ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដារដ្ឋទាំង១០ដែលជាសមាជិកសមាគមអាស៊ី អាគ្នេយ៍ ហៅកាត់ថា «អាស៊ាន» បានសម្ដែងក្ដីសប្បាយរីករាយនៅពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានទទួលទង់អាស៊ាន និងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ខាងមុខនេះ។
ថ្លែងក្នុងពិធីផ្ទេរនិងទទួលញញួរ ធ្វើជាប្រធានអាស៊ាន នៅទីក្រុងលំហែកាយឆ្នេរសមុទ្រ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី លោក ហ៊ុន សែន បានលើកឡើងថា កម្ពុជាបន្តធ្វើជាប្រធានអាស៊ាន ដោយបន្តបំពេញភារកិច្ចសំខាន់ៗ ពីប្រទេសឥណ្ឌូនេស៊ី លើប្រធានបទ ប្រទេសទីម័រសុំចូលជាសមាជិកពេញសិទ្ធិក្នុងអាស៊ាន តំបន់ទំនប់វារីអគ្គិសនី ជម្លោះដែនសមុទ្រប៉ែកខាងត្បូងចិន និងការប្រើប្រាស់រូបិយវត្ថុអាស៊ានរួមដូចនៅតាមបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប។
ចំពោះបញ្ហាប្រទេសទីម័រសុំចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាននោះ ត្រូវបានជំទាស់ដាច់ខាតពីប្រទេសសិង្ហបុរី ដែលបានលើកឡើងថា ប្រទេសទីម័រមិនទាន់បានបំពេញលក្ខខណ្ឌច្បាប់ត្រឹមត្រូវដែលអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ានបាននោះទេ។ ដូច្នេះបន្ទាប់ពីនេះទៅប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន មានតួនាទីបន្តការងារនេះជាបន្តទៀត។
ឯប្រធានបទជាសំខាន់មួយទៀតគឺប្រទេសមីយ៉ាន់ម៉ា អាចជាប្រទេសបន្តវេនធ្វើជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០១៤ខាងមុខនេះ បន្ទាប់ពីប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលជាថ្ងៃបញ្ចប់នៃការប្រជុំរបស់មេដឹកនាំកំពូលអាស៊ានទាំង១០ប្រទេសនោះ មានរបៀបវារៈ៣ដែលបានលើកក្នុងកិច្ចប្រជុំធំៗនេះ មានដូចជាកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិក, កិច្ចប្រជុំកំពូលអាស៊ានជាមួយប្រទេសឥណ្ឌា និងកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ី បូព៌ា។
ចំពោះកិច្ចប្រជុំអាស៊ី បូព៌ា គឺមានកិច្ចប្រជុំពីរដាច់ដោយឡែកទៀត គឺកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត។ ឯកិច្ចប្រជុំកំពូលអាស៊ានជាមួយឥណ្ឌា បានលើកឡើងពីទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ការដោះដូរទំនិញរវាងគ្នា បច្ចេកវិទ្យា និងការដោះដូរបទពិសោធន៍ក្នុងតំបន់ជាមួយគ្នាជាច្រើនទៀត ដែលកន្លងមកឥណ្ឌាមានទំនាក់ទំនងខាងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងគម្រោងអនុវត្តដៃគូជាមួយប្រទេសអាស៊ាន។
ការលើកឡើងអំពីប្រធានបទនៃការប្រើប្រាស់ទិដ្ឋាការរួមគ្នារបស់សមាជិកអាស៊ាននោះ បណ្ដារដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានទាំង១០នោះមានការចាប់អារម្មណ៍ជាខ្លាំង និងបានសន្យាថានឹងដាក់សំណើនេះទៅមេដឹកនាំនៃបណ្ដាប្រទេសអាស៊ានទាំង១០ដើម្បីពិចារណានិងអនុម័ត៕
កម្ពុជាថ្មី
No comments:
Post a Comment
yes