មន្ត្រីកាកបាទក្រហមកម្ពុជា សហការជាមួយមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១១ បានចុះចែកជំនួយសង្គ្រោះបន្ទាន់ ជាទ្រង់ទ្រាយធំលើកដំបូង ដល់ប្រជាពលរដ្ឋចំនួនជាង ៣.២០០ គ្រួសារ មកពីឃុំចំនួន ៥ នៅស្រុកមុខកំពូល ខេត្តកណ្ដាល។
មេដឹកនាំកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១១ បានទទូចសុំឲ្យគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ជួយចែករំលែកធនធានរបស់ខ្លួន ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅឆ្នាំ ២០១១ នេះ ដោយបានព្រមានថា កុំរង់ចាំតែរិះគន់ និងចោទប្រកាន់ថា រដ្ឋាភិបាលកំពុងតែឆ្លៀតឱកាសកេងចំណេញនយោបាយពីការចែកជំនួយនេះ។
ជំនួយសង្គ្រោះបន្ទាន់ទាំងនោះ មានដូចជា អង្ករ ២៥ គក្រ មី ១ កេះ ត្រីខ ចំនួន ១០ កំប៉ុង សារុង ១ ក្រមា ១ មុង ១ ភួយ ១ និងទឹកសុទ្ធ ២ ដប សម្រាប់គ្រួសារនីមួយៗ។ គ្រួសារមួយចំនួន បានអង្គុយក្នុងទឹក និងត្រាំក្នុងភក់ ដើម្បីរង់ចាំជំនួយនេះ នៅសាលាបឋមសិក្សាវត្តចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុនរ៉ានី ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីចែកជំនួយសង្គ្រោះបន្ទាន់នោះថា ការចែកនេះ គឺជាជំនួយមនុស្សធម៌សុទ្ធសាធ ដោយគ្មានការរើសអើងលើនិន្នាការគណបក្សនយោបាយទេ។
អ្នកស្រី ប៊ុនរ៉ានី ហ៊ុន សែន៖ «រដ្ឋាភិបាលអត់មានហាមឃាត់ថា គណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល ឬមួយអង្គការសិទ្ធិមនុស្សអី យកទៅចែកដល់ប្រជាពលរដ្ឋយើង មានអំណោយយកទៅចែក គឺរដ្ឋាភិបាលមានការសប្បាយរីករាយណាស់។ បានន័យថា តម្រូវការរបស់ប្រជាពលរដ្ឋយើង គឺត្រូវការជាចាំបាច់»។
តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក នុត រំដួល មានប្រសាសន៍ប្រតិកម្មថា លោកសុំឲ្យកាកបាទក្រហមកម្ពុជា ពិនិត្យឲ្យបានម៉ត់ចត់លើការចាត់ចែងរបស់មេភូមិ និងមេឃុំ ដែលមានការរើសអើង៖ «កាកបាទក្រហមកម្ពុជា មិនមែនជាកាកបាទក្រហមរបស់គណបក្សណាមួយទេ។ កាកបាទក្រហមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាអំណោយរបស់សប្បុរសជន»។
ប្រជាពលរដ្ឋឈ្មោះ គង់ សៀង អាយុ ៧៦ ឆ្នាំ នៅឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានថ្លែងថា លោកយាយមិនអាចប្រកបមុខរបរអ្វីបានទេ រយៈពេល ៣ ខែកន្លងមក ដោយសារទឹកជំនន់លិចផ្ទះសំបែង។ ជំនួយនេះ អាចដោះស្រាយការខ្វះខាតរយៈពេល ២ ខែដែរ៖ «ឲ្យតែទឹកស្រកឆាប់ៗ ទៅ មានដីធ្វើស្រែចម្ការអីបានធ្វើទៅ»។
ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ស្វាយ ចេង អាយុ ៧៩ ឆ្នាំ បានថ្លែងថា រយៈពេល ៣ ខែកន្លងមកនេះ មានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង៖ «ខ្ញុំ ២ នាក់ (ប្ដី និងប្រពន្ធ) សម្រាលបាន ១ ខែ។ អង្ករហ្នឹងបាន ១ ខែ»។
មកដល់ពេលនេះ កាកបាទក្រហមកម្ពុជា សហការជាមួយរដ្ឋាភិបាល បានចុះចែកជំនួយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋ ចំនួនជាង ១៥ ម៉ឺន ៣០០ គ្រួសារហើយ នៅទូទាំងប្រទេសកម្ពុជា ដែលបានប្រើប្រាស់អង្ករចំនួនជាង ៣.០០០ តោន។
ស្រូវចំនួនជិត ១០.០០០ ហិកតារ បានលិចទឹកជំនន់នៅខេត្តកណ្ដាលនេះ និងស្រូវចំនួនជិត ៦.០០០ ហិកតារទៀត បានខូចខាតទាំងស្រុង។ អាជ្ញាធរខេត្តកណ្ដាល បានត្រៀមស្រូវពូជប្រដេញទឹកចំនួនជាង ២០០ តោន សម្រាប់ចែកជូនកសិករ ដើម្បីស្ដារកសិកម្ម នៅពេលទឹកជំនន់ស្រក។
កាលពីខែតុលាកន្លងទៅនេះ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានប៉ាន់ស្មានថា ទំហំខូចខាតនៃប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក ផ្លូវលំ ផ្លូវជាតិ និងស្រូវ ខូចខាតនោះ គឺមានតម្លៃសរុបជាង ៥០០ លានដុល្លារអាមេរិក។ ប្រជាពលរដ្ឋចំនួន ១ លាន ៥ សែននាក់ ប៉ះពាល់ដោយសារទឹកជំនន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យដឹងកាលពីសប្ដាហ៍ថ្មីៗ នេះថា ប្រជាពលរដ្ឋស្លាប់ បានកើនដល់ចំនួនជាង ២៥០ នាក់ហើយ នៅក្នុងគ្រោះទឹកជំនន់ តាំងពីខែសីហាមក នៅក្នុងខេត្តចំនួន ១៩៕
ពីវិទ្យុ អាស៊ីសេរី

No comments:
Post a Comment
yes