អាណាព្យាបាលរបស់សិស្សសាលាវិទ្យាល័យកំពង់ក្ដីមួយក្រុម បានអំពាវនាវសុំឱ្យមន្ត្រីទទួលបន្ទុកផ្នែកអប់រំ និងសប្បុរសជននានា ជួយជ្រោមជ្រែងក្នុងការរកសាលា និងកន្លែងស្នាក់នៅថ្មីសម្រាប់កុមារស្រីប្រុសចំនួន ៦នាក់ ដែលមិនហ៊ានវិលត្រឡប់ចូលរៀនបន្តនៅសាលាដដែលវិញទេ ដោយសារពួកគេនៅតែមានអារម្មណ៍រន្ធត់នៅឡើយ ចំពោះអំពើចាប់រំលោភផ្លូវភេទ និងការវាយដុំលើរូបកាយយ៉ាងធ្ងន់ធ្ងរមកនោះ។
បុរសចំណាស់ម្នាក់ ជាអាណាព្យាបាលរបស់សិស្សស្រីម្នាក់ក្នុងចំណោមសិស្សស្រី ២នាក់ផ្សេងទៀត ដែលទទួលរងការចាប់រំលោភនោះ បានមានប្រសាសន៍ថា គាត់កំពុងស្វែងរកវិទ្យាល័យមួយចំនួនផ្សេងទៀត នៅក្នុងទីរួមខេត្តសៀមរាប ដើម្បីសុំឱ្យសិស្សទាំង៦នាក់បានចូលបន្តការសិក្សាវិញ ក៏ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់មានសាលាណាមួយឆ្លើយតបថា នឹងទទួលពួកគេនៅឡើយ។
ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ក្នុងចំណោមសិស្សសាលាស្រីដែលទទួលរងអំពើរំលោភនោះ។ នាងបានមានប្រសាសន៍ថា នាងមិនអាចវិលត្រឡប់ចូលបន្តការសិក្សានៅសាលាវិទ្យាល័យកំពង់ក្ដីវិញបានទេ ពីព្រោះមានមូលហេតុជាច្រើន ដែលនាងបានទទួលការឈឺចាប់ ៖ "គឺខ្ញុំខ្មាសគេ ខ្ញុំស្ដាយក្រោយ ខ្ញុំមានការតូចចិត្តនិងខ្លួនឯង។ ពេលខ្ញុំរស់ផុតពីស្លាប់នេះគឺខ្ញុំមានការខ្លាចគេតាមផ្ដន្ទាខ្ញុំទៀត គឺខ្ញុំអត់មានការកក់ក្ដៅអីបន្តិចទេ។ ខ្ញុំអត់វិលវិញទេ គំនិតរបស់ខ្ញុំគឺចង់រស់នៅកន្លែងដែលមានសុវត្ថិភាព"។
កាលពីថ្ងៃទី២៥ខែវិច្ឆិកាកន្លងទៅ សិស្សសាលាវិទ្យាល័យកំពង់ក្ដីស្រីៗ ចំនួន៣នាក់ បានទទួលរងការចាប់រំលោភផ្លូវភេទ និងសិស្សសាលាប្រុសស្រីចំនួន៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសារបុរសម្នាក់លបលួចចូលទៅក្នុងផ្ទះស្នាក់នៅរបស់សិស្សសាលាមួយក្រុម នៅពេលរំលងអាធ្រាត្រ ដើម្បីធ្វើសកម្មភាពចាប់រំលោភ និងបានវាយដុំលើរាងកាយផងនោះ។ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា គេកំពុងរកមធ្យោបាយជួយដល់សិស្សទាំងនោះ។
លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា លោកកំពុងធ្វើការទាក់ទងជាមួយមន្ទីរសង្គមកិច្ច ដើម្បីឱ្យជួយរកកន្លែងស្នាក់នៅសម្រាប់ក្មេងទាំងនោះ និងបានបន្តការរៀនសូត្រឡើងវិញ ៖ "យើងខ្ញុំប្រហែលជាអាចសម្រួលឱ្យបណ្ដោះអាសន្នអាចស្នាក់នៅអន្តេវាសិករបស់វិទ្យាល័យនៅក្នុងក្រុងអី ព្រោះអាហារូបករណ៍យើងមិនអាចថាភ្លាមបានភ្លាមទេ ប៉ុន្តែយើងនឹងព្យាយាមដោះស្រាយជួយការលំបាករបស់ក្មេងដែលត្រូវប្រឈមនៅចំពោះមុខធ្វើម៉េចឱ្យក្មេងបានបន្តការសិក្សាត្រឹមត្រូវដូចគេដូចឯងឡើងវិញ"។
អ្នកស្រី កេត នឿន ប្រធានសាខាអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិប្រចាំខេត្តសៀមរាប។ អ្នកស្រីបានមានប្រសាសន៍ថា ក្នុងចំណោមសិស្សសាលាវិទ្យាល័យកំពង់ក្ដីចំនួន៦នាក់ ដែលបានទទួលរងអំពើហិង្សា និងរំលោភផ្លូវភេទចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងទៅនោះ គឺមានសិស្សស្រី ២នាក់ នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរលើបញ្ហាសុខភាពនៅឡើយ។ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិក៏កំពុងធ្វើការជាមួយមន្ទីរកិច្ចការនារី ដើម្បីជួយដល់សិស្សសាលាទាំង៦នាក់នោះឱ្យបានសាលាថ្មីសម្រាប់ពួកគេចូលរៀនឡើងវិញដែរ៕
rfa
No comments:
Post a Comment
yes