អភិបាលក្រុងបាងកកលោក ស៊ូខុមបាន ផារីបាត្រា បានព្រមានថារដ្ឋធានីថៃអាចរងការវាយប្រហារដោយទឹកជំនន់នៅថ្ងៃស្អែកនៅពេលបរិមាណទឹកដ៏ធំហូរមកពីខាងជើងបានចូលដល់សង្កាត់ក្លង រ៉ាងស៊ីត ជាហេតុធ្វើអោយភាគខាងជើងក្រុងប្រឈមការជនលិច។
ការព្រមានបានកើតឡើងមួយថ្ងៃក្រោយបញ្ជាការប្រតិបត្តិការជួយសង្គ្រោះទឹកជំនន់របស់រដ្ឋាភិបាលបានប្រកាសថាក្រុងបាងកកប្រហែលជាគេចផុតពីការលិចលង់ដោយសារទឹកមួយភាគធំដែលហូរមកពីខាងជើងបានហូរហួសទីក្រុងរួចហើយ។
តែបន្ទាប់ពីស្តាប់របាយការណ៍ លោកស៊ូខុមបានបានធ្វើសន្និសីទកាសែតនៅម៉ោង៩យប់ថ្ងៃចន្ទនិងប្រកាសថាទឹកត្រូវគេរំពឹងថានឹងមកដល់អាកាសយានដ្ឋានដនមឿងនៅរយៈពេល៤៨ម៉ោងទៀត។
ក្នុងពេលេជាមួយគ្នានៅថ្ងៃអង្គារនេះដែរ ទាហាន បុគ្គលិកមន្ត្រីរដ្ឋការស៊ីវិលនិងប្រជាជនក្នុងក្រុងបាងកកបាននាំគ្នាបន្ថែមដីជាង១លានបាវទៀតនៅតាមទំនប់ការពារទឹកជំនន់នៅខាងជើងក្រុង។
យ៉ាងតិចមនុស្ស៣១៥នាក់បានស្លាប់ក្នុងជំនន់ដ៏អាក្រក់បំផុតនៅថៃក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ។ទឹកភ្លៀងរដូវវស្សាដែលបានចាប់ផ្តើមកាលពីខែកក្កដាបានពន្លិច២ភាគបីនៃប្រទេសនិងតំបន់ខ្លះនៅក្រោមទឹកជំរៅ២ម៉ែត្រនៅឡើយ។
នៅក្រៅក្រុងបាងកក មនុស្សរាប់ពាន់នាក់នៅត្រូវចាកចោលផ្ទះសម្បែងរបស់គេនៅឡើយនិងពួកអ្នកស្រុកដែលអត់ឃ្លានកំពុងតស៊ូរស់នៅបណ្តាទីប្រជុំជនដែលលិចពាក់កណ្តាលៗនៅឡើយ។
ការខូចខាតសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងនៅពេលកិច្ចខិតខំកាលពីថ្ងៃចន្ទដើម្បីសង្គ្រោះតំបន់ឧស្សាហកម្មណាវ៉ា ណាខននៅខេត្តផាធូម ថានីបានបរាជ័យ។
ភាពជ្រួលច្របល់បានកើតមាននៅពេលមនុស្សជាង២០០.០០០នាក់ត្រូវបានបញ្ជាអោយចាកចេញពីតំបន់ឧស្សាហកម្មណាវ៉ា ណាខននៅក្នុងខេត្តផាធូម ថានីកាលពីថ្ងៃម្សិលមិញនិងអ្នកភៀសខ្លួននៅតាមជម្រកបណ្តោះអាសន្នរួចហើយនោះក៏ត្រៀមភៀសខ្លួនបន្តទៀតដោយភ័យខ្លាចទឹកនឹងមកដល់។
មុនពេលថ្ងៃត្រង់ថ្ងៃចន្ទ ទំនប់ទឹកកំពស់៥ម៉ែត្រនៃតំបន់ឧស្សាហកម្មណាវ៉ា ណាខនបានបាក់ ដោយបញ្ជូនទឹកជំនន់ចូលទីតាំងដែលមានរោងចក្រជាង២០០នេះ។
ណាវ៉ា ណាខនមានរោងចក្រជាង២០០ជាមួយកម្មករប្រមាណ១៧៥.០០០នាក់។តំបន់នេះមានមនុស្សរស់នៅជាង៣០.០០០គ្រួសារជាងមួយអ្នកស្រុកជាង១០០.០០០នាក់ផងដែរ។
រហូតមកទល់ថ្ងៃអង្គារនេះ ទាហានប្រមាណ៦០០នាក់នៅខិតខំទប់ស្កាត់ការខូចខាតអោយនៅតិចបំផុតនៅតំបន់ឧស្សាហកម្មណាវ៉ា ណាខន តែទោះជាយ៉ាងណា៩០ភាគរយនៃតំបន់នេះបានលិចលង់រួចហើយ។
យ៉ាងតិចឧទ្យានឧស្សាហកម្មចំនួន៤បានជន់លិច ជាហេតុនាំអោយកម្មករដល់ទៅ១០០.០០០នាក់សម្រាកពីការងារ រំខានការផ្គត់ផ្គង់ជាពិសេសផ្នែកផ្សំនៃរថយន្តនិងគ្រឿងអេឡិចត្រូនិច។
ក្រសួងការងារបាននិយាយថាមនុស្សជាង២៦០.០០០នាក់បានបាត់បង់ការងារនិងស្ថាប័ននិងក្រុមហ៊ុន៦.៥៣៣បានបិទនៅទូទាំងប្រទេសដោយសារតែទឹកជំនន់៕


No comments:
Post a Comment
yes