សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 2, 2011

ការ​កាប់​ឈើ​ប្រណិត​នៅ​តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូស្រា

 អ្នក​ភូមិ និង​អ្នក​អភិរក្ស​បរិស្ថាន​នៅ​​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូស្រា ឲ្យ​ដឹង​ថា តំបន់​រមណីយដ្ឋាន​មួយ​នេះ​កំពុង​មាន​អ្នក​មក​កាប់​ដើមឈើ​ប្រណិត​ដែល​នៅ​សេស​សល់​តិច​តួច​ជា​បន្ត​បន្ទាប់ និង​មាន​សកម្មភាព​ឈូស​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។


 ប្រជា​សហគមន៍​ទឹក​ជ្រោះ​ប៊ូស្រា​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់​បង់​ព្រៃ​ឈើ​ ដែល​ជា​ប្រភព​ទឹក​ជ្រោះ​ និង​ដើមឈើ​ប្រណិត​នៅ​តំបន់​រមណីយដ្ឋាន​មួយ​នេះ ដោយសារ​មាន​អ្នក​លួច​ចូល​កាប់​ស្ទើរ​តែ​រាល់​ថ្ងៃ​ ហើយ​ព្រៃឈើ​តាម​ដង​អូរ​ជា​ប្រភព​ទឹក​ជ្រោះ​ត្រូវ​គេ​នាំ​គ្នា​ឈូស​យក​ដី​ធ្វើ​ចម្ការ។
អនុ​ប្រធាន​សហគមន៍​ទឹក​ជ្រោះ​ប៊ូស្រា លោក ញែង ច្រឹក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទឹក​ជ្រោះ​ប៊ូស្រា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ឲ្យ​បាត់​បង់​សម្រស់​ធម្មជាតិ​នៃ​ជ្រោះ​ទឹក​ធ្លាក់​ដែល​ធ្លាប់​តែ​ល្បីល្បាញ​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ។ លោក​បន្ត​ថា បច្ចុប្បន្ន​ព្រៃ​ឈើ​ដែល​ស្ថិត​នៅ​អម​សង​ខាង​មាត់​អូរ​ដែល​ជា​ប្រភព​ទឹក​ជ្រោះ​ត្រូវ​ក្រុមហ៊ុន​ និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ឈូស​ឆាយ​វាត​យក​ដី​ដើម្បី​ដាំ​ដំណាំ​កៅស៊ូ​ ឬ​ធ្វើ​ចម្ការ​ផ្សេងៗ។
លោក ញែង ច្រឹក៖ «ខ្ញុំ​ព្រួយ​រាល់​ថ្ងៃ​ ក្រុមហ៊ុន​ឈូស​ឆាយ​ពី​លើ តាម​មាត់​អូរ​ហ្នឹង...។ អា​ហ្នឹង​ខ្ញុំ​ព្រួយ​បារម្ភ​ឆ្នាំ​ហ្នឹង​ខ្លាច​វា​រីង​ទឹក។ មិន​ខ្លាច​ម៉េច​ប្អូន​អើយ! អស់​ដើមឈើ​ អស់​ឫស​ឈើ​ គឺ​អស់​ទឹក​ហើយ ឈាម​ទឹក​ហ្នឹង​ ដើមឈើ​ហ្នឹង​ឯង​មាន​ទឹក បើ​អត់​មាន​ដើម​ឈើ​អត់​មាន​ទឹក​ទេ។ ...ចាប់​ពី​អូរ​ពុល​ដល់​លើ​ដល់​ជិត ២០​គីឡូ ហ្នឹង​ក្រុមហ៊ុន​គេ​ឈូស​ឆាយ​ដល់​មាត់​អូរ​តែម្ដង។ បើ​តាម​ច្បាប់​របស់​គេ​មិន​អោយ​ប៉ុណ្ណឹង​ទេ ទុក ១០០​ម៉ែត្រ​ទៅ ១៥០​ម៉ែត្រ​ពី​អូរ ឥឡូវ​អស់​រលីង​តែម្ដង មិន​ទុក​ទេ។ ក្រុមហ៊ុន​ខាង​អូរ​ពុល​ហ្នឹង គឺ​ខ្ញុំ​ដឹង​ទៅ​ក្រុមហ៊ុន​ខាង​ដាឡាក់ វៀតណាម»
អនុ​ប្រធាន​សហគមន៍​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ បញ្ហា​នេះ​បាន​ធ្វើ​មាន​ផល​ប៉ះ​ពាល់​ដល់​រមណីយដ្ឋាន​​ដូច​ជា​ខ្វះ​ទឹក​ ឬ​ទឹក​មិន​សូវ​ហូរ​ខ្លាំង ជា​ពិសេស​នៅ​ខែ​ប្រាំង៖ «ខែ​ប្រាំង​ប្រែ​ប្រួល​​ មិន​ប្រែប្រួល​ម៉េច ដូច​ថា ទឹក​អាត្រាក់​កំពុង​តែ​ឈូស​ឆាយ​ កំពុង​តែ​រុញ​ឈើ​មក​ដាក់​ទម្លាក់​មាត់​អូរ ដល់​ហ្នឹង​ប៉ះពាល់​ដល់​ទឹក​ ទឹក​វា​មាន​ល្អក់ ជួន​កាល​ទឹក​មាន​ហូរ ជួន​កាល​ទឹក​អត់​ហូរ​អ៊ីចឹង»
ប្រជា​ពលរដ្ឋ​អ្នក​រក​ស៊ី​ថត​រូប​នៅ​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា លោក​ គង សុបិន្ត បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ប្រមាណ​ជា​ពីរ​ឆ្នាំ​នេះ​កម្ពស់​ថ្ម​ក្បាល​ទឹក​ជ្រោះ បាន​ស្រុត​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយសារ​មាន​ដើម​ឈើ​ធំៗ​បាន​ដួល​រលំ​សង្កត់​លើ​ជ្រោះ​នោះ។
លោក គង់ សុបិន្ត៖ «ពី​ដើម​វា​ចោទ​អ៊ីចេះ ហូរ​មក​វា​ចោទ​ធ្លាក់ ឥឡូវ​វា​ហូរ​មក​វា​ជម្រាល​ អ៊ីចឹង​ពីរ​ឆ្នាំ​ហ្នឹង​វា​ស្រុត​តែម្ដង។ ដើម​ឈើ​មាន​មុខ​មួយ​ម៉ែត្រ មួយ​ម៉ែត្រ​កន្លះ​ ហើយ​ប្រវែង​មាន​ដល់ៗ ១៥​ម៉ែត្រ ១០​ម៉ែត្រ ហើយ​អ៊ីចឹង​មាន​ថ្ម​ណា​ដែល​នៅ​ស្រួល​ស្រុត​ ស្រុតៗ។ ពីរ​ឆ្នាំ​ហ្នឹង​ស្រុត​មែន​ទែន​ ស្រុត ប្រហែល ៤​ម៉ែត្រ ៥​ម៉ែត្រ»
លោក​បន្ត​ថា ឈើ​ប្រណិត​នៅ​តំបន់​ព្រៃ​អភិរក្ស​នោះ​ក៏​មាន​អ្នក​លួច​កាប់​ធ្វើ​អាជីវកម្ម​ជា​បន្តបន្ទាប់​ដែរ លើស​ពី​នេះ​ទៀត​ សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​វាត់​យក​ដី​ធ្វើ​ចម្ការ​បាន​ធ្វើ​ឲ្យ​ផ្ទៃ​ដី​ព្រៃ​ឈើ​នៅ​តំបន់​រមណីយដ្ឋាន​នេះ​រួម​តូច​ទៅ​ជា​បន្ត​បន្ទាប់៖ «វា​បាត់​បង់​ដែរ គេ​មក​លេង។ គេ​មក​ទី​មួយ​​មក​មើល​ទឹក​ធ្លាក់​ ទី​ពីរ​គេ​មក​មើល​ព្រៃ​ឈើ​ ហើយ​ព្រៃ​ឈើ​រាល់​ថ្ងៃ​នេះ​តំបន់​រមណីយដ្ឋាន​ បើ​តាម​ខ្ញុំ​ដឹង​មួយ​គីឡូ​បួន​ជ្រុង​ ឥឡូវ​នៅ​សល់​ប្រហែល​ជា ៣០០​ម៉ែត្រ​ អ៊ីចឹង​ពួក​ដែល​មាន​ចម្ការ​នៅ​ក្បែរ​ហ្នឹង​កាប់​បន្ថែម​បង»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ ខេត្ត​មណ្ឌលគិរី​ លោក​ សុង ឃាង​ មាន​ប្រសាសន៍​ដោយ​ខ្លី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១ ធ្នូ ថា បច្ចុប្បន្ន​លោក​បាន​គ្រប់​គ្រង​ស្ថានភាព​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ​បាន​ហើយ​ ហើយ​ស្ថាប័ន​លោក​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ចំពោះ​ករណី​នេះ​ជា​បណ្តើរៗ​ហើយ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពី​នីតិ​វិធី​របស់​លោក​នោះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ចំពោះ​ករណី​នេះ​ ឬ​បង្ហាញ​ពី​ចំនួន​ជន​ល្មើស​ដែល​ត្រូវ​ផ្តន្ទា​ទោស​កម្រិត​ណា​នោះ​ទេ។
ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​មណ្ឌលគិរី​ លោក​ ងិន សុវិមាន​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​១ ធ្នូ​ ដែរ​ថា លោក​ទទួល​ស្គាល់​ថា មាន​បទ​ល្មើស​ព្រៃ​ឈើ​ខ្លះ​កើត​មាន​នៅ​តំបន់​នោះ​ ប៉ុន្តែ​មន្ទីរ​ទេសចរណ៍​ ប្រជា​សហគមន៍​ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មាន​ក្រុម​ដើរ​ល្បាត​ជា​ប្រចាំ​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ។
លោក ងិន សុវិមាន៖ «សំខាន់​វា​មាន​ហើយ​ វា​មិន​អត់​ទេ​ការ​កាប់​ដី។ គាត់​ថា ចម្ការ​ចាស់​អ៊ីចឹង​ហើយ​យើង​ចេះ​តែ​ណែ​នាំ​គាត់​ទៅ​ កុំ​អោយ​គាត់​ហ៊ាន​កាប់​ត​ទៅ​ទៀត។ យើង​ទុក​ព្រៃ​ហ្នឹង​ទៅ​គ្រាន់​តែ​ជា​កន្លែង​សក្ដានុពល​មួយ​ គ្រាន់​យើង​បង​ប្អូន​មក​លេង​ទៅ​ ភ្ញៀវ​មក​លេង​បាន​ច្រើន​អ៊ីចឹង​ទៅ។ មាន​លក់​ដូរ​ដាច់​ទៅ​ ជីវភាព​យើង​នៅ​ហ្នឹង​ក៏​វា​គួប​ផ្សំ​នឹង​ចម្ការ ចម្ការ​ខ្លះ​ទៅ​​បង​ប្អូន​បាន​ធូរធារ យើង​ណែ​នាំ​គាត់​អ៊ីចឹង​ណា»
លោក ញែង ច្រឹក​ មាន​ប្រសាសន៍​ថា​ ករណី​នេះ​ក្រៅ​ពី​មាន​ក្រុមហ៊ុន​ ក៏​មាន​ក្រុម​គ្រួសារ​មន្ត្រី​មាន​អំណាច​នៅ​ក្នុង​ស្រុក​ និង​ខេត្ត​បាន​ពាក់​ព័ន្ធ​ក្នុង​ករណី​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ដែរ​ ដោយ​សំអាង​ហេតុ​ផល​ថា ជា​ព្រៃ​ចម្ការ​ចាស់​ ហើយ​សហគមន៍​មិន​មាន​អំណាច​អ្វី​អាច​ទប់​ស្កាត់​បាន​ទេ។
លោក ញែង ច្រឹក៖ «ខ្ញុំ​ឃាត់​ប៉ុន្មាន​លើក​ហើយ​ ឃាត់​មិន​ចេញ​តែម្ដង​ពួក​ហ្នឹង។ ពួក​យើង​រាយការណ៍​ដល់​ថ្នាក់​ទៅ​ថ្នាក់​លើ​គេ​ថា អើ​! ចម្ការ​ចាស់​របស់​គេ​ យើង​មិន​អាច​ឃាត់​គេ​បាន​ទេ។ ខ្ញុំ​ថា មិន​មែន​ចម្ការ​ចាស់​ទេ​លោក​ ចម្ការ​ចាស់​គឺ​ដើម​កន្ទ្រាំងខែត ចម្ការ​ចាស់​មិន​មែន​ដើម​ឈើ​មួយ​អោប​ពីរ​អោប​នោះ​ទេ​ ខ្ញុំ​ថា​អ៊ីចឹង។ សហគមន៍​ដូច​អត់​មាន​តម្លៃ​បាទ! យើង​និយាយ​ទៅ​គេ​ទៅ​ដូច​អត់​មាន​តម្លៃ ព្រោះ​គេ​មាន​អំណាច​ធំៗ​ទៅ​ គេ​ចេះ​តែ​ទន្ទ្រាន​ មួយ​ឆ្នាំ​កាប់​ដប់​ដើម​ មួយ​ឆ្នាំ​កាប់​ម្ភៃ​ដើម​ យូរៗ​ទៅ​វាល​តែម្ដង»
អ្នក​ទេសចរ​មួយ​រូប​រស់​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​បាន​ទៅ​ទស្សនា​នៅ​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា​នោះ​ លោកស្រី​ អ៊ុល សម្ផស្ស មាន​ប្រសាសន៍​ថា បើ​សិន​ការ​បង្ក្រាប​ករណី​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នេះ​មិន​បាន​ជោគជ័យ​ទេ ទៅ​អនាគត​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​នោះ។
លោកស្រី​ អ៊ុល សម្ផស្ស៖ «សោក​ស្ដាយ​ព្រោះ​ថា យើង​អត់​បាន​ជួយ​អី​ដល់​ខាង​ធម្មជាតិ​ផង​ យើង​មិន​គួរ​ណា​ទាំង​អស់​គ្នា​មក​បំផ្លាញ​ទេ​ វា​ថា​ប្រៀប​ដូច​ជម្រក​សត្វ​ព្រៃ​ ក៏​ដូច​របៀប​ផ្ទះ​យើង​ដែរ​ បើ​យើង​អត់​មាន យូរ​នឹង​ឆាប់​យើង​គ្មាន​មាន​ទី​ជម្រក ធ្វើ​អោយ​យើង​គ្មាន​សុភមង្គល​ គ្មាន​អី​ទាំង​អស់»
ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្ត​ មណ្ឌលគិរី​ បាន​ឲ្យ​ដឹង​ថា តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​មាន​ទំហំ​ប្រមាណ ៣០០​ហិកតារ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​កំណត់​ព្រំ​ប្រទល់​ច្បាស់​លាស់​ និង​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ។
នៅ​ក្នុង​រយៈ​ពេល​ប្រមាណ​ ១០​ខែ​ ក្នុង​ឆ្នាំ​២០១១​នេះ​ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ពី​ ៥​ ទៅ ៦​ពាន់​នាក់​ដែល​បាន​ទៅ​ទស្សនា​នៅ​តំបន់​រមណីយដ្ឋាន​​ទឹក​ជ្រោះ​ប៊ូស្រា​ និង​អាច​រក​ចំណូល​បាន​ប្រមាណ​ពី​មួយ​លាន​រៀល​ ទៅ ២​លាន​រៀល៕


អាស៊ីសេរី

No comments:

Post a Comment

yes