ក្រសួងសុខាភិបាលសព្វថ្ងៃនេះបានមានគោលនយោបាយមួយក្នុងការព្យាបាលជំងឺផ្សេងៗ ថាអ្នកជំងឺដែលទៅព្យាបាលនៅតាមសេវាសុខភាពសាធារណៈរបស់រដ្ឋនឹងតម្រូវឲ្យបង់ថ្លៃព្យាបាល ឬបង់ហិរញ្ញប្បទានទៅតាមប្រភេទជំងឺរបស់គេ។ ប៉ុន្តែគោលការណ៍នេះក៏មានករណីលើកលែងចំពោះអ្នកជំងឺណាដែលមានស្ថានភាពជីវភាពរស់នៅក្រីក្រលំបាកដែរ។ សម្រាប់គោលនយោបាយនេះក្រសួងសុខាភិបាលបានអនុវត្តជាបន្តបន្ទាប់រហូតមកទល់ពេលនេះ។ តែទោះជាយ៉ាងនេះក្ដី ការអនុវត្តនោះគេឃើញនៅមានភាពខ្វះចន្លោះខ្លះ។ ពោលគឺនៅតាមកន្លែងមន្ទីរពេទ្យរដ្ឋមួយចំនួននោះបានតម្រូវឲ្យអ្នកជំងឺក្រីក្របង់ថ្លៃព្យាបាល។
តួយ៉ាងដូចជាថ្មីៗនេះ មានប្រជាពលរដ្ឋក្រីក្រមួយចំនួនដែលបានទៅសម្រាលកូននៅមន្ទីរពេទ្យគាំពារមាតា និងទារកនៅទីក្រុងភ្នំពេញ បានឲ្យដឹងថា ពួកគាត់ត្រូវបានគេតម្រូវឲ្យបង់ហិរញ្ញប្បទានជាផ្លូវការផង និងមិនផ្លូវការផង ដោយចំណាយមួយកន្លែងៗអស់ទឹកប្រាក់ប្រមាណជិត ១០.០០០រៀល (១ម៉ឺនរៀល)។
ក្នុងចំណោមប្រជាពលរដ្ឋដែលមានបញ្ហានេះ បុរសមួយរូបសុំមិនប្រាប់ឈ្មោះបានបញ្ជាក់ថា ប្រាក់១ម៉ឺនរៀលសម្រាប់គេអ្នកមានធនធាន គឺមិនជាអ្វីទេ ប៉ុន្តែសម្រាប់អ្នកក្រដូចជារូបគាត់ជាដើម គឺពិតជាពិបាកនឹងរកបានណាស់ ពីព្រោះសព្វថ្ងៃជាកសិករធ្វើស្រែចម្ការបានផលមកបន្តិចបន្តួចផ្គត់ផ្គង់ជីវភាពមិនគ្រប់គ្រាន់។
បុរសដដែលបានបន្ដថា ដោយសារជីវភាពលំបាកដូច្នោះហើយ ទើបនៅពេលដែលភរិយារបស់គាត់ឆ្លងទន្លេគាត់ខំប្រវេប្រវាពីកន្លែងរស់នៅខេត្តកណ្ដាល មកមន្ទីរពេទ្យគាំពារមាតា និងទារកនៅទីក្រុងភ្នំពេញ ពីព្រោះគាត់បានឮតៗគ្នាថា មន្ទីរពេទ្យនេះជាមន្ទីរពេទ្យជប៉ុនជួយ ហើយការព្យាបាលគេមិនយកប្រាក់ទេសម្រាប់អ្នកក្រីក្រនោះ ៖ "គ្មានលុយគ្មានកាក់ឯណាទេ ដោយសារតែពេទ្យជប៉ុនហ្នឹងក៏ចេះតែទៅៗ។ ក្រែងថាពេទ្យរបស់អង្គការជប៉ុនគេអាចជួយសម្រួលដល់ប្រជាជនយើងអ៊ីចឹងទៅ ហើយដល់ទៅដល់ទៅ វាធ្ងន់ដូចថ្មអ៊ីចឹង អាថ្នាំក្រៅសេវា ថ្នាំក្នុងសេវា ខ្ញុំធ្វើម៉េចទៅ។ សូមជួយសម្របសម្រួលការងារហ្នឹងឲ្យបន្តិចផងបាទ។ បើមិនអ៊ីចឹងទេងាប់អស់ហើយ ងាកលុយ ងាកលុយគ្រប់មុខ។ វាជាផលលំបាកមួយណាស់ចំពោះប្រជាពលរដ្ឋដែលក្រខ្សត់នោះ"។
អ្នកស្រុកដដែលនេះបានឲ្យដឹងទៀតថា ក្រៅពីតម្រូវការឲ្យបង់ថ្លៃជាផ្លូវការ និងមិនផ្លូវការនៅក្នុងមន្ទីរពេទ្យគាំពារមាតា និងទារក ឬដែលភាសាអ្នកស្រុកហៅថាមន្ទីរពេទ្យជប៉ុននោះ ក៏មានបុគ្គលិកខ្លះបានប្រើអាកប្បកិរិយាព្រងើយកន្តើយ ឬប្រើពាក្យសំដីគំរោះគំរើយ មិនសមរម្យមកលើអ្នកជំងឺ។
នូវរាល់ការលើកឡើងទាំងអំបាលម៉ាននេះ អ្នកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុប្រធានមន្ទីរពេទ្យគាំពារមាតា និងទារក។ អ្នកស្រីបានមានប្រសាសន៍ថា តាមពិតទៅមន្ទីរពេទ្យនេះជាមន្ទីរពេទ្យរដ្ឋ គ្មានជំនួយជួយពីជប៉ុនអ្វីនោះទេ ហើយចំពោះការបង់ហិរញ្ញប្បទាននៅក្នុងមន្ទីរពេទ្យនេះ គឺធ្វើតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យបង់ថ្លៃសម្រាប់តែអ្នកមានលទ្ធភាពបង់។ រីឯចំណែកប្រជាពលរដ្ឋដែលពិតជាអ្នកក្រីក្រមែន ដោយមានសំបុត្របញ្ជាក់អះអាងពីអាជ្ញាធរមូលដ្ឋានឃុំស្កាត់នោះ គឺមិនឲ្យបង់ថ្លៃទេ។
អ្នកស្រីអនុប្រធានមន្ទីរពេទ្យគាំពារមាតា និងទារកបានបញ្ជាក់ទៀតថា ចំពោះពាក្យថាមន្ទីរពេទ្យឲ្យបង់សេវាក្រៅផ្លូវការ ក៏មិនមានដែរ បើមាន មានតែបុគ្គលម្នាក់ ពីរនាក់ ហើយរឿងនេះបានកើតមានច្រើនឆ្នាំហើយៗ ហើយមកទល់ពេលនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យបានលប់បំបាត់បានស្ទើរតែទាំងស្រុងដែរ។ ចំណែកឯការប្រើពាក្យសំដីមិនសមរម្យចំពោះអ្នកជំងឺវិញក៏មិនមានដែរ ពីព្រោះមន្ទីរពេទ្យបានព្យាយាមមិនឲ្យកើតមានបញ្ហានេះទេ។
មន្ត្រីមន្ទីរពេទ្យគាំពារមាតា និងទារកបានបន្តថា នៅក្នុងមន្ទីរពេទ្យនេះ គេមានដាក់ប្រអប់សំបុត្រមួយនៅខាងមុខអាគារនៃមន្ទីរពេទ្យ ដើម្បីទទួលសំបុត្ររិះគន់ពីប្រជាពលរដ្ឋ ឬអតិថិជនទាំងឡាយណាដែលបានចូលមកព្យាបាលនៅទីនេះ ហើយបានជួបបញ្ហាផ្សេងៗ ដូចជាការបង់ថ្លៃមិនប្រក្រតី ឬមានពាក្យទ្រគោះបោះបោកជាដើម ៖ "ដាក់ទៅ សរសេរទៅឲ្យច្បាស់មក យើងរកតែអ្នកសហការអ៊ីចឹង"។
ទាក់ទងនិងបញ្ហាតម្រូវការបង់ហិរញ្ញប្បទានរបស់ក្រសួងសុខាភិបាលនេះដែរ គេឃើញមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានការងារទាក់ទងនិងវិស័យសុខភាពនៅកម្ពុជា ដូចជាអង្គការម៉េឌីខាំ ឬហៅថាអង្គការផ្នែកសុខភាពនៅកម្ពុជាបានចេញរបាយការណ៍មួយកាលពីពាក់កណ្ដាលឆ្នាំ២០១១ ថា សេវាបង់ថ្លៃ ឬហិរញ្ញប្បទានរបស់ក្រសួងសុខាភិបាលដែលបានធ្វើនៅតាមមណ្ឌលសុខភាព ឬតាមមន្ទីរពេទ្យនានាក្នុងប្រទេសសព្វថ្ងៃនេះ គឺជារនាំងមួយដ៏ធំ ដែលរារាំងមិនឲ្យប្រជាពលរដ្ឋក្រីក្រទៅទទួលយកសេវាព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
ម្យ៉ាងទៀត ការបង់ហិរញ្ញប្បទាននេះក៏បានបង្កឲ្យមានបញ្ហាជាច្រើនផ្សេងទៀត ដូចជាតម្រូវការឲ្យអ្នកជំងឺបង់ថ្លៃបន្ថែមក្រៅផ្លូវការ បង្គាប់ឲ្យអ្នកជំងឺទិញសម្ភារៈផ្សេងៗខ្លួនឯងជាដើម។
លោកវេជ្ជបណ្ឌិត ស៊ីន សុមុនី នាយកប្រតិបត្តិនៃអង្គការម៉េឌីខាំ។ លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋសព្វថ្ងៃនេះលោកត្រូវបង់ពន្ធជូនរដ្ឋទ្វេដង គឺបង់ពន្ធជូនសេវាសុខភាពផង និងបង់ពន្ធផ្នែកអចលនទ្រព្យផ្ទះសម្បែង ដីធ្លីផង និងបង់ពន្ធផ្សេងៗ ទៀត។
តាមរយៈនៃការបង់ពន្ធនេះធ្វើឲ្យថវិកាជាតិសម្រាប់ជួយទ្រទ្រង់វិស័យសុខាភិបាលបានកើនឡើងនៅក្នុងឆ្នាំ២០១១ នេះ ដោយប្រមូលថវិកាបានចំនួន ១៨១លានដុល្លារ និងពី ៧ទៅ៨លានដុល្លារ គឺប្រមូលបានពីសេវាបង់ថ្លៃ ដែលខុសគ្នាកាលពីឆ្នាំ២០០៧ គេប្រមូលបានចំនួន ៥០លានដុល្លារអាមេរិក។
ការកើនឡើងនេះបានធ្វើឲ្យការចំណាយរបស់ប្រជាពលរដ្ឋបានកើនពី ៤ដុល្លារ ទៅ១៣ដុល្លារ ក្នុងមួយឆ្នាំសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ។
លោកបានបន្ដថា តាមរយៈនៃការបង់ពន្ធនេះ ប្រជាពលរដ្ឋគឺជាម្ចាស់ទឹកប្រាក់ ដូច្នេះលោកអាចប្រើប្រាស់សេវាសុខភាពសាធារណៈបាន ពោលគឺសេវារបស់រដ្ឋដូចជាមានករណីលើកលែងដល់អ្នកក្រមិនឲ្យបង់ថ្លៃសេវាជាដើម។ ប៉ុន្តែដោយមន្ទីរពេទ្យរដ្ឋខ្លះមិនបង្កលក្ខណៈងាយស្រួល មានតម្រូវការច្រើនពេក បង់ថ្លៃក្រៅសេវាផង ក្នុងសេវាផង ទើបធ្វើឲ្យប្រជាពលរដ្ឋងាកបែរទៅរកការព្យាបាលសេវាឯកជនដែលរឹតតែធ្វើឲ្យអ្នកក្រកាន់តែលំបាក។
មន្ត្រីអង្គការម៉េឌីខាំបានបញ្ជាក់ទៀតថា សុខភាពគឺជាសិទ្ធិមនុស្សសំខាន់បំផុត ហើយក៏ជាទ្រព្យសម្បត្តិសាធារណៈផងដែរ ដូច្នេះដើម្បីជួយឲ្យប្រជាពលរដ្ឋ ពិសេសអ្នកក្រីក្រអាចទៅទទួលយកសេវាព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឬមន្ទីរពេទ្យរដ្ឋបាននោះ រាជរដ្ឋាភិបាលលោកគួរដកចេញ ឬលុបចោលនូវសេវាបង់ថ្លៃឲ្យបានប្រាកដប្រជា ច្បាស់លាស់។ ក្រៅពីនេះទៀត ការផ្ដល់ប្រាក់បៀវត្សរ៍ ឬប្រាក់ខែដល់បុគ្គលិកសុខាភិបាលឲ្យបានសមរម្យនោះ ក៏ជាវិធានការណ៍មួយជួយលើកទឹកចិត្តឲ្យគេអាចបម្រើប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខភាពសាធារណៈបានល្អ ហើយប្រជាពលរដ្ឋជាអតិថិជនក៏ពេញចិត្តនឹងមកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
មន្ត្រីអង្គការម៉េឌីខាំបានបញ្ជាក់ថា នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើន ដែលមានបរិបទសេដ្ឋកិច្ចសង្គមស្រដៀងគ្នានិងកម្ពុជា គេបានអនុវត្តនូវយុទ្ធសាស្ត្រនេះ ហើយបានទទួលជោគជ័យក្នុងការគ្របដណ្ដប់ការថែទាំសុខភាពប្រជាពលរដ្ឋ ដូចជាប្រទេសស្រីលង្កា ម៉ាឡេស៊ី រដ្ឋកេរាឡោនៅឥណ្ឌា និងរដ្ឋជាច្រើនទៀតនៅប្រជុំកោះការ៉ាអ៊ីត និងនៅក្នុងតំបន់មហាសាគរប៉ាស៊ីហ្វិក៕
RFI
No comments:
Post a Comment
yes