Tuesday, October 4, 2011
សង្គ្រាមស្នេហ៍ត្រីកោណ បាញ់សម្លាប់ស្រ្តីវ័យក្មេងប្រពន្ធចុងអាណិកជនខ្មែរនៅ NEW ZEALAND
ស្ត្រីវ័យក្មេងម្នាក់ត្រូវឃាតកធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់បណ្តាលឱ្យដួលស្លាប់នៅក្នុងថ្លុកឈាម ខណៈពេលដែលរូបនាង និងម្តាយនាំកូនតូច ទើបតែមានអាយុជាង២ខែប៉ុណ្ណោះ ទៅកាន់មណ្ឌលសុខភាពចំការដូង ដើម្បីឱ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំរួច ហើយនាងនិងស្ត្រីចំណាស់ជាម្តាយបីកូនចេញបម្រុងឡើងរថយន្តជិះត្រឡប់ទៅផ្ទះវិញ ក៏ត្រូវឃាតកបាញ់សម្លាប់នៅចំពីមុខមណ្ឌលសុខភាពតែម្តង។
ទាក់ទិនទៅនឹងហេតុការណ៍នេះសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា គឺជារឿងគំនុំស្នេហាត្រីកោណ ដោយសារស្ត្រីវ័យក្មេងរូបនេះបានរៀបការជាមួយបុរសម្នាក់ជាអាណិកជនខ្មែររស់នៅប្រទេសញូវហ្សេឡែន វ័យ៥៥ឆ្នាំ និងមានប្រពន្ធដើមរស់នៅទីនោះមិនបានលែងលះគ្នាឡើយ។ មិនតែប៉ុណ្ណោះស្ត្រីរងគ្រោះវ័យក្មេង និងបុរសនោះក៏បានរៀបការជាង២ឆ្នាំមកហើយដែរ ទើបបែកការណ៍ដឹងដល់ប្រពន្ធដើមរយៈពេលជិត១ខែមុននេះប៉ុណ្ណោះ ។ គេមានការសង្ស័យថា នេះគឺជាកំហឹងរបស់ប្រពន្ធដើម ប៉ុន្តែទោះបីជាបែបណាគ្រាន់តែជាការសន្និដ្ឋានមិនទាន់ផ្លូវការប៉ុណ្ណោះ ។
ហេតុការណ៍បាញ់មនុស្សដូចបាញ់សត្វនេះ បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣ តុលា នៅក្នុងបរិវេណមណ្ឌលសុខភាពចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ស្ត្រីរងគ្រោះឈ្មោះថោង មករា អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះល្វែងស្រេងគង់ លេខ១១D ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ នាងបានរៀបការជាមួយបុរសចំណាស់ម្នាក់ឈ្មោះគឹម សំអាត អាយុ៥៥ឆ្នាំ ជាអាណិកជនខ្មែររស់នៅប្រទេសញូវហ្សេឡែន ហើយជាចំណងដៃ គឺបានកូនប្រុសម្នាក់ទើបមានអាយុជាង២ខែប៉ុណ្ណោះ ។ រូបនាងត្រូវឃាតកម្នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ មួយគ្រឿងបាញ់ប្រហារ៣គ្រាប់ផ្ទួនៗគ្នាតែត្រូវចំក្បាល១គ្រាប់ដួលស្លាប់ភ្លាមៗ។ ចំណែកស្ត្រីជាម្តាយរបស់នាងក៏ត្រូវឃាតកបាញ់២គ្រាប់ដែរ ប៉ុន្តែបាញ់មិនត្រូវហើយឃាតកក៏គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ។
តាមប្រភពព័ត៌មាននៅមណ្ឌលសុខភាពបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ និងម្តាយរបស់នាងបាននាំយកកូនប្រុសតូចទៅចាក់វា៉ក់សាំងនៅមណ្ឌលសុខភាពចំការដូង ដោយជិះរថយន្តមា៉កតូយ៉ូតា ហាយឡិនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-7262 ដោយនាងគឺជាអ្នកបើករថយន្ត ឯម្តាយរបស់នាងជិះជាមួយបីកូនឱ្យនាង ។ លុះពេលទៅដល់ នាងបានចតរថយន្តនៅមុខអគារមណ្ឌលសុខភាព រួចយកកូនឱ្យគ្រូពេទ្យចាក់ថ្នាំ។ បន្ទាប់ពីនាងទៅដល់រយៈពេលប្រមាណ១០នាទី ទើបជនជាឃាតកជិះម៉ូតូទៅដល់ហើយឈប់នៅខាងមុខអគារនោះដែរ ។ ប្រភពដដែលបានបន្តទៀតថា ខណៈនោះជនជាឃាតកអង្គុយនៅលើម៉ូតូបានបន្តិចក៏ចុះដើរចុះឡើងៗ ប៉ុន្តែពុំមាននរណាម្នាក់ចាប់អារម្មណ៍ថា គឺជាឃាតកនោះឡើយ ។
ប្រភពដដែលបានបន្តថា លុះមួយសន្ទុះធំក្រោយមក បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំឱ្យកូនតូចរួច ទើបស្ត្រីរងគ្រោះ និងម្តាយរបស់នាងនាំគ្នាដើរចេញពីបន្ទប់គ្រូពេទ្យ ដោយនាងកាន់កូនសោរថយន្តបម្រុងចុចបើកទ្វាររថយន្ត ឯម្តាយរបស់នាង បីកូនតូចជាចៅ ។ ភ្លាមៗនោះជនជាឃាតកបានដើរតាមពីក្រោយ រួចដកកាំភ្លើងបាញ់ប្រហារចំនួន៣គ្រាប់ពីក្រោយ ប៉ុន្តែគ្រាប់ទី១ខុសហើយដោយតក់ស្លុតនាងបានអង្គុយចុះ។ ឯគ្រាប់ទី២ ខុសទៀតទៅត្រូវរថយន្ត និងគ្រាប់ទី៣ ត្រូវក្បាលបណ្តាលឱ្យដួលស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។ ក្រោយពេលបាញ់សម្លាប់ស្ត្រីរងគ្រោះហើយ ឃាតករូបនោះបានព្យាយាមបាញ់សំដៅស្ត្រីជាម្តាយដែលកំពុងបីចៅប៉ុនប៉ងសម្លាប់ទៀត ប៉ុន្តែសំណាងល្អបាញ់មិនត្រូវ ហើយឃាតកក៏បានឡើងជិះម៉ូតូគេចខ្លួនទៅ។ ពេលនោះស្ត្រីចំណាស់ជាម្តាយដៃម្ខាងបីចៅ ឯដៃម្ខាងទៀតខំរត់ទាញកន្ទុយម៉ូតូឃាតក ប៉ុន្តែទាញមិនឈ្នះជននោះក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ ។
មន្ត្រីប៉ូលិសបាននិយាយថា ការបាញ់សម្លាប់នេះសង្ស័យរឿងគំនុំផ្តើមចេញពីស្នេហាត្រីកោណ មិនមែនជាអំពើប្លន់នោះឡើយ ព្រោះក្រោយពីបាញ់ប្រហាររួចឃាតកបានគេចខ្លួនបាត់ភ្លាមៗមិនបានយកអ្វីទាំងអស់ ហើយនៅកន្លែងកើតហេតុបន្សល់ទុកសំបកគ្រាប់កាំភ្លើងម៉ាកឡុកមួយចំនួន ។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានប្រាប់ប៉ូលិសថា នាងបានរៀបការជាមួយបុរសអាណិកជនខ្មែររស់នៅប្រទេសញូវហ្សេឡែននោះរយៈពេលជាងពីរឆ្នាំមកហើយ ហើយបុរសនោះមានប្រពន្ធដើមនៅឯប្រទេសញូវហ្សេឡែននោះទៀតផង ប៉ុន្តែទើបរយៈពេលជិត១ខែកន្លះនេះប៉ុណ្ណោះ ដែលប្រពន្ធដើមដឹងថា ប្តីរបស់ខ្លួនមកលួចរៀបការជាមួយនាង។ ម្យ៉ាងទៀតបុរសជាប្តីបានមកលេងនាងមួយរយៈពេលដែរ ទើបត្រឡប់ទៅវិញបានជាងកន្លះខែប៉ុណ្ណោះ ក៏ស្រាប់តែមានរឿងបែបនេះកើតឡើងតែម្តង៕
ពីគេហទំព័រ៖ កោះសន្តិភាព


No comments:
Post a Comment
yes