វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២១ ធ្នូ នេះ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេក ផ្ងារ ស្លាប់ នៅលើគ្រែក្នុងតូបលក់គ្រឿងទេស និងហូបចុកមួយកន្លែងចម្ងាយពីផ្លូវជាតិលេខ៤ប្រមាណ៥០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រង់ចំណុចផ្លូវចុះចំណោតខ្ទមយាយម៉ៅ ឆ្ពោះទៅស្ថានីយរថភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចប៉ូលិសបាននិយាយថា សពដែលស្លាប់ដោយសារឃាតកអារបំពង់.កយ៉ាងសាហាវនោះមានឈ្មោះក្រិច សូនី អាយុប្រហែល៣៥ឆ្នាំ មានមុខងារជាបុគ្គលិកក្រុមហ៊ុនសំណង់ធំមួយ (ជំនាញពិនិត្យធ្វើតេស្តបេតុង) មានស្រុកកំណើតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនឯកជននោះ ស្ថិតក្នុងក្រុម៦ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ការស្លាប់ដោយអារ.កក្រឡឹងផ្តាច់បំពង់កស្ទើរដាច់នេះត្រូវគេសង្ស័យថា មកពីគំនុំមិនមែនជាអំពើប្លន់នោះទេ ព្រោះសពពុំមានរបស់របរ ឬម៉ូតូនោះឡើយ ប៉ុន្តែធាតុពិតយ៉ាងណានោះសមត្ថកិច្ច កំពុង ធ្វើការស្រាវជ្រាវបន្ត។
ទាក់ទិនទៅនឹងឃាតកម្មដ៏សាហាវនេះ លោកផាត់ តារ៉ា ដែលជាតំណាងក្រុមហ៊ុនសំណង់មានតួនាទីជាប្រធានក្រុម បានធ្វើការអះអាងថា មុនពេលកើតហេតុនៅថ្ងៃទី២០ ធ្នូ ២០១១ វេលាម៉ោង ប្រមាណ១៥និង៣០នាទី រូបលោក និងក្រិច សូនី (សព) បានជិះម៉ូតូសង់កូរ៉េមកកាន់ការដ្ឋានកំពង់ ផែ រហូតមកដល់វេលាម៉ោង១៧និង៣០ល្ងាចថ្ងៃដដែលពួកខ្លួន (លោកផាត់ តារ៉ា និងសព) បានជិះម៉ូតូត្រឡប់មកក្រុមហ៊ុនវិញ តែមកដល់ចំណុចមុខរ៉ារថភ្លើងក្រិច សូនី ក៏បានសុំឈប់ចុះនៅទីនោះ ហើយក៏បាត់ការទាក់ទងគ្នារហូត។ លុះមកដល់ព្រឹកព្រលឹមថ្ងៃទី២១ ធ្នូ ២០១១ ទើបទទួលព័ត៌មានថា ឈ្មោះក្រិច សូនី នេះ ត្រូវបានគេអារ.កសម្លាប់នៅក្បែរតូបលក់អីវា៉ន់តាមផ្លូវជាតិលេខ៤ ភ្ញាក់ផ្អើលតែម្តង ។
ដោយឡែកមានមតិមួយចំនួនបានធ្វើការសន្និដ្ឋានថា ការស្លាប់នេះប្រហែលមកពីជំលោះដណ្តើមស្រី ព្រោះកាលពីល្ងាចមុនកើតហេតុសពបានឱ្យប្រធានក្រុមឈប់ម៉ូតូនៅមុខហាងខារា៉អូខេ ម្តុំរ៉ារទេះភ្លើង ដូច្នេះប្រហែលសពចូលផឹកស៊ីនៅហាងណាមួយ ហើយមានទំនាស់ ដោយសារស្រី ទើបកើតរឿងដូចនេះ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅតំណាងក្រុមហ៊ុន ដើម្បីដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕
កោះសន្តិភាព
No comments:
Post a Comment
yes