ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ថៃទី២៧ ខែធ្នូ ឆ្នាំ២០១១ បានប្រកាស សាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ៤ឆ្នាំ និងសងជំងឺចិត្ត៩ពាន់រៀល លើអតីតពិធីការផ្ទាល់លោក ជា ស៊ីម និងបក្ខពួក៤នាក់ទៀត ពីបទឆបោកមានស្ថានទម្ងន់ទោស និងផ្តើមគំនិតឆបោក។
លោក តែ សំអាង ចៅក្រមជំនុំជម្រះ បានសម្រេចផ្តន្ទាទោស អ្នកស្រី ផេង គន្ធាបុរី ដាក់ពន្ធនាគារ៤ឆ្នាំ និង សងជំងឺចិត្ត៩ពាន់រៀល។ ចំណែកបក្ខពួក៣នាក់ទៀតមាន លោក ចាន់ កុសល ដាក់ពន្ធនាគារ៤ឆ្នាំ និងសំណងជំងឺចិត្ត៩ពាន់រៀល លោក ខៀវ បូរ៉ា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ពីបទឆបោក។ ចំពោះលោក ពន្លក ហូរ ក៏ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ៤ឆ្នាំ ពីបទឆបោក និងត្រូវពិន័យប្រាក់ចំនួន២លានរៀល បូកនិងបទល្មើសមួយទៀត គឺប្រើប្រាស់ឯកសណ្ឋាន មន្រ្តីរាជការជាសាធារណៈ ក្នុងនោះដែរលោក តែ សំអាង ក៏បានផ្តន្ទាទោស ជនជាតិម៉ាឡេស៊ី ឈ្មោះ ឌីណូ ពីបទផ្តើមគំនិតឆបោក និងដាក់ពន្ធនាគារ៤ឆ្នាំផងដែរ។
ការប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះ គឺធ្វើឡើង ចំពោះមុខតែអ្នកស្រី ផេង គន្ធាបុរី ប៉ុណ្ណោះ ដោយឡែក លោក ពន្លក ហូរ, លោក ចាន់ កុសល និងលោក ខៀវ បូរ៉ា ពុំមានវត្តមាននៅក្នុងសវនាការនោះទេ ហើយជនបរទេសម្នាក់ទៀត ឈ្មោះ ឌីណូ បានរត់គេចទៅប្រទេសខ្លួនវិញហើយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានទាំងទឹកភ្នែករលីងរលោង នៅសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១១ អ្នកស្រី ផេង គន្ធាបូរី បានមានប្រសាសន៍ថា” នាងខ្ញុំ នឹងតវ៉ាបន្តទៀត ដើម្បីឲ្យដឹងថា នាងខ្ញុំមិនមានកំហុសនោះទេ”។
លោកមេធាវី របស់លោក ពន្លក ហូរបានឲ្យដឹងផងដែរថា ការប្រកាសសាលក្រមនេះ មានភាពអយុត្តិធម៌ណាស់សម្រាប់កួនក្តីលោក ហើយលោក នឹងប្តឹងបន្តទៅសាលាឧទ្ធរណ៍។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ សាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក តែ សំអាង ជាប្រធានចៅក្រមជំនុំជម្រះ និងតំណាងអយ្យការ លោក មាស ចន្ទ័ពិសិដ្ឋ បានបើកសវនាការជំនុំជម្រះ លើអ្នកស្រី ផេង គន្ធាបូរី អតីត ប្រធានពិធីការ សម្តេច ជាស៊ីមនិង បក្ខពួកជាអតីតទីប្រឹក្សា លោក ជាស៊ីម មាន លោក ចាន់ កុសល លោក ពន្លក ហូរ និង លោក ខៀវ បូរ៉ា។
សូមបញ្ជាក់ផងដែរថា សំណុំរឿងឆបោកលុយរបស់ក្រុមហ៊ុនម៉ាឡេស៊ី ដែលមានតម្លៃប្រមាណ ៦០០ លានដុល្លារ ដែលមានជនជាប់ចោទ លោកស្រី ផេង គន្ធាបូរី អតីតប្រធានពិធីការលោក ជា ស៊ីម និងជានាយិកាប្រតិបត្តិមូលនិធិខ្មែរអភិវឌ្ឍន៍ របស់សម្តេច ជា ស៊ីម, លោក ចាន់ កុសល អតីតឧត្តមសេនីយ៍ និងជាទីប្រឹក្សា សម្តេចជាស៊ីម, លោក ខៀវ បូរ៉ា អតីតឧត្តមសេនីយ៍ សមាជិកខុទ្ទកាល័យលោក ជា ស៊ីម និងលោក ពន្លក ហូ អតីតឧត្តមសេនីយ៍ និងទីប្រឹក្សាលោក ជា ស៊ីម។ ចុងក្រោយចៅក្រមបញ្ចូលជនជាប់ចោទជនជាតិម៉ាឡេស៊ីម្នាក់ទៀត ឈ្មោះ ឌី ណូ។
ការចាប់ខ្លួនលោកស្រី ផេង គន្ធាបូរី និងអតីតទីប្រឹក្សាលោក ជា ស៊ីម ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១១ ធ្វើឡើង ក្រោយពីសមត្ថកិច្ចបានរកឃើញថា ជនជាប់ចោទទាំង ៤ នាក់នោះ បានជាប់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ក្លែងបន្លំចំនួន ៥ គម្រោង ដែលមានតម្លៃជាទឹកប្រាក់ចំនួនជិត ៦០០ លានដុល្លារអាមេរិក ដើម្បីទាក់ទាញអ្នកវិនិយោគទុនពីប្រទេសចិន និងប្រទេសម៉ាឡេស៊ី មកសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវលំ និងរោងចក្រផលិតគ្រឿងយន្ត តាមរយៈអង្គការមូលនិធិខ្មែរអភិវឌ្ឍន៍ របស់លោក ជា ស៊ីម និងក្រុមហ៊ុនសាងសង់របស់លោក ចាន់ កុសល។
គម្រោងអភិវឌ្ឍន៍រោងច្រកផលិតគ្រឿងយន្តតម្លៃ ១២០ លានដុល្លារអាមេរិក ត្រូវបានជនជាប់ចោទបានកុហកលោក ជា ស៊ីម ថាជាគម្រោងជំនួយ ពីអ្នកវិនិយោគទុននៅប្រទេសម៉ាឡេស៊ី ឈ្មោះ ឌីណូ។ លោក ជា ស៊ីម បានចុះហត្ថលេខាលើគម្រោងនោះ។ ប៉ុន្តែឯកសារបានបញ្ជាក់ថា គម្រោងនោះគឺជាការជួល ជនជាតិម៉ាឡេស៊ី មកសិក្សាគម្រោងអភិវឌ្ឍន៍។ ការសិក្សានោះមានតម្លៃ ១២ លានដុល្លារអាមេរិក។ ជនជាតិម៉ាឡេស៊ី បានសុំឲ្យលោក ជា ស៊ីម សងប្រាក់ចំពោះការសិក្សាគម្រោងនោះ។ ប៉ុន្តែលោក ជា ស៊ីម បានបដិសេធមិនសង ដោយបានប្តឹងមន្ត្រីជិតស្និទ្ធនឹងលោក ពីបទឆបោក៕
DAP
No comments:
Post a Comment
yes