អ្នកមកពីវិស័យធនាគារដ៏តូចចង្អៀតរបស់កម្ពុជាក៏បានស្វាគមន៍ចំពោះការមកដល់របស់ធនាគារថ្មីនេះដែរ។
ធនាគារ MB បានចុះបញ្ជីដើមទុន ៣៩លានដុល្លារ នៅធនាគារជាតិ(NBC) ខណៈ NBC តម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ដាក់ប្រាក់តម្កល់នៅធនាគារជាតិ យ៉ាងហោច ៣៧,៥លានដុល្លារ។
មន្ត្រីធនាគារនេះបានឲ្យដឹងថា MB មានគម្រោងផ្តល់ប្រាក់កម្ចីចំនួន២០០លានដុល្លារក្នុងរយៈពេល១២ខែក្រោយ។
ក្នុងពិធីបើកសម្ពោធធនាគារ MB នៅអគារភ្នំពេញ ថាវវើល កាលពីម្សិលមិញ លោក Le Cong អគ្គនាយក របស់ MB បានឲ្យដឹងថា៖ «យើងគិតថា បរិយាកាសកម្ពុជាពិតជាល្អខ្លាំងណាស់ ហើយទីនេះនៅមានឱកាសរីកចម្រើនតទៅមុខទៀត នាពេលអនាគត»។
ការមកដល់របស់ MB ឆ្លុះបញ្ចាំងឲ្យឃើញថា ចំនួនធនាគារពាណិជ្ជនៅកម្ពុជា បានកើនឡើងដល់៣៣ធនាគារហើយ ដោយក្នុងនោះធនាគារចំនួន៥ បានបើកសាខានៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ។
អ្នកមកពីវិស័យធនាគារនៅកម្ពុជាលើកឡើងផ្សេងៗគ្នាចំពោះការមក ជាបន្តបន្ទាប់របស់ធនាគារបរទេសក្នុងទីផ្សារកម្ពុជា។
ទស្សនវិស័យចំពោះវិស័យនេះ មានភាពខុសគ្នាខ្លាំងរវាងកំណើនការប្រកួតប្រជែងក្នុងទីផ្សារ ដែលនៅមានកម្រិត និងអត្ថប្រយោជន៍ ដែលទទួលបាននៅពេលដៃគូប្រកួតប្រជែងកាន់តែច្រើនឡើងៗ។
លោក Jang Ki-Sung ប្រធាន និងជា អគ្គនាយកធនាគារ Kookmin របស់កូរ៉េខាងត្បូងនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា៖ «យើងមានដៃគូប្រកួតប្រជែងច្រើនពេក ក្នុងវិស័យធនាគារ និងអាជីវកម្មហិរញ្ញវត្ថុ ហើយការប្រកួតប្រជែងនេះកាន់តែមានភាពតានតឹងទៅៗ»។
លោកបន្តថា ការផ្តោតជាសំខាន់របស់ធនាគារពាណិជ្ជកម្មនៅកម្ពុជា និង NBC គឺការអនុញ្ញាតឲ្យធនាគារ ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា មានចំណែកទីផ្សារកើនឡើង ពិសេសដោយសារទីផ្សារនៅទីនេះ មិនទាន់មានការរីកចម្រើន។
លោកថ្លែងថា៖ «អតិថិជនរបស់ធនាគារនីមួយៗ និងចំណែកទីផ្សារហិរញ្ញវត្ថុជារួម នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា»។ លោកបន្ថែមថា ធនាគារទាំងនោះមានឱកាសរីកចម្រើនជាច្រើន។
ប៉ុន្តែអ្នកជំនាញមួយចំនួន កត់សម្គាល់ថា តួនាទីដ៏សំខាន់របស់ក្រុមហ៊ុនអន្តរជាតិនៅទីនេះគឺការលើក កម្ពស់ប្រតិបត្តិការ និងសមត្ថភាពធនាគារនៅកម្ពុជា។
លោក Hiroshi Suzuki អគ្គនាយក និងជាប្រធានសេដ្ឋវិទូប្រចាំនៅវិទ្យាស្ថានស្រាវជ្រាវអាជីវកម្ម កម្ពុជា បានចង្អុលបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) បានមកពីកម្ចីផ្តល់ដោយធនាគារទាំងនោះបន្ថែមពីលើកំណើនប្រាក់ បញ្ញើ និងប្រាក់កម្ចីប្រហែល ២០ ទៅ ៣០ភាគរយមួយឆ្នាំៗ។ លោកបន្តថា ធនាគារទាំងនោះទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនឡើងៗ។
លោក Hiroshi Suzuki បានឲ្យដឹងថា ធនាគារទាំងនោះនាំមកនូវប្រភពធនធានដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេសទិន្នន័យស្តីពីការវិនិយោគ ខណៈទិន្នន័យផ្ទាល់របស់កម្ពុជា មិនទាន់គ្រប់គ្រាន់។
លោកថ្លែងថា៖ «ធនាគារទាំងនោះ មិនត្រឹមតែផ្តល់ប្រភពលុយប៉ុណ្ណោះទេ ថែមទាំងផ្តល់ព័ត៌មានល្អៗ មានសាៈសំខាន់សម្រាប់អាជីវកម្មជារួមផងដែរ»៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes