លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ ទៅកាន់ប្រទេសភូមានៅថ្ងៃពុធស្អែកនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀន និងពលករអន្តោរប្រវេស្តន៍ខុសច្បាប់ រួមនិងបញ្ហាដទៃជាច្រើនផ្សេងទៀត។
លោកស្រី យីងឡាក់ បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា «នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនិងមានកិច្ចពិភាក្សាជាមួយមេដឹកនាំប្រទេសភូមា អំពីការជម្រុញទំនាក់ទំនងទ្វេភាគី ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យវិនិយោគ និងពាណិជ្ជកម្ម។ ការបើកច្រកព្រំដែនបន្ថែមទៀត នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ»។
លោកស្រី យីងឡាក់ នឹងចាកចេញពីអាកាយានដ្ឋានយោធាក្រុងបាងកក នៅវេលាម៉ោង១:៣០នាទី រសៀលថ្ងៃពុធស្អែកនេះ ទៅកាន់ទីក្រុង Naypyidaw ជាទីក្រុងរដ្ឋបាលថ្មីរបស់ប្រទេសភូមា។ លោកស្រីបានគ្រោងនឹងជួបជាមួយ លោក Thein Sein ប្រធានាធិបតីភូមា នៅមុនពេលចូលរួមនៅក្នុងកិច្ចពិភាក្សារវាងមេដឹកនាំថៃ និងភូមា។ នៅពេលល្ងាច លោកប្រធានាធិបតីភូមា នឹងរៀបចំអាហារពេលល្ងាចសម្រាប់មេដឹកនាំរបស់ប្រទេសថៃ។
លោកស្រី និងសហការី គ្រោងនឹងមកកាន់ក្រុងបាងកក នៅមុនពាក់កណ្តាលយប់ថ្ងៃដដែលផងដែរ។ នៅចុងខែតុលានេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ ក៏បានគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជាសមាជិកអាស៊ានដទៃដូចជា ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១០ ខែតុលា ប្រទេសសឹង្ហបុរី នៅថ្ងៃបន្ទាប់ ហើយនិងប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា។ លោកស្រីគ្រោងនឹងទៅកាន់ប្រទេសចិន នៅរវាងថ្ងៃទី១៩ ខែតុលា និងថ្ងៃទី២១ ខែតុលា ខាងមុខនេះ។
( ដោយ : ណាវ័ន្ត)
ពីគេហទំព័រ៖សារព័ត៌មានសង្គម

No comments:
Post a Comment
yes