សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

កម្លាំង​ប្រដាប់​អាវុធ​នៅ​ពី​ក្រោយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នៅ​ខេត្ត​កោះកុង


 សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ទំហំ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​គាំទ្រ ពី​ក្រោយ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​កំពុង​ធ្វើ​ឲ្យ​ហិនហោច​ព្រៃ​ឈើ​ ប្រណីត​នៅ​តំបន់​ព្រៃ​អភិរក្ស​កណ្តាល​ប្រជុំ​ភ្នំ​ក្រវាញ​(CCPF) ខណៈ​ក្រុម​អ្នក​អភិរក្ស​ដែល​ទទួល​បន្ទុក​ការពារ​តំបន់​នោះ និង​ដៃ​គូ​រដ្ឋាភិបាល​របស់​ខ្លួន​បាន​បដិសេធ​ថា សកម្មភាព​ទាំង​នោះ​ពុំ​មាន​កើត​ឡើង​ឡើយ។
ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ អ្នក​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​ បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​យ៉ាង​តិច ៩ គ្រឿង រថយន្ត​មួយ​បាំង​កន្លះ ៧ គ្រឿង និង​រថយន្ត 4WD មួយ​គ្រឿង​ដឹក​ពេញ​ដោយ​ឈើ​គ្រញូង​បើក​ចេញ​ពី​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង​ក្នុង​តំបន់ CCPF នៅ​លើ​ផ្លូវ​តែ​មួយ​។ រថយន្ត​ធំៗ​ជា​ច្រើន​គ្រឿង​ទៀត​ក៏​អាច​ត្រូវ​គេ​ឃើញ​ផង​ដែរ​នៅ​លើ​ផ្លូវ​ មួយ​ខ្សែ​ទៀត ដែល​ស្ថិត​នៅ​ក្បែរ​នោះ។
រថយន្ត​ខ្នាត​ធំ​ជា​ច្រើន​គ្រឿង​ដែល​អ្នក​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​ពីរ​រូប​អាច​ចូល​ពិនិត្យ​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក សុទ្ធ​តែ​មាន​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​ជាច្រើន​ម៉ែត្រ​គូប។
អ្នក​ភូមិ អ្នក​រក​ស៊ី​កាប់​ឈើ និង​អ្នក​អភិរក្ស​ បាន​បញ្ជាក់​ថា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ កង​កម្លាំង​ប្រដាប់​អាវុធ និង​អនុរក្ស​ព្រៃ​ឈើ​ បម្រើ​ការ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល ​អភិរក្ស​អន្តរ​ជាតិ​ ពុំ​បាន​ធ្វើ​អ្វី​ឡើយ​ ដើម្បី​បញ្ឈប់​សកម្ម​ភាព​លួច​កាប់​ឈើ​ដ៏​សម្បើម នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នេះ។
អ្នក​ទាំង​នោះ រក​បាន​ចំណូល​យ៉ាង​ច្រើន ពី​សកម្ម​ភាព​ទាំង​នោះ​ថែម​ទៀត។
លោក ធុយ ប៉ែត​ អាយុ ៥០ ឆ្នាំ​ ជា​អតីត​យោធិន​ មក​ពី​កង​ពល​លេខ ៥ បច្ចុប្បន្ន​ កំពុង​រស់​នៅ​ក្នុង​ភូមិ​​ឫស្សី​ជ្រំ ស្រុក​ថ្ម​បាំង​ បាន​ប៉ាន់​ស្មាន​ថា ក្នុង​រយៈ​ពេល​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធ្ងន់​ធ្ងរ​បំផុត យ៉ាង​ហោច​ណាស់ ​រថយន្ត​ធុន​ធំ​ពី ៨០ ទៅ ៩០ គ្រឿង​ បាន​ដឹក​ឈើ​ប្រណីត ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​នោះ​ ជា​រៀង​រាល់​យប់​ ដោយ​មិន​គិត​ពី​រថយន្ត​ប្រភេទ​ផ្សេង​ទៀត​។  លោក​មាន​ប្រសាសន៍​ថា៖​«ខ្ញុំ​គិត​ថា ពុំ​មាន​នរណា​អាច​បញ្ឈប់​សកម្មភាព​នេះ​បាន​ឡើយ​រហូត​ដល់​វា​អស់​។ នៅ​ពេល​វា​អស់ ពួក​គេ​នឹង​ទៅ​កាប់​នៅ​តំបន់​មួយ​ទៀត»។
អ្នក​ភូមិ​ម្នាក់​ទៀត​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក បាន​ថ្លែង​ថា មនុស្ស​ប្រមាណ ២ ពាន់​នាក់​ បច្ចុប្បន្ន កំពុង​កាប់​ព្រៃ​ឈើ​ក្នុង​តំបន់​នោះ។ លោក​បន្ត​ថា៖ ​«អ្នក​ភូមិ​ ធ្លាប់​តែ​ធ្វើ​ជា​កសិករ តែ​ឥឡូវ​នេះ ពួក​គេ​បាន​ក្លាយ​ជា​កម្មករ​ស៊ី​ឈ្នួល​កាប់​ឈើ​ហើយ ដោយ​សារ​តែ​អំណាច​ទឹក​ប្រាក់»។
លោក ជុត វុទ្ធី នាយក​អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ​ បាន​ប៉ាន់ស្មាន​ថា ឈើ​ប្រណីត​តម្លៃ​ស្មើ​នឹង ២៥ ពាន់​ដុល្លារ​ កំពុង​ត្រូវ​ដឹក​ចេញ​ពី​ស្រុក​ថ្ម​បាំង​ក្នុង​មួយ​ឡាន​ៗ។ លោក​បាន​បន្ត​ថា៖​«​តំបន់​នេះ​ ជា​តំបន់​ចុង​ក្រោយ នៅ​ប្រទេស​កម្ពុជា ​[ដែល​មាន​សេស​សល់​ឈើ​ប្រណីត]។ ពួក​គេ​បំផ្លាញ​ឈើ​ នៅ​ខេត្ត​រតន​គិរី ឧទ្យាន​ជាតិ​បូកគោ ខេត្ត​ពោធិ៍សាត់ ក្រោយ​មក​ ពួក​គេ​ ទៅ​[ឃុំ]​អូរសោម។ បន្ទាប់​មក​ទៀត ពួក​គេ​ទៅ​ថ្ម​បាំង ​នេះ​ជា​កន្លែង​ចុង​ក្រោយ»។ លោក​បន្ត​ថា តាម​បទពិសោធ​នា​ពេល​កន្លង​មក​ក្នុង​រយៈ​ពេល ៤ ទៅ ៥ ខែ​ទៀត ឈើ​ប្រណីត​ទាំង​នេះ ​នឹង​ហិន​ហោច​អស់​ពី​ស្រុក​ថ្ម​បាំង ហើយ​នា​ពេល​នោះ ពួក​អ្នក​កាប់​ឈើ​នឹង​ងាក​ទៅ​កាប់​ឈើ​គ្រញូង​តម្លៃ​ទាប​ជាង​មុន​បន្ត​ទៀត។
តំបន់​ព្រៃ​ការពារ CCPF ដែល​មាន​ទំហំ ៤០២ ពាន់​ហិកតា​ គឺជា​តំបន់​អភិរក្ស​ធំ​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា​ ដែល​លាត​សន្ធឹង​ក្នុង​ស្រុក​ចំនួន ៦ ក្នុង​ខេត្ត​កោះកុង ពោធិ៍សាត់ និង​កំពង់ស្ពឺ។
វា​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​តំបន់​អភិរក្ស​សម្បូរ​បែប​មួយ ​នៅ​តំបន់​ឥណ្ឌូចិន​ បើ​និយាយ​អំពី​ជីវ​ចម្រុះ ដោយ​មាន​រុក្ខជាតិ​កម្រ​របស់​កម្ពុជា​ជា​ច្រើន ​ដែល​ផ្តល់​ជម្រក ​ដល់​ការ​រស់​នៅ​របស់​សត្វ​ប្រភេទ​ល្មូន ដំរី​ ក្រពើ​ភ្នំ និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ដទៃ​ទៀត។
អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ ក្នុង​ស្រុក​ថ្ម​បាំង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​និយាយ​ថា ស្រុក​ថ្ម​បាំង​ គ្រាន់​តែ​ជា​តំបន់​មួយ​ ក្នុង​ចំណោម ៤ ក្នុង CCPF ជា​ទី​ដែល​ឈើ​ប្រណីត​តម្លៃ​រាប់​សិប​លាន​ដុល្លារ​ ត្រូវ​បាន​កាប់​ផ្តួល​ ដោយ​ក្រុមហ៊ុន​ជា​ច្រើន​ ដែល​កាប់​ឈើ​គ្មាន​ការ​អនុញ្ញាត​ ក្រោម​ហេតុ​ផល​កាប់​ធ្វើ​អាង​ទឹក​សម្រាប់​ទំនប់​វារីអគ្គិសនី​។ អ្នក​ស្រាវ​ជ្រាវ​រូប​នោះ​ បាន​ថ្លែង​ថា៖​ «វា​ដូច​ជា​កំណប់​មាស​អ៊ីចឹង។ តម្លៃ​ឈើ​ប្រណីត​ខ្ពស់​ខ្លាំង​ណាស់»។ លោក​បន្ត​ថា៖ ​«វា​សុទ្ធ​តែ​មាន​ការ​រៀប​ចំ តម្លៃ​ប៉ុន្មាន ដែល​អ្នក​កាប់​ឈើ និង​ឈ្មួញ​ត្រូវ​បង់​ឲ្យ និង​បង់​ឲ្យ​ទៅ​នរណា។ ពួក​គេ​ដឹង​ថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ណា​ដែល​ពួក​គេ​ត្រូវ​ឆ្លង​កាត់។ វា​មើល​ទៅ ឈាន​ដល់​ដំណាក់​កាល​ដែល​យុវជន​ភាគ​ច្រើន​នៅ​ឃុំ​តាតៃ​ ត្រូវ​បាន​អូស​ទាញ​ចូល​ក្នុង​សកម្ម​ភាព​កាប់​ឈើ​ប្រណីត​ទាំង​នេះ»។
ខណៈ​កំពុង​តាម​ដាន​ការ​ធ្វើ​សកម្មភាព​ទាំង​នេះ ​អ្នក​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ ត្រូវ​បាន​រារាំង​ចំនួន ២ លើក​ ពី​សំណាក់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថឬ​កម្លាំង​ប្រដាប់​អាវុធ ​ដែល​អះ​អាង​ថា គ្រាន់​តែ​ជា​សន្តិសុខ ​បម្រើ​ឲ្យ​ក្រុមហ៊ុន ដែល​ពួក​គេ បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ។
ទាំង ២ លើក​នោះ អ្នក​កាសែត​រង​ការ​គំរាម​ចាប់​ខ្លួន និង​ត្រូវ​បាន​បញ្ជា​ឲ្យ​លុប​រូប​ថត​ដែល​ថត​សកម្ម​ភាព​រថយន្ត​ដឹក​ឈើ​ប្រណីត ​ពី​សំណាក់​ទាហាន​ ដែល​មិន​ព្រម​ប្រាប់​ពី​មូលហេតុ។
ក្រុម​ប្រដាប់​អាវុធ​បាន​ធ្វើ​ដំណើរ​ កាត់​ភូមិ​ឫស្សីជ្រំ ក្នុង​ស្រុក​ថ្ម​បាំង ដូច​ក្បួន​ដង្ហែ​ ឥត​ឈប់​ឈរ​ ចេញ​ចូល​តាម​រថយន្ត 4WD​។
ប្រមាណ ២ គីឡូម៉ែត្រ​ ពី​ភូមិ​ឫស្សី​ជ្រំ​ នៅ​ផ្នែក​ម្ខាង​ទៀត​ នៃ​ផ្លូវ សហគមន៍​អ្នក​រក​ស៊ី​កាប់​ឈើ​ចំណាក​ស្រុក​ មក​ពី​ខេត្ត​នានា​ដូច​ជា​ខេត្ត​ពោធិ៍សាត់ និង​កំពង់​ស្ពឺ​ជា​ដើម​ កំពុង​តែ​សម្រាក។
នៅ​ជើង​ភ្នំ​តូច​មួយ​ ដែល​ពួក​គេ​ដើរ​ត្រាច់​ចរ​ ជា​រៀង​រាល់​ថ្ងៃ​ ស្វែង​រក​ឈើ​ប្រណីត​ មាន​គ្រួសារ​ប្រមាណ ៦០ កំពុង​ស្នាក់​នៅ​ជុំវិញ​ផ្ទះ​រយីក​រយាក ម៉ូតូ​កញ្ចាស់ និងដុំ​ឈើ​ប្រណីត​មួយ​ចំនួន​ដែល​ពួក​គេ​មាន​សំណាង​រក​បាន​។
កាល​ពី ៣ ខែ​មុន លោក ឆាយ សេងហេង និយាយ​ថា លោក​បាន​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ក្នុង​ខេត្ត​កំពង់ស្ពឺ​មក​តំបន់​ភ្នំ​ ក្រវាញ​នេះ ​ក្នុង​បំណង​ស្វែងក​រក​ប្រភព​ចំណូល​ឲ្យ​បាន​ខ្ពស់​ ជាង​ចំណូល​ត្រឹម​តែ​ពីរ​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ ដែល​លោក​រក​បាន​ ពី​ការសាង​សង់​ផ្ទះ​របស់​លោក។ ជា​រៀង​រាល់​ថ្ងៃ លោក​បាន​ត្រាច់​ចរ​ចូល​ក្នុង​តំបន់​ភ្នំ​ជុំវិញ​នោះ ​ស្វែង​រក​ឈើ​ប្រណីត ​ដែល​សេស​សល់ ​ពី​ការ​កាប់​មុនៗ។ លោក​ថ្លែង​ថា៖​«​វា​លំបាក នៅ​ពេល​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ប្រពន្ធ​ខ្ញុំ តែ​ខ្ញុំ​ត្រូវ​ការ​ចិញ្ចឹម​ជីវិត ខ្ញុំ​ត្រូវ​ការ​រស់»។ លោក​បាន​ប៉ាន់​ស្មាន​ថា គ្រាន់​តែ​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​មុន ឈើ​ប្រណីត​ប្រមាណ ៣ តោន​ ត្រូវ​បាន​ដឹក​ចេញ​ពី​តំបន់​ថ្ម​បាំង​។ ពុំ​មាន​នរណា​ប្រាប់​លោក​ថា វា​ខុស​ច្បាប់​ឡើយ​ ក្នុង​ការ​ដឹក​ឈើ​ប្រណីត​ ចេញ​ពី​តំបន់ CCPF នោះ។
ធ្វើ​ដំណើរ​មិន​ដល់ ១០ នាទី​ផង​ ពី​ផ្លូវ​នោះ ឈើ​ប្រណីត​អារ​ជា​បន្ទះ​ៗ​ជា​ច្រើន​​គំនរ ត្រូវ​បាន​ដាក់​ផ្តេក​ លាក់​នៅ​ក្បែរ​កន្លែង​ថ្លឹង​មួយ​កន្លែង​ឈរ​ការពារ​ដោយ​បុរស​ម្នាក់​ក្នុង​ សម្លៀក​បំពាក់​ជា​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​នៅ​ក្បែរ​នោះ​ មាន​ឧបករណ៍​របស់ កង​ទ័ព​ជា​ច្រើន​ ដែល​រួម​មាន​តង់ និង​សាក់កាដូ​ជា​ដើម។
ឈរ​នៅ​ក្បែរ​ជញ្ជីង​មួយ​គ្រឿង អ្នក​ទិញ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​និយាយ​ថា លោក​ទិញ​ឈើ​ប្រណីត​ ក្នុង​តម្លៃ ១៥០០ រៀល ​ក្នុង​មួយ​គីឡូក្រាម។ លោក​ពុំ​បាន​​ឲ្យ​ដឹង​ថា នរណា ឬ​តម្លៃ​ប៉ុន្មាន​ ដែល​គាត់​​លក់​ឈើ​ប្រណីត​នោះ​ ឬ​បន្ទះ​ឈើ​ប្រណីត​ទាំង​នោះ​ មក​ពី​ទី​ណា​ឡើយ។ លោក​គ្រាន់​តែ​និយាយ​ថា៖​«ខ្ញុំ​គ្រាន់​តែ​ជា​កម្មករ​គេ​ប៉ុណ្ណោះ»។

ក្រុម​ហ៊ុន​អាថ៌​កំបាំង
អ្នក​ភូមិ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ ឈ្មួញ និង​អាជ្ញាធរ​ឃុំ ក្នុង​ស្រុក​ថ្ម​បាំង ​សុទ្ធ​តែ​បាន​និយាយ​ថា ឈើ​ប្រណីត​ក្នុង​តំបន់​នេះ ​ត្រូវ​បាន​ទិញ ​ដោយ​ក្រុមហ៊ុន​មួយ​ ដែល​ពុំ​មាន​នរណា​ម្នាក់​ អាច​ប្រាប់​ឈ្មោះ​បាន​ឡើយ។
លោក ជុត វុទ្ធី បាន​លើក​ឡើង​ថា ក្រុមហ៊ុន​នោះ​គឺ Timber Green ដែល​លោក​បាន​អះអាង​ថា​ បាន​ជួល​​អ្នក​ភូមិ និង​កម្មករ​ដែល​ពួក​គេ​ជួល ក្នុង​គម្រោង​ផ្សេងៗ​គ្នា​ ដើម្បី​កាប់​ឈើ​ប្រណីត​ផ្ទាល់​ ចេញ​ពី​តំបន់ CCPF។
លោក​បន្ត​ថា៖​«ពួក​គេ​តែង​តែ​និយាយ​ថា ពួក​គេ​កាប់​ព្រៃ​ឈើ​ ដើម្បី​ធ្វើ​ទំនប់​វារី​អគ្គិសនី តែ​មិន​ពិត​ទេ»។ លោក​បន្ថែម​ថា៖​«​លោក​អាច​ឃើញ​ហើយ វា​មាន​ទំហំ​ធំ​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ថា [អ្វី​ដែល​បាន​កំពុង​កើត​ឡើង]​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ ខ្ញុំ​មិន​ដែល​ឃើញ​វា​ធំ​បែប​នេះ​ទេ»។
ប្រភព​ជា​ច្រើន​ បាន​កំណត់​ក្រុម​ហ៊ុន Timber Green ថា​ជា​ក្រុមហ៊ុន​កាប់​ឈើ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ ឲ្យ​កាប់​រាន​តំបន់​អាងស្តុក​ទឹក​ ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ នៅ​ពេល​បញ្ចប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​តាតៃ​ តាម​ដង​ទន្លេ​ឈ្មោះ​ដូច​គ្នា នៅ​ចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រ​ ពី​ភូមិ​អូរឫស្សី​ជ្រំ។ ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​តាតៃ​ កម្លាំង ២៤៦ មេហ្គាវ៉ាត់​ ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ China National Heavy Machinery បាន​ចាប់​ផ្តើម​ កាល​ពី​ខែ​មករា​ឆ្នាំ​នេះ។
នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ Conservation International (CI) លោក សេង ប៊ុនរ៉ា បាន​និយាយ​ថា ក្រុមហ៊ុន Timber Green បាន​ជួល​អ្នក​ភូមិ​ ឲ្យ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ទំនប់​នោះ តែ​បាន​បដិសេធ​ថា ពួក​គេ​បាន​ពង្រីក​ការ​កាប់​ឈើ​ ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​ ដែល​ក្រុម​អភិរក្ស​របស់​លោក​កំពុង​ទទួល​បន្ទុក​ការពារ។ លោក​លើក​ឡើង​ថា៖​ «ក្រុមហ៊ុន​នេះ ​បាន​ចាប់​ផ្តើម​ប្រកាស និង​អំពាវ​នាវ​ឲ្យ​កម្មករ​ចេញ​ទៅ​កាប់​រាន​តំបន់​អាង ហើយ​នៅ​ស្រុក​ថ្ម​បាំង ​[ពួក​គេ]​គ្រាន់​តែ​កាប់​លើ​តំបន់​អាង​ប៉ុណ្ណោះ»។ លោក​បន្ថែម​ថា កម្មករ​មួយ​ចំនួន​តូច​ បាន​ចេញ​ទៅ​កាប់​រាន​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់ CCPF ដោយ​ខ្លួន​ពួក​គេ។
នៅ​ម៉ោង​ប្រមាណ ១១ និង ២៥ នាទី​យប់​ថ្ងៃ​អាទិត្យ កម្លាំង​ប្រដាប់​អាវុធ​៥ នាក់ ​ដោយ ២ នាក់​ មាន​​កាន់​កាំភ្លើង​វែង​ផង​ បាន​ចុះ​ពី​លើ​រថយន្ត​ប្រភេទ​តូយ៉ូតា​កាមរី​មួយ​គ្រឿង​ ដែល​ពុំ​មាន​ស្លាក​លេខ ហើយ​បាន​ឡោម​ព័ទ្ធ​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ២ រូប ​ដែល​គ្រាន់​តែ​ថត​យក​រូប​ភាព​រថយន្ត​ភី​ក​អាប់​ដែល​ដឹក​ពេញ​ទៅ​ដោយ​ឈើ ប្រណីត​នៅ​ក្នុង​តំបន់ CCPF​។
ក្រោយ​ពី​បាន​ទាម​ទារ​ឲ្យ​អ្នក​ថត​រូប​ លុប​ចោល​រូប​ភាព​ ចេញ​ពី​ម៉ាស៊ីន​ថត​ ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ ​បាន​វិល​ត្រឡប់​ទៅ​វិញ និង​បាន​ឲ្យ​ទូរស័ព្ទ​ដៃ​ ទៅ​លោក ជុត វុទ្ធី ដែល​បាន​ដើរ​ចូល​មក​ ជាមួយ​បុរស​ម្នាក់​ដែល​លោក​បាន​អះអាង​ថា ​ជា​ប្រធាន​សន្តិសុខ​ក្រុម​ហ៊ុន TimberGreen។
នៅ​ពេល​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទូរស័ព្ទ​ទៅ​កាន់​បុរស​នោះ និង​សួរ​ថា លោក​ជា​ប្រធាន​សន្តិសុខ​ក្រុមហ៊ុន Timber Green មែន​ឬ​មិន​មែន? បុរស​នោះ​បាន​ឆ្លើយ​ថា៖​«ចុះ​យ៉ាង​ម៉េច?» និង​បាន​ដាក់​ទូរស័ព្ទ​ចុះ នៅ​ពេល​ត្រូវ​បាន​សួរ​បន្ត​ទៀត។ ក្រុមហ៊ុន​នេះ​ ពុំ​ត្រូវ​បាន​ចុះ​បញ្ជី​ការ​ជា​សាធារណៈ​ឡើយ ហើយ​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ។

ការ​អនុវត្ត​ច្បាប់ ឬ​ជា​ការ​អនុញ្ញាត​យល់​ព្រម?
ក្នុង​កន្លែង​កាប់​រាន​រួច​តូច​មួយ​ នៅ​ខាង​ក្រៅ​ភូមិ​ឫស្សីជ្រំ កម្លាំង​ប្រដាប់​អាវុធ​ និង​រដ្ឋបាល​ព្រៃ​ឈើ ៥ រូប ​បាន​អង្គុយ​ជុំវិញ​គល់​ឈើ​តម្រៀប​សម្រាប់​ចម្អិន​ម្ហូប រង់ចាំ​នៅ​ក្នុង​​ព្រៃ។
មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ លោក ស៊ូ សុផល ​និយាយ​ថា ពួក​គេ​នៅ​ទី​នោះ ​ដើម្បី​រង់​ចាំ​ចាប់​អ្នក​កាប់​ឈើ ប៉ុន្តែ​ពុំ​មែន​រថយន្ត​ដែល​ដឹក​ឈើ​រាប់​តោន​នោះ​ទេ គឺ​ពួក​គេ​តាម​ចាប់​បុគ្គល​ដែល​ដឹក​ឈើ​តាម​ម៉ូតូ​។ លោក​ថ្លែង​ថា៖​«[ឡាន]​ភាគ​ច្រើន​ដឹក​ឈើ​ចេញ​ក្នុង​ពេល​យប់ ហើយ​ពួក​គេ​មាន​ច្បាប់»។
នៅ​ពេល​ត្រូវ​បាន​សួរ​ថា​ ក្រុម​ហ៊ុន​ណា​ ដែល​មាន​ច្បាប់​កាប់​ឈើ​ក្នុង​តំបន់​នោះ លោក ស៊ូ សុផល បាន​ឆ្លើយ​ថា៖​«ខ្ញុំ​មិន​ដឹង​ទេ ពី​ព្រោះ​ខ្ញុំ​ធ្វើ​ការ​ក្រោម​គេ​ទេ ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​តូច​តាច​ម្នាក់​ប៉ុណ្ណោះ»។ ក្រុម​ល្បាត​គឺជា​ផ្នែក​មួយ ​របស់​កម្ម​វិធី​ការពារ​ សម្រប​សម្រួល​ដោយ CI រួម​បញ្ចូល​ទាំង​រដ្ឋ​បាល​ព្រៃ​ឈើ និង​មន្ត្រី​អាវុធ​ហត្ថ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​ដែន CCPF ក្នុង​ឆ្នាំ ២០០០​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អនុក្រឹត្យ​ឆ្នាំ ២០០២​។
អ្នក​ស្រាវ​ជ្រាវ​អនាមិក​ម្នាក់​ បាន​លើក​ឡើង​ថា មន្ត្រី​ធ្វើ​ការ​ក្រោម CI ដែល​ឈរ​ជើង​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ជាតិ​លេខ ៤៨ ជា​ផ្លូវ​ចេញ​តែ​មួយ​គត់​ ពី​តំបន់​ថ្ម​បាំង​ អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ឈើ​ប្រណីត ​ចរាចរណ៍​គ្មាន​ការ​ហាម​ឃាត់​ ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​។
អ្នក​ស្រាវ​ជ្រាវ​រូប​នោះ ​ថ្លែង​ថា៖​«CI ប្រគល់​ការ​គ្រប់​គ្រង​ជា​ច្រើន​ដល់ FA ហើយ​ពួក​គេ​ មិន​បាន​សួរ​នាំ​អ្វី​ឡើយ ដោយ​ពួក​គេ​គ្រាន់​តែ​ប្រគល់​ការងារ​ការពារ​ព្រៃ​ឈើ​របស់​ពួក​គេ​ ដល់​អ្នក​ផ្សេង»។
កាល​ពី ២ សប្តាហ៍​មុន នៅ​ពេល​ភ្នំពេញ​ប៉ុស្តិ៍​សម្ភាស​លោក សេន ប៊ុនរ៉ា នាយក​ប្រចាំ​ប្រទេស CI បាន​ច្រាន​ចោល​ថា ការ​កាប់​ឈើ​ក្នុង​ទំហំ​ធំដោយ​មាន​ការ​សម្រប​សម្រួល​នោះ​ ពុំ​ធ្លាប់​កើត​ឡើង​ឡើយ​ នៅ​ក្នុង​តំបន់ CCPF​។
លោក​បាន​ថ្លែង​ថា៖​«ខ្ញុំ​គិត​ថា សម្រាប់​ខ្ញុំ វា​មិន​ពិត​ទេ លុះ​ត្រា​តែ​រដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នេះ​កាប់»។ លោក​បន្ត​ថា៖​«​ជា​ធម្មតា អង្គការ​អភិរក្ស​អន្តរ​ជាតិ​ ធ្វើ​ការ​នៅ​ជុំវិញ​ពិភព​លោក យើង​តែង​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ពី​អំពើ​ពុករលួយ យើង​ក៏​តាម​ដាន​ដែរ ប្រសិន​បើ​យើង​សង្ស័យ​នរណា​ម្នាក់​ ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ»។
លោក សេង ប៊ុនរ៉ា មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ ហើយ​បុរស​ម្នាក់​ ដែល​លើក​ទូរស័ព្ទ​របស់​លោក David Emmett នាយក​ប្រចាំ​តំបន់​របស់ CI បាន​ដាក់​ទូរស័ព្ទ​ចុះ ​ពេល​ឮ​ថា ជា​អ្នក​កាសែត មុន​ពេល​បិទ​ទូរស័ព្ទ។
អ្នក​ស្រាវ​ជ្រាវ​អនាមិក បាន​ថ្លែង​ថា CI ស្ថិត​ក្នុង​ទីតាំង​ពិបាក ធ្វើ​សកម្មភាព ប្រឆាំង​នឹង​បុគ្គល​មាន​អំណាច ​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត ជាមួយ​រដ្ឋាភិបាល​ ដែល​មិន​អត់​ឱន​ឲ្យ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ណា ​ដែល​រិះ​គន់​ជា​សាធារណៈ​ឡើយ។
លោក​បន្ត​ថា៖​«បញ្ហា​សំខាន់​មួយ​នៅ​ទី​នេះ​ ដែល​ធ្វើ​ឲ្យ​ករណី​នេះ​ លេច​ធ្លោ​ជាង​តំបន់​ព្រៃ​ដទៃ​ទៀត​ នៅ​កម្ពុជា​គឺ​ថា អ្នក​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរ​ជាតិ​ធំ​មួយ​ដែល​កំពុង​ទទួល​បាន​មូលនិធិ​ពី​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ ដើម្បី​ការពារ​ព្រៃ​ឈើ​តំបន់​នេះ»​។
លោក មាស ចន្ទ អាយុ ៤២ ឆ្នាំ​ ជា​ប្រធាន​ភូមិ​ព្រិច​ ក្បែរ​ខាង​នោះ ​បាន​បន្ទាប​ទំហំ​នៃ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ ក្នុង​តំបន់​នេះ ប៉ុន្តែ​បាន​ឯកភាព​ថា CI ពុំ​មាន​សកម្ម​ភាព​លើ​បញ្ហា​នេះ​ឡើយ។ លោក​បាន​ថ្លែង​ថា៖​«អង្គការ​នេះ​ ពុំ​បាន​និយាយ​អ្វី ពី​បញ្ហា នឹង​ក្រុមហ៊ុន​នេះ​ឡើយ»។

ចំណែក​ដ៏​តូច​មួយ
ស្ទឹងតាតៃ ​ពុំ​មែន​ជា​គម្រោង​កាប់​រាន​ព្រៃ​ឈើ​ សម្រាប់​ធ្វើ​ទំនប់​តែ​មួយ ​នៅ​តំបន់​ភ្នំ​ក្រវាញ​ ជា​ទី​ដែល CI បាន​ចោទ​ទៅ​លើ​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ ក្នុង​ទ្រង់​ទ្រាយ​មិន​ធំ​ឡើយ។
កាល​ពី​ឆ្នាំ ២០០៩ លោក អ៊ុក គឹមសាន្ត មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ ធ្វើ​ការ​ឲ្យ CI ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​​គាត់​ ត្រូវ​បាន​ប្រទះ​ឃើញ​ទម្លាក់​ឈើ​ប្រណីត​ តម្លៃ​រាប់​សិប​ពាន់​ដុល្លារ​ នៅ​ព្រំ​ដែន​វៀតណាម ​ក្នុង​ខេត្ត​តាកែវ។
បទ​ល្មើស​ឈើ​គ្រញូង​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​កម្ម​វិធី​អភិរក្ស​ព្រៃ របស់ CI នៅ​ក្បែរ​ទំនប់​ស្ទឹងអាតៃ ជា​ទី​ដែល​ក្រុមហ៊ុន MDS Import Export ទទួល​បាន​អាជ្ញា​ប័ណ្ណ​ ឲ្យ​កាប់​ឈើ​ពី​តំបន់​អាង​ស្តុក​ទឹក។
លោក Jeremy Ironside អ្នក​ពិគ្រោះ​យោបល់​ របស់​អង្គការ Flora and Fauna International ដែល​ធ្វើ​ការ​នៅ​ឃុំ​អូរសោម ខេត្ត​កោះកុង​ តាំង​ពី​ឆ្នាំ ២០០២ បាន​និយាយ​ថា ក្រៅ​ពី​ធ្វើ​ការងារ​របស់​ពួក​គេ MDS បាន​កាប់​បំផ្លាញ​ឈើ​ប្រណីត​ ពី​តំបន់​ព្រៃ​អភិរក្ស​នៅ​ក្បែរ​នោះ។ លោក​ថ្លែង​ថា៖​«ពួក​គេ​ ចូល​មក​ដោយ​ធ្វើ​ជា​កាប់​រាន​ព្រៃ​ឈើ​ធ្វើ​​អាងទឹក​ ប៉ុន្តែ​តាម​ពិត គឺ​កាប់​ផ្តួល​ឈើ​ប្រណីត​ពី​តំបន់​ព្រៃ​នោះ។ ខ្ញុំ​ពុំ​ឃើញ​មាន​ការ​កាប់​រាន សម្រាប់​អាង​ទឹក​ឡើយ»។
លោក​បន្ត​ថា៖ ​«ការ​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​របស់​អង្គការ​អភិរក្ស​ ទៅ​នឹង​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នោះ ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់»។
អ្នក​ស្រាវ​ជ្រាវ​អនាមិក​ម្នាក់​ បាន​និយាយ​ថា ឈើ​ប្រណីត​កាប់​ខុស​ច្បាប់​ តម្លៃ​សរុប​ចន្លោះ​ពី ៤ ទៅ ៨ ម៉ឺន​ដុល្លារ​ កំពុង​ត្រូវ​បាន​ដឹក​ចេញ​ តាម​ផ្លូវ​ចំនួន ៤ ចេញ​ពី CCPF ពី​ឃុំ​អូរ​សោម ស្រុក​ថ្ម​បាំង រលាក់​កង​ជើង ឃុំ​មុង​គ្រី​កាត់ តាម​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​របស់ CI ជា​រៀង​រាល់​ថ្ងៃ៕ 



ភ្នំពែញប៉ុស្តិ៏

No comments:

Post a Comment

yes