មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្នើដល់សហគមន៍ផ្តល់ជំនួយទាំងអស់ឲ្យបន្តជួយផ្តល់ថវិកាសម្រាប់ទិសដៅការងារគ្រប់គ្រងនិងអភិវឌ្ឍអាងទន្លេមេគង្គ។
លោកតែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងក្រោយពីការបញ្ចប់ការប្រជុំរវាងក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ និងសហគមន៍ផ្តល់ជំនួយរបស់គណៈកម្មការទន្លេមេគង្គ នៅថ្ងៃសុក្រនេះថា ថ្វីត្បិតតែស្ថានភាពទន្លេមេគង្គក្នុងពេលនេះស្ថិតនៅក្នុងកម្រិតល្អយ៉ាងណាក៏ដោយ ក៏ត្រូវទាមទារឲ្យមានការការពារថែមទៀតដែរពិសេសលើផ្នែកបរិដ្ឋាន។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សានៃគណៈកម្មការទន្លេមេគង្គ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីប្រទេស ជាសមាជិកទន្លេមេគង្គចំនួន៤ ដែលមានកម្ពុជា វៀតណាម ឡាវ ថៃ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ ការប្រជុំប្រចាំឆ្នាំនេះតាមការឲ្យដឹង គឺដើម្បីពិនិត្យមើលលើការអនុវត្តការងារការពារអាងទន្លេមេគង្គកាលពីឆ្នាំកន្លងទៅ ប៉ុន្តែពិសេសសម្រាប់ឆ្នាំនេះគឺការ ពិភាក្សាទៅលើគម្រោងសំណង់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវ ដែលមានកង្វល់ថា វានឹងនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិដ្ឋានទន្លេមេគង្គ។
លោកតែ ណាវុធបានឲ្យដឹងថា មានការងារច្រើនណាស់ ដែលត្រូវធ្វើដើម្បីគ្រប់គ្រងនិងអភិវឌ្ឍអាងទន្លេមេគង្គ ហើយដែលយ៉ាងហោចណាស់ក្នុងមួយឆ្នាំៗ គឺមានតម្រូវការថវិកាពី១២លានទៅ១៥លានដុល្លារឯណោះ។
លោកតែ ណាវុធបានថ្លែងយ៉ាងដូច្នេះថា៖
«យើងមានកម្មវិធី ដូចជាកម្មវិធីជលផល កម្មវិធីនាវាចរណ៍ កម្មវិធីទឹកជំនន់ គ្រោះរាំងស្ងួត កម្មវិធីបរិស្ថាន កម្មវិធីនិរន្តរភាពនៃវារីអគ្គិសនី ការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីជំនាញ ធារាសាស្ត្រនិងកសិកម្ម។ល។»។
លោកតែ ណាវុធបានមានប្រសាសន៍ឲ្យដឹងដែរថា ជា ធម្មតាគណៈកម្មការទន្លេមេគង្គមានកម្មវិធីប្រមាណជា១៣ដែលត្រូវអនវត្ត ហើយក្នុងផែនការ៥ឆ្នាំ២០១១-២០១៥របស់ខ្លួននៅពេលនេះ គឺនឹងត្រូវការទឹកប្រាក់ប្រមាណពី៦០លានទៅ៦៥លានដុល្លារ។
តាមការឲ្យដឹងជំនួយសម្រាប់ការងារគ្រប់គ្រងអាងទន្លេមេគង្គភាគច្រើនគឺបានមកពីសហគមន៍អឺរ៉ុប ដែលមានដូចជាប្រទេសបារាំង អាល្លឺម៉ង់ ស៊ុយអែត អូស្ត្រាលី ហូឡង់ ដានណឺម៉ាក ស្វីស ហ្វាំងឡង់និងបណ្តាធនាគារមួយចំនួន ដូចជាធនាគារពិភពលោកជាដើម៕
VOA
No comments:
Post a Comment
yes