជារឿងផ្សេង ខ្មៅទៅជាស សទៅជាខ្មៅជាដើម នោះគឺវាជះឥទ្ធិពលទៅដល់សង្គម ជាប្រព័ន្ធយុត្តិធម៌ដែលមានកម្រិតទាប ហើយមិនមានជំនឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋនោះណា បរទេសគេអាចមើលស្រាលមកលើប្រទេសយើង។ បទល្មើសវាអាចនឹងកើតមានច្រើន ហើយធ្វើឲ្យមានភាពភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋទាក់ទងនឹងសន្តិសុខ សុវត្ថិភាពក៏នៅមានកម្រិតទាប»។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងយុត្តិធម៌បានទទួលស្គាល់នូវចំណុចខ្វះខាតក្នុងការប្រតិបត្តិការងាររបស់មន្ត្រីតុលាការមួយចំនួន។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក អ៊ិត រ៉ាឌី មានប្រសាសន៍នៅថ្ងៃទី២៧ តុលា ថា ក្រសួងកំពុងពិភាក្សារវាងមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីតុលាការ ដោយយកតុលាការក្នុងខេត្តក្រុងចំនួន៤ គឺ ភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ និងតុលាការខេត្តកណ្ដាល ឲ្យក្លាយជាតុលាការគំរូ។ ការធ្វើដូច្នេះគឺដើម្បីឲ្យប្រជាពលរដ្ឋមានភាពជឿជាក់លើការកាត់សេចក្ដីចំពោះមន្ត្រីតុលាការ និងមិនឲ្យពលរដ្ឋខ្លាចតុលាការ។
លោកមានប្រសាសន៍បន្តដូច្នេះ៖ «ធម្មតារឿងក្ដីវាមានគូបដិបក្ខនឹងគ្នា ដូច្នេះវាមានឈ្នះ និងមានចាញ់ ហើយអ្នកចាញ់តែងតែត្រូវថ្នាំងថ្នាក់ហើយ មិនដែលថា ខ្លួនឯងចាញ់ហើយទទួលថាចាញ់ទេ នៅតែថាគេមិនយុត្តិធម៌មិនអីវាធម្មតាទេ។ រឿងក្ដី ១០០ មានពាក់កណ្ដាលគាំទ្រ មានពាក់កណ្ដាលមិនគាំទ្រ វាជៀសមិនផុតពីបញ្ហាចោទប្រកាន់ទេ យើងក៏មិនថា វាល្អទាំងអស់យ៉ាងនោះទេ វាអាចមានខ្លះអ៊ីចឹង»។
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជា ស្ដីពីបញ្ហាសិទ្ធិមនុស្សលើកទី៥ កាលពីខែមិថុនា ឆ្នាំ២០១១ ក៏បានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលកែលម្អប្រព័ន្ធតុលាការដែរ៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes